ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Donald Trump​​ ពង្រីក​ការលើក​លែង​ពន្ធ​លើការ​នាំចេញ​អាលុយមីញ៉ូម​និង​ដែក


លោក​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ជាតិ​អាមេរិក Steven Mnuchin ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

លោក ​Donald Trump​ ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​​កំពុង​ពង្រីក​ការលើក​លែង​ពន្ធ​លើការ​នាំចេញ​អាលុយមីញ៉ូម​និង​ដែកពី​សហភាព​អឺរ៉ុប​ កាណាដា​ និង​ម៉ិកស៊ិក​យ៉ាងហោច​ណាស់​មួយខែ​ទៀត។ ​ការ​លើកលែង​ពន្ធជា​បណ្តោះ​អាសន្ន​សម្រាប់​ប្រទេស​ប្រទេស​ចិន ​ជប៉ុន ​និង​រុស្ស៊ីត្រូវ​ផុត​កំណត់​កាលពី​ថ្ងៃ​អង្គារ។ ​ ប៉ុន្តែ​សេតវិមាន​និយាយ​ថា ​ខ្លួនទុក​ពេល​៣០​ថ្ងៃទៀត​សម្រាប់​ការ​ចរចា​ដើម្បី​ធ្វើកិច្ច​ព្រមព្រៀង។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពីថ្ងៃអង្គារ​ គណៈកម្មការ​អឺរ៉ុប​បាន​រិះគន់ការ​ពន្យារ​ពេលជា​បណ្តោះ​អាសន្នដោយ​និយាយ​ថា​ សហភាព​អឺរ៉ុប​មាន​ឆន្ទៈ​ចង់ពិភាក្សា​អំពី​បញ្ហានេះ ​តែនឹង «មិន​ចរចា​ក្រោម​ការ​គំរាម​កំហែង»។​

លោក ​Trump​ បានហៅ​បញ្ហា​ពន្ធគយ​ថា​ ជាបញ្ហា​សន្តិសុខជាតិ ​ដោយ​សារការ​ផលិត​ច្រើន​ដោយ​ប្រទេស​មួយចំនួន​ធ្វើឱ្យ​ការនាំ​ចេញរបស់​សហ​រដ្ឋ​អាមេរិក​កាន់តែថ្លៃ ​និងមិន​ចង់បាននៅលើ​ទីផ្សារ​សកល។​ សេតវិមាន​ក៏បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួនបាន​ឈានទៅ​ដល់​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ស្តីពីការ​នាំចេញ​ដែកថែប​ជាមួយ​កូរ៉េខាង​ត្បូង ​ដោយ​ផ្តល់ការលើក​លែង​ជា​អចិន្ត្រៃយ៍​និង​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​គោលការណ៍​ជាមួយ​អាហ្សង់ទីន​ អូស្ត្រាលី ​និង​ប្រេស៊ីល។​

កាលពី​ខែមីនា​ លោក ​Trump ​បាន​កំណត់ពន្ធ​២៥%លើ​ដែកថែប​និង​១០​ភាគ​រយលើ​អាលុយមីញ៉ូម​សម្រាប់​ការនាំចូល​ពីប្រទេស​ចិន ​ រុស្ស៊ី ​ជប៉ុន និង​ប្រទេស​ផ្សេង​ទៀត ​ចំពោះអ្វី​ដែល​លោក​និយាយ​ថា ជា​សំណង​សម្រាប់​ការ​ប្រកួត​ប្រជែង​មិន​យុត្តិធម៌។ ​

លោក ​Steven Mnuchin​ រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​និង​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​ផ្សេង​ទៀត​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ​សម្រាប់​កិច្ចពិភាក្សា​ពាណិជ្ជ​កម្ម។ ​លោក Justin Trudeau​ នាយក​រដ្ឋមន្ត្រី​កាណាដា​ បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ​ការដាក់​ពន្ធលើដែក​ថែប​និង​អាលុយមីញ៉ូម​របស់​កាណាដា​នឹង​ក្លាយជា​ការរំខាន​ដ៏ធំមួយ​ដល​ឧស្សាហកម្ម​អាមេរិក​និង​កាណាដា​ពីព្រោះ​រោងចក្រ​ផលិត​រថយន្ត​និងយន្តហោះ​ចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក​និង​កាណាដា​មាន​ចំណង​ទាក់ទង​គ្នា​ជិតស្និទ្ធ។​ លោកស្រី Angela Merkel​ អធិការបតី​អាល្លឺម៉ង់ ​ព្រមាន​អំពី​សង្គ្រាម​ពាណិជ្ជ​កម្ម បើសិន​អាមេរិក​មិន​បាន​ផ្តល់ការ​លើកលែង​ពន្ធ​ជា​អចិន្ត្រៃយ៍​ដល់​សហ​ភាព​អឺរ៉ុប៕

XS
SM
MD
LG