ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់អញ្ជើញទីភ្នាក់ងារអាមេរិកចូលរួមស៊ើបអង្កេតការធ្លាក់យន្ដហោះ


យន្ត​ហោះ​ Boeing 737-800 បាន​ធ្លាក់​បន្ទាប់​ពី​បាន​ហោះ​ឡើង​ពី​ព្រលាន​យន្ត​ហោះ​ទីក្រុង​តេហេរ៉ង​ ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ពុធ។ មនុស្ស​ ១៧៦ នាក់ នៅ​លើ​យន្ត​ហោះនោះ​បាន​ស្លាប់។

អ៊ីរ៉ង់​បាន​អញ្ជើញ​ក្រុម​ប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន​អាមេរិក​ដែល​ជា​ទីភ្នាក់ងារ​របស់​អាមេរិកស៊ើប​អង្កេត​គ្រោះ​ថ្នាក់​ ឲ្យចូល​រួម​ស៊ើប​អង្កេត​ការធ្លាក់​យន្ដហោះ ​Boeing ​របស់​អាកាសចរ​អ៊ុយក្រែន​នៅ​ក្បែរទីក្រុង​តេរ៉ង់​ កាល​ពីដើម​សប្តាហ៍​នេះ។

ទីភ្នាក់ងារ​ស៊ើបអង្កេត​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​បាន​ទទួល​ការ​ជូន​ដំណឹងជា​ផ្លូវការ​ពី​ក្រុមប្រឹក្សា​ស៊ើប​អង្កេត​គ្រោះ​ថ្នាក់​យន្ដហោះ​នៃ​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​ហើយ ហើយកំពុង​បញ្ជូន​«អ្នក​តំណាង​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដើម្បី​ស៊ើប​អង្កេត​ការ​ធ្លាក់​នេះ»។​

អ៊ីរ៉ង់​ក៏​បាន​អញ្ជើញ​ក្រុមហ៊ុន​ Boeing​ ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាមេរិក​ចូល​រួមក្នុង​ក្រុម​ស៊ើប​អង្កេត​ដែរ។​

យ៉ាងណា​ក៏ដោយ ​គេមិន​ទាន់ដឹង​ច្បាស់​ថា ​តើការ​ចូលរួម​របស់​អង្គភាព​អាមេរិក​ទាំង​ពីរ​នឹង​មាន​សិទ្ធិ​កម្រិត​ណា​នៅក្នុង​ការស៊ើប​អង្កេត​នោះ​ ព្រោះ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់​និង​មាន​ភាពតាន​តឹង​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។​ អ៊ុយក្រែន​ក៏ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ដែរ។​

ព័ត៌មាន​នេះលេច​ឡើង​ នៅ​ពេល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ត្រាំ​បាន​សម្តែង​ការ​សង្ស័យ​ជាសាធារណៈ​ថា​ ​អ៊ីរ៉ង់ប្រហែល​ជាបាន​បាញ់​ទម្លាក់​យន្ដហោះ​ដឹកអ្នក​ដំណើរ​អ៊ុយក្រែន​ដោយ​ចៃដន្យ។ ​

លោក​ ត្រាំ ​បាន​និយាយ​ថា​«អាចមាន​អ្នក​ណាម្នាក់​ធ្វើ​កំហុស។ ​អ្នក​ខ្លះ​និយាយ​ថា​ មក​ពីបញ្ហា​មេកានិច។​ ខ្ញុំ​គិត​ថា​ មិន​គួរ​ឲ្យ​ឆ្ងល់»។

ការ​ធ្លាក់​យន្តហោះនេះ​បាន​កើត​ឡើង​តែប៉ុន្មាន​ម៉ោង​បន្ទាប់​ពីអ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីលផ្លោង​ទៅ​លើមូលដ្ឋាន​អាកាស​នៅ​អ៊ីរ៉ាក់​ ដែល​មាន​ទាហាន​អាមេរិក​ដើម្បី​សងសឹក​ការវាយ​ប្រហារ​ដោយ​យន្តហោះគ្មាន​មនុស្សជិះ​របស់​សហ​រដ្ឋ​អាមេរិក​កាល​ពីសប្តាហ៍​មុន​ដែល​បាន​សម្លាប់​មេបញ្ជា​ការ​កងទ័ព​អ៊ីរ៉ង់​គឺ​លោក​ Qassem Soleimani។

​ក្រុម​មន្ត្រី​អ៊ីរ៉ង់​បាន​រក្សា​ជំហរ​ថា​ យន្ដហោះ​ Boeing ​ដែល​ហោះ​កម្ពស់​២​ពាន់​៤០០​ម៉ែត្រនេះ​ធ្លាក់​ដោយ​សារ​ម៉ាស៊ីនខូច។​មនុស្ស​ចំនួន​១៧៦​នាក់​នៅ​លើ​យន្ដហោះ​នោះ​បាន​ស្លាប់​ទាំង​អស់៕​

XS
SM
MD
LG