ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កូរ៉េ​ខាង​ត្បូង​គ្រោង​បញ្ជូន​ជំនួយ​ឲ្យ​កូរ៉េ​ខាង​ជើង ទោះ​បី​កូរ៉េ​ខាង​ជើង​រង​ការ​ដាក់​ទណ្ឌកម្ម​ក៏ដោយ


ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ចាប់​ដៃ​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ នៅ​ Rose Garden នៃ​សេតវិមាន​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ចាប់​ដៃ​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ នៅ​ Rose Garden នៃ​សេតវិមាន​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មាន​គម្រោង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ក្នុង​ទឹក​ប្រាក់ ៨ លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ទោះបីជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ទំនងជា​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​វិធានការ​តឹងរ៉ឹង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ក៏​ដោយ។

លោក Baik Tae-hyun អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ទាំង​ពីរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា កន្លង​ទៅ​នេះ​ថា៖ «វា​ជា​ជំហរ​គ្រឹះ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដែល​នឹង​បន្ត​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​កុមារ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​ក្នុង​សង្គម ដោយ​មិន​គិត​ពី​ស្ថានការណ៍​នយោបាយ​ឡើយ»។

លោក Moon Jae In ដែល​ជា​មេដឹកនាំ​ប្រកាន់​ទស្សនៈ​សេរី​និយម និង​ជា​អតីត​មេធាវី​ការពារ​សិទ្ធិ​មនុស្ស បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​ឧសភា​បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​លោកស្រី​ប្រធានាធិបតី Park Geun Hye ដែល​ជា​អ្នក​ប្រកាន់​ទស្សនៈ​អភិរក្ស​និយម​ពី​បទ​ពុករលួយ និង​សំណូក​សូក​ប៉ាន់​មក។ នៅ​ពេល​នោះ លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​ទិសដៅ​ពីរ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ភាព​តានតឹង​មាន​លក្ខណៈ​ធូរស្រាល​បន្តិច​ម្ដងៗ។

ឫស​គល់​នៃ​ការ​ដាក់​ទណ្ឌ​កម្ម

បន្ទាប់ពី​មាន​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦ របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ​មក រដ្ឋបាល​របស់​លោក Moon Jae In បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ឈប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ហើយ​ងាក​ទៅ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​យុទ្ធសាស្ត្រ «ដាក់​សម្ពាធ​កម្រិត​អតិបរមា» របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។ យុទ្ធសាស្ត្រ​នេះ​ផ្ដោត​លើ​ការ​ដាក់​សម្ពាធ​ខ្លាំងក្លា​ផ្នែក​សេដ្ឋកិច្ច​បូក​រួម​ទាំង​ការ​គំរាម​កំហែង​ដោយ​សកម្មភាព​យោធា ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​លោក Kim Jong Un លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ​នឹង​អាច​ប្រឈម​នឹង​ការ​ដួល​រលំ។

ចាប់​ពី​ពេល​នោះ​មក ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ចេញ​មុខ​គាំ​ទ្រ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បំផុត​ចុង​ក្រោយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley អះអាង​ថា បាន​កាត់​បន្ថយ «ការធ្វើ​ពាណិជ្ជកម្ម​ចំនួន ៩០ ភាគរយ និង​កាត់​បន្ថយ​ការ​នាំ​ប្រេង ៣០ ភាគរយ‍» ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ លោក Moon Jae In ក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឲ្យ​គាំទ្រ​ការ​ហាម​ឃាត់​ទាំង​ស្រុង​នូវ​ការ​នាំ​ប្រេង​ចូល​ប្រទេស​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​គាំ​ទ្រ​វិធានការ​ដែល​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​នេះ​នោះ​ទេ។

បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់​ទៀត​រំលង​ពី​លើ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក Moon Jae In បាន​និយាយ​ថា៖ «កិច្ច​សន្ទនា​មិន​អាច​ទៅ​រួច​ទេ» ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដរាប​ណា​រដ្ឋាភិបាល​នេះ​នៅ​បន្ត​វិធានការ​បង្កហេតុ​របស់​ខ្លួន​ដូច្នេះ។

កាល​ពី​ថ្ងៃទី ១៨ ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Moon Jae-in បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ព្យាយាម «ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ» លើ​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង «មិន​មាន​ជម្រើស​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​ការ​លះបង់​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន»។

ជំនួយ​មនុស្ស​ធម៌

ខណៈ​ពេល​ដែល​លោក Moon Jae In ក្នុង​រយៈពេល​ខ្លី ផ្ដល់​អាទិភាព​លើ​ការ​គាំទ្រ​វិធានការ​តឹងរ៉ឹង​របស់​សម្ព័ន្ធ​មិត្ត​អាមេរិក​ចំពោះ​កូរ៉េ​ខាង​ជើង​នោះ អ្នក​វិភាគ​នានា​យល់​ថា លោក​នៅ​តែ​ប្តេជ្ញា​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​រយៈ​ពេល​វែង​ចំពោះ​វិបត្តិ​នុយក្លេអ៊ែរ ដែល​នេះ​ក៏​ជា​គោលដៅ​ដែល​បាន​កំណត់​រួច​ជា​ស្រេច​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផង​ដែរ។

លោក Bong Young-shik អ្នក​វិភាគ​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​នៅ​វិទ្យាស្ថាន​សិក្សា​កិច្ចការ​កូរ៉េ​ខាង​ជើង​នៅ​សាកល​វិទ្យាល័យ Yonsei ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា៖ «វា​មិន​មែន​មាន​តែ​ប្រទេស​មួយ អត់​ប្រទេស​មួយ​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​ទាំង​ពីរ​នេះ»។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ការពារ​គម្រោង​ជំនួយ​មនុស្សធម៌​របស់​ខ្លួន​ថា «មិន​ជាប់​ទាក់ទង​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​នោះ​ទេ‍» ហើយ​ខ្លួន​ចាំបាច់​ត្រូវ​ជួយ​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ស្រាប់ និង​កាន់តែ​ដុនដាប​ថែម​ទៀត​ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

កូរ៉េ​ខាង​ត្បូង​មាន​គម្រោង​ផ្ដល់​ជំនួយ​ចំនួន ៤ លាន ៥ សែន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ស្បៀង​អាហារ​ដល់​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង និង​ជំនួយ​ចំនួន ៣ លាន ៥ សែន​ដុល្លារ​អាមេរិក​ទៅ​ដល់​អង្គការ UNICEF ដើម្បី​ផ្ដល់​ថ្នាំ​ពេទ្យ និង​អាហារូបត្ថម្ភ​ជួយ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ៕

ការ​ផ្ដល់​ជំនួយ​ដល់​អង្គការ​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ នឹង​ស្ដារ​ឡើង​វិញ​នូវ​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​សកម្មភាព​នេះ​ត្រូវ​បាន​ផ្អាក​កាល​ពី​ឆ្នាំ ២០១៦ បន្ទាប់​ពី​មាន​ការ​ធ្វើ​តេស្ត​សាក​ល្បងនុយក្លេអ៊ែរ​លើក​ទី ៤ របស់​កូរ៉េ​ខាង​ជើង​មក។ កូរ៉េ​ខាង​ជើង​បាន​ច្រាន​ចោល​នូវ​ការ​ផ្តល់​ជំនួយ និង​កិច្ច​សហប្រតិបត្តិការ​កាល​ពី​លើក​មុខ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

រដ្ឋបាល​របស់​លោក Moon Jae In ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី​បាន​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ក្នុង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង តាម​រយៈ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដូច​គ្នា​នេះ៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG