លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានពង្រឹងការនិយាយអះអាងរបស់លោកដែលថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកចេញពីតំណែងជាឧបកថាមួយទៀតនៃរឿងផ្សងព្រេងវែងមួយរបស់ពួកអ្នកប្រឆាំងនឹងលោកខាងនយោបាយដើម្បីរារាំងលោកមិនឱ្យឈ្នះឆ្នោតនិងដើម្បីទម្លាក់តំណែងប្រធានាធិបតីរបស់លោក។
មួយថ្ងៃបន្ទាប់ពីពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានបញ្ចប់សប្តាហ៍ទីពីរនៃសវនាការសាធារណៈជាមួយពួកមន្ត្រីសេតវិមាន និងមន្ត្រីឯទៀតៗនៃរដ្ឋបាល ត្រាំ លោកប្រធានាធិបតីបានចោទប្រកាន់ជាថ្មីប្រឆាំងនឹងពួកប្រជាធិបតេយ្យនៅក្នុងសេចក្តីសម្ភាសន៍តាមទូរស័ព្ទដោយផ្ទាល់ជិតមួយម៉ោងជាមួយកម្មវិធីទូរទស្សន៍ Fox News។
នៅពេលនិយាយជាមួយអ្នករៀបចំកម្មវិធី Fox and Friends លោក ត្រាំ បាននិយាយជាថ្មីទៀតអំពីការនិយាយអះអាងកាលពីពេលមុនៗថា ពួកប្រជាធិបតេយ្យបានយកការឃោសនាបោះឆ្នោតរបស់លោកជាទីដៅនៃការវាយប្រហារតាមពា្យសម្តីចាប់តាំងពីពេលចាប់ផ្តើមម៉្លេះ ដោយលោកបានសម្តែងការសង្ស័យថា សេតវិមាននៅពេលលោក បារ៉ាក់អូបាម៉ា កាន់តំណែងជាប្រធានាធិបតីអាមេរិកាំងមានការទាក់ទិននឹងការប៉ុនប៉ងទាំងនេះ។
លោក ត្រាំ បាននិយាយថា៖ «លោកអ្នកមានការទាក់ទិនជាមួយកម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាល។ ពួកគេបានធ្វើចារកម្មលើការឃោសនាបោះឆ្នោតរបស់ខ្ញុំ»។
ប្រធានាធិបតី ត្រាំ បានធ្វើការចោទប្រកាន់កាលពីពេលមុនថា សេតវិមាននៅក្នុងអណត្តិលោកអូបាម៉ា បានលួចថតសំឡេងការនិយាយទួរស័ព្ទដោយពួកមន្ត្រីធ្វើការឃោសនាបោះឆ្នោតឱ្យលោក ដោយគ្មានបង្ហាញភ័ស្តុតាងអ្វីឡើយ។
គេរំពឹងថាក្រសួងយុត្តិធម៌នឹងចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី៩ ខែធ្នូស្តីពីការស៊ើបអង្កេត ថាតើការស៊ើបអង្កេតរបស់ FBI អំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតក្នុងប្រទេសអាមេរិកបានចាប់ផ្តើមធ្វើដោយបែបណា៕