បើតាមអ្នកវិភាគរបស់រដ្ឋាភិបាលស.រ.អា.និងពួកអ្នកវិភាគខាងក្រៅថាប្រទេសកូរ៉េខាងជើងអាចបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងមួយទៀតក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ។
ថ្ងៃទី៩តុលាជាថ្ងៃខួបនៃការពិសោធន៍បរមាណូលើកទី១របស់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០០៦។ ហើយថ្ងៃទី១០ខែតុលាជាថ្ងៃដែលរដ្ឋឯកោខ្លាំងឡើងៗមួយនេះប្រារព្ធការបង្កើតគណបក្សកម្មករនៃប្រទេសកូរ៉េដែលជាគណបក្សគ្រប់គ្រងប្រទេសកាលពីឆ្នាំ១៩៤៥។
អ្នកស្រី Sue Mi Terry ដែលជាអតីតអ្នកវិភាគរបស់ទីភ្នាក់ងារ CIA និងជានាយិកាផ្នែកចាត់ចែងកិច្ចការទាក់ទងនឹងប្រទេសកូរ៉េនៃអង្គការ Bower Group Asia និយាយថា«ជនជាតិកូរ៉េខាងជើងតែងតែប៉ិនប្រសប់ខាងការចាត់ចែងពេលវេលា។ Kim Jong Un នឹងបង្ហាញថាគាត់ធ្វើតាមការដែលដាក់ឈ្មោះគាត់ថាជាបុរសចូលចិត្ត Rocket។»
កាលពីពេលថ្មីៗនេះ ប្រធានាធិបតី Donald Trump បាននិយាយមើលងាយជាច្រើនដងដល់មេដឹកនាំកូរ៉េខាងជើងរូបនេះថាជា«បុរសចូលចិត្ត Rocket»។
Rocket ដែលប្រទេសកូរ៉េខាងជើងអាចបាញ់បង្ហោះនៅពេលបន្ទាប់ទៀតនេះអាចជាកាំជ្រួចមីស៊ីល ធុន Hwasong-12 (HS-12) ដែលជាកាំជ្រួចចល័តមានឥន្ធនៈរឹងហើយមានសមត្ថភាពផ្ទុកគ្រាប់បែកបរមាណូ បាញ់បានវង់ប្រតិបត្តិការមធ្យម ឬមួយអាចជាកាំជ្រួចមីស៊ីល ធុន Hwasong-14 (HS-14) ដែលបានត្រូវបាញ់ពិសោធដំបូងកាលពីខែកក្កដាដែលគេមានជំនឿថាជាបែបថ្មីមួយមានពីរដំណាក់ការនៃកាំជ្រួចធុន HS-12 មានវង់ប្រតិបត្តិការអន្តរទ្វីប។
លោក Joshua Pollack អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថាន Middlebury នៃការសិក្សាអន្តរជាតិនៅ Monterey និយាយថា៖ «ខ្ញុំយល់ថាកួរ៉េខាងជើងមិនទាន់បានបាញ់ពិសោធកាំជ្រួចធុន HS-12 ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅឡើយទេ។ពួកគេក៏មិនទាន់បានចាប់ផ្តើមធ្វើការបាញ់ពិសោធកាំជ្រួចធុន HS-14 នៅឡើយដែរដូចជាអំពីវង់ប្រតិបត្តិការពេញលេញរបស់វាជាដើម»៕