នៅពេលដែលប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ សញ្ជឹងគិតខ្លាំងអំពីលទ្ធភាពនៃការវាយប្រហារយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ពួកយោធារបស់គាត់ជាមួយប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនបានបង្ហាញកម្លាំងរួមគ្នាប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយបានធ្វើសមយុទ្ធបាញ់កាំជ្រួចមីស៊ីល នៅក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រខាងកើតនិងខាងលិចនៃឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារម្សិលមិញ។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានថា ដោយបានជួបជាមួយពួកសមាជិកនៃក្រុមសន្តិសុខជាតិរបស់គាត់ លោក ត្រាំ បានពិភាក្សាអំពីជម្រើសមួយចំនួនដើម្បីឆ្លើយតបនឹងទម្រង់ណាមួយនៃអំពើឈ្លានពានរបស់ប្រទេសកូរ៉េខាងជើងឬ ប្រសិនបើជាការចាំបាច់ រារាំងប្រទេសកូរ៉េខាងជើងមិនឱ្យគំរាមកំហែងស.រ.អា.និងពួកសម្ព័ន្ធមិត្តរបស់អាមេរិកាំងដោយអាវុធបរមាណូ។
លោក Daniel Pinkston ជាអ្នកវិភាគខាងសន្តិសុខតំបន់នៅឯសាកលវិទ្យាល័យ Troy ក្នុងក្រុងសេអ៊ូល។ លោកបាននិយាយថា៖ «ខ្ញុំយល់ថានេះជាការនិយាយយោងដល់ការទប់ទល់ជាមុនដល់ការវាយប្រហារបរមាណូរបស់កូរ៉េខាងជើង»។
បើតាមសេតវិមានថានៅក្នុងការប្រជុំគ្នានោះ ប្រធានាធិបតី ត្រាំ បានស្តាប់ការនិយាយត្រួសៗដោយលោករដ្ឋមន្ត្រីការពារប្រទេស.រ.អា. James Mattis និងលោកឧត្តមសនីយ៍ Joseph Dunford ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា.។
ការប្រជុំគ្នានេះស្របពេលគ្នាជាមួយសមយុទ្ធពីរដោយមានបាញ់កាំជ្រួច មីស៊ីល ពីកងយន្តហោះចម្បាំងនៅពីលើលំហសមុទ្រនៃសមុទ្រជប៉ុននិងសមុទ្រលឿង ដោយកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនិងកងយន្តហោះប្រតិកម្មប្រយុទ្ធរបស់ពួកសម្ព័ន្ធមិត្ត។
បើតាមក្រសួងកាពារប្រទេសស.រ.អា. បានឲ្យដឹងថា សមយុទ្ធទាំងនេះជាសមយុទ្ធរួមគ្នានៅពេលយប់លើកទីមួយក្នុងចំណោមកងយន្តហោះចម្បាំងស.រ.អា. កូរ៉េខាងត្បូង និងជប៉ុន។ សមយុទ្ធទាំងនេះមានទាក់ទិននឹងយន្តហោះធុន B-1B Lancers ពីរគ្រឿងបាញ់កាំជ្រួចមីស៊ីល ពីអាកាសទៅដីជាមួយយន្តហោះប្រតិកម្មធុន F-15K ពីរគ្រឿងនៃប្រទេសកូរ៉េខាងត្បូងនៅពីលើសមុទ្រជប៉ុនហើយបន្ទាប់មកបានហោះពីលើផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េ៕