ឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់សារភាពថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនដោយចៃដន្យកាលពីដើមសប្តាហ៍នេះ។
លោក Amirali Hajizadeh មេបញ្ជាការដែនអាកាសរបស់ឆ្មាំការពារបដិវត្តិន៍អ៊ីរ៉ង់ បាននិយាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ថា «ខ្ញុំទទួលខុសត្រូវទាំងស្រុង ហើយខ្ញុំ នឹងគោរពទៅតាមការសម្រេច»។ លោកនិយាយទៀតថា លោកប្រាថ្នាថា លោកចង់ស្លាប់នៅពេលដែលលោកបានដឹងអំពីជោគវាសនារបស់យន្តហោះនោះ។
លោក Hajizadeh បាននិយាយទៀតថា «នៅយប់នោះ យើងមានការប្រុងប្រៀបដើម្បីធ្វើសង្គ្រាម»។ លោកនិយាយបន្តទៀតថា ឆ្មាំការពារបដិវត្តន៍បានសុំឲ្យលប់ចោលជើងយន្តហោះពាណិជ្ជកម្ម ក៏ប៉ុន្តែ សំណើរនោះមិនត្រូវបានគេធ្វើតាម។
កាលពីព្រឹកថ្ងៃសៅរ៍ លោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានអំពាវនាវឲ្យមានចម្លើយសារភាពពេញលេញអំពីកំហុសនៃការធ្លាក់យន្តហោះដែលបានសម្លាប់មនុស្ស ១៧៦នាក់នៅលើយន្តហោះនោះ។
លោកប្រធានាធិបតី Volodymyr Zelenskiy នៃប្រទេសអ៊ុយក្រែន និយាយថាលោកក៏ចង់ឲ្យមាន «ការបើកការស៊ើបអង្កេតឲ្យបានពេញលេញនិងជាចំហរ នាំពួកអ្នកទទួលខុសត្រូវនៃការបាញ់ទម្លាក់យន្តហោះនោះឡើងតុលាការ ប្រគល់សាកសពរបស់អ្នកស្លាប់ សងជំងឺចិត្ត សុំទោសជាផ្លូវការតាមរយៈបណ្តាញការទូត»។
លោក Zelenskiy និយាយក្រោយមកថា អ៊ីរ៉ង់ បានផ្តល់រូបថត វីដេអូនិងឧប្បករណ៍ផ្សេងទៀតល្មមគ្រប់គ្រាន់ពីការធ្លាក់នោះ ដើម្បីមើលឃើញថា ការស៊ើបអង្កេត នឹងត្រូវធ្វើឡើងភ្លាមៗជាបន្ទាន់។
នាយករដ្ឋមន្រ្តីប្រទេសកាណាដាលោក Justin Trudeau បានទាមទារឲ្យមានតម្លាភាពនិងយុត្តិធម៌សម្រាប់ក្រុមគ្រួសារនិងអ្នកជាទីស្រឡាញ់របស់ជនរងគ្រោះ។ អ្នកដំណើរភាគច្រើនជានជាតិកាណាដាដើមកំណើតអ៊ីរ៉ង់។ ការណ៍នេះ ជាសោកនាដកម្មជាតិមួយ ហើយពលរដ្ឋកាណាដាទាំងអស់កំពុងកាន់ទក្ខជាមួយគ្នា៕