ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​ខ្វែង​គំនិត​គ្នា​អំពី​សវនាការ​លើ​ការស៊ើប​អង្កេត​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី


អ្នកស្រី Jennifer Williams ជំនួយការ​របស់​អនុប្រធានាធិបតី​លោក Mike Pence (រូប​ឆ្វេង) និង​លោក Alexander Vindman ជំនួយការ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ស្បថ​ដើម្បី​ផ្តល់​សក្ខីកម្ម នៅ​ក្នុង​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពលរដ្ឋ​អាមេរិកាំង​រាប់លាននាក់​បាន​តាមដាន​សវនាការ​របស់​សភា​តំណាងរាស្ត្រ​អាមេរិក​លើ​ករណី​ស៊ើបអង្កេត​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង។ អ្នកបោះឆ្នោត​មួយ​ចំនួន​គាំទ្រ​ដំណើរការ​ស៊ើបអង្កេត​នេះ​ហើយ​មួយ​ចំនួន​ទៀត​យល់ស្រប​ជាមួយ​នឹងលោក Trump​ ថា​ដំណើរកា​រនេះ​គឺ​ជា​ហេតុផល​នយោបាយ​តែ​ប៉ុណ្ណោះ។

នៅក្នុង​បញ្ហា​ពាក់ព័ន្ធ​នឹង​ដំណើរការ​សវនាការ​កាល​ពីថ្ងៃពុធ​ និង​ថ្ងៃសុក្រ​សប្តាហ៍​មុន​អំពី​ថាតើ​លោក Trump ពិត​ជា​បាន​បញ្ជា​ឲ្យ​ផ្អាក​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ឲ្យ​អ៊ុយក្រែន​ស៊ើបអង្កេត​នៅ​ក្នុង​ពាណិជ្ជកម្ម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កូនប្រុស​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គូប្រជែង​នយោបាយ​របស់​លោកTrump ​ដែរ​ឬ​យ៉ាងណា។ លោក Trump បាន​ហៅ​ការស៊ើប​អង្កេត​ចោទ​ប្រកាន់​លោក ​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ។ លោកប្រធានាធិបតី Donald Trump បានថ្លែងថា៖ «មិន​ដែល​មាន​រឿង​អាម៉ាស​ដូចនេះ​កើត​ឡើង​ទេ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​របស់​យើង»។

លោក Ted មក​ពី​ទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន​ យល់ស្រប​នឹង​ការ​លើក​ឡើង​របស់ លោក Trump ដោយ​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ ហើយ​ខ្ញុំ​គិត​ថា​វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ។ វា​ធ្វើ​ឲ្យ​មនុស្ស​មិន​ទុក​ចិត្ត​បណ្តាញ​ផ្សព្វផ្សាយ​ និង​មិន​ទុកចិត្ត​លើអ្នក​នយោបាយ»។

អ្នក​រិះគន់​លោក Trump ម្នាក់​គិត​ថា​សវនាការ​នេះ​មាន​សារៈសំខាន់។ លោក Kent Braithwaite មក​ពីរដ្ឋ California មក​មើល​សវនាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​តែ​បង្ហាញ​ការគាំទ្រ​របស់​យើង​ចំពោះ​តម្លៃ​ប្រជាធិបតេយ្យ​ និង​តម្លៃ​របស់​អាមេរិក‍»។

ក្រុមនិស្សិត​នៅ​ឯ​សាកលវិទ្យាល័យ Southern California បាន​មើល​សវនាការ​នេះ​តាម​ទូរទស្សន៍​ដូច​មនុស្ស​រាប់លាននាក់​ទៀត​នៅ​ទូទាំង​ប្រទេស។

នាង Catherine Orihuela ដែល​ជា​និស្សិត​ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​ទើប​គ្រប់​អាយុ​អាច​បោះឆ្នោត​បាន​នៅ​ឆ្នាំ​នេះ។ ខ្ញុំ​កំពុង​ព្យាយាម​ស្វែង​យល់​បន្ថែមអំពី​ដំណើរការ​បោះឆ្នោត​ ជាពិសេស​គឺ​អំពី​ដំណើរ​ស៊ើបអង្កេត​ចោទ​ប្រកាន់​ប្រធានាធិបតី​នេះ​ថាតើ​នឹង​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ»។

សម្រាប់​មនុស្ស​មួយ​ចំនួន​យល់​ថា​វា​គឺ​ជា​ឈុតឆាក​នយោបាយ។ John Ricker​ ជា​និស្សិត​ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នា​ពេល​ថ្មីៗ​នេះ​និយាយ​ថា៖ «ខ្ញុំ​ចូលចិត្ត​មើល​សវនាការ។ វា​ល្អ​មើល​ណាស់» ។

សម្រាប់​អ្នកផ្សេង​ទៀត​យល់​ថា​ វា​ជា​ឱកាស​ដើម្បី​បំបែក​ការពិត​ចេញ​ពី​មនោសញ្ចេតនា។ និសិ្សត​ឈ្មោះ Alexia Nutting និយាយ​ថា៖ «ខ្ញុំពិត​ជា​កំពុង​ផ្តោត​ខ្លាំង​លើ​ភស្តុតាង​ដែល​ត្រូវ​បាន​បង្ហាញ​ និង​សាក្សី​នានា​ នៅក្នុង​សវនាការ។ ខ្ញុំ​មិន​ផ្តោត​លើ​ការ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ទេ‍»។

ពលរដ្ឋអាមេរិកាំង​៥០ភាគ​គាំទ្រ​ដំណើរការ​ស៊ើបអង្កេត​នេះ​ ហើយ​ជាង៤០ភាគរយ​ទៀត​ប្រឆាំង​នឹង​ដំណើរការ​នេះ។ នេះ​គឺ​ជា​ដំណើរការ​ស៊ើបអង្កេត​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង​លើកទីបី​ហើយ​ ដែល​ប្តី​ប្រពន្ធ​មួយគូ​បាន​ដឹង​ឮ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ អ្នកស្រី Regina ដែល​ជា​ភរិយា​ថ្លែង​ថា៖ «យើង​បាន​ឆ្លង​កាត់​រឿង​នេះ​តាំង​ពី​ជំនាន់​រឿងក្តី Watergate មក​ម៉្លេះ»។

ចំណែក​ឯលោក Jay Rice ដែល​ជា​ស្វាមី​បាន​ថ្លែង​ថា៖ «យើង​មិន​បាន​មក​មើល​សវនាការ​ស៊ើបអង្កេត​លើ​អតីតប្រធានាធិបតី​លោក Nixon​ និង​លោក Clinton ទេ។ តែ​លើក​នេះ​យើង​គិត​ថា​យើង​គួរ​តែ​មក​មើល»។

ការ​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​តម្រូវ​ឲ្យ​រដ្ឋសភា​អនុម័ត​លើ​បទ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ និង​ការ​ផ្តន្ទាទោស​នៅ​ក្នុង​ព្រឹទ្ធសភា​ ដែល​ទំនង​ជា​នឹង​មិន​ទទួល​បាន​ការផ្តន្ទាទោស​នេះ​ទេ ដោយសារ​តែ​នៅ​ព្រឹទ្ធសភា​មាន​សមាជិក​ភាគច្រើន​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ៕​

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG