ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានច្រានចោលសំណួរដែលមិនពាក់ព័ន្ធអំពីថាតើការគំរាមកំហែងរបស់មេបញ្ជាការកងកម្លាំង Quds អ៊ីរ៉ង់ លោក Qassem Soleimani ប៉ះពាល់ដល់អត្ថប្រយោជន៍របស់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ាដល់កម្រិតណា បានជាលោក Trump បញ្ជាឲ្យបើកការវាយប្រហារតាមអាកាសសម្លាប់លោក Soleimani។
លោក Trump មិនបានផ្តល់ភស្តុតាងគាំទ្រដល់ការអះអាងរបស់លោកដែលថា លោក Soleiman មានគម្រោងបំផ្លាញស្ថានទូតសហរដ្ឋអាមេរិកចំនួន៤កន្លែងបន្ទាប់ពីក្រុម មន្រ្តីសហរដ្ឋអាមេរិកសំខាន់ៗមិនផ្តល់អត្ថាធិប្បាយអំពីការគំរាមកំហែងដូចនេះកាលពីថ្ងៃអាទិត្យ។ លោក Trump បានបង្ហោះសារនៅលើ Twitter ថា «បណ្តាញសារព័ត៌មានសហរដ្ឋអាមេរិក និងគណបក្សប្រជាធិបតេយ្យដែលជាដៃគូរបស់ពួកគេកំពុងធ្វើការយ៉ាងខ្លាំងដើម្បីកំណត់ថាតើការគំរាមកំហែងនៅពេលខាងមុខដោយភេរវករ Soleimani គឺជាការគំរាមកំហែងធ្ងន់ធ្ងរឬក៏អត់។ ចម្លើយគឺពិតជាធ្ងន់ធ្ងរណាស់ ប៉ុន្តែវាមិនមែនជាបញ្ហាចោទទេឥឡូវនេះ ពីព្រោះថាវាក្លាយជាអតីតកាលទៅហើយ»។
លោក Trump បានរិះគន់គណបក្សប្រជាធិបតេយ្យ និងបណ្តាញផ្សព្វផ្សាយ ថាកំពុងព្យាយាមធ្វើឲ្យភេរវករ Soleimani ក្លាយជាបុគ្គលអស្ចារ្យ ដោយសារថាអ្វីដែលខ្ញុំបានធ្វើ គួរតែត្រូវធ្វើតាំងពី២០ឆ្នាំមុនមកម្ល៉េះ។ អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ មិនថាការពង្រឹងសេដ្ឋកិច្ច យោធា ឬអ្វីៗផ្សេងទៀតទេ គឺនឹងរងការរិះគន់ពីក្រុមឆ្វេងនិយម គណបក្សប្រជាធិបតេយ្យដែលមិនធ្វើអ្វីទាល់តែសោះ»។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីការពារជាតិលោក Mark Esper បានថ្លែងនៅក្នុងកម្មវិធី Face the Nation នៃសារព័ត៌មាន CBSថា «ខ្ញុំមិនឃើញពីព័ត៌មានសម្ងាត់អំពីការ គំរាមកំហែងធ្ងន់ធ្ងររបស់អ៊ីរ៉ង់ទៅលើស្ថានទូតអាមេរិកទាំងបួនកន្លែងនោះទេ ប៉ុន្តែខ្ញុំជឿលោកប្រធានាធិបតី Trump ពេលលោកនិយាយថាមានការគំរាមកំហែង»៕