ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ពិភាក្សា​អំពី​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​នឹង​មេដឹកនាំ​វៀតណាម​នៅ​សេតវិមាន​


ប្រធានាធិបតី​អាមេរិក​លោក​​ Donald Trump ស្វាគមន៍​នាយករដ្ឋមន្រ្តី​វៀតណាម​លោក​ Nguyen Xuan Phuc នៅ​ក្នុង​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​៣១ ឧសភា ២០១៧។
ប្រធានាធិបតី​អាមេរិក​លោក​​ Donald Trump ស្វាគមន៍​នាយករដ្ឋមន្រ្តី​វៀតណាម​លោក​ Nguyen Xuan Phuc នៅ​ក្នុង​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​៣១ ឧសភា ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម​មក​កាន់​សេតវិមាន​កាល​ពី​ថ្ងៃ​ពុធ សម្រាប់​កិច្ចប្រជុំ​ដែល​ផ្តោត​ទៅ​លើ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក ខណៈ​ដែល​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​នៅ​តែ​រងផលប៉ះពាល់​ក្រោយ​ពី​លោក​ប្រធានាធិបតី Trump ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​មួយ។ ​

លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc គឺ​ជា​មេដឹកនាំ​ទីមួយពី​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ធ្វើ​ទស្សនកិច្ច​មក​កាន់​សេតវិមាន​ដើម្បី​ជួប​លោក Trump។ អាមេរិក​និង​ចិន​កំពុង​តែ​ប្រជែង​គ្នា​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ។ ​

កិច្ចប្រជុំ​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ពោរពេញ​ទៅ​ដោយ​ការ​ចង្អុលបង្ហាញ​ថា លោក Trump នឹង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ដែល​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន។ ធនាគារ​ពិភពលោក​បាន​ចាត់​ចំណាត់ថ្នាក់​វៀតណាម ដែល​មាន​ប្រជាជន​ភាគច្រើន​រស់នៅ​តំបន់​ឆ្នេរ​សមុទ្រ​និង​តំបន់​ទំនាប ថា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​៥ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

ដោយ​ឆ្លើយ​តប​យ៉ាង​ខ្លី​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​នៅ​ពេល​ចាប់​ផ្តើម​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ពុធ លោក Trump បាន​និយាយ​ថា លោក​នឹង​សម្រេច​ទៅ​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​ប្រធានាធិបតី​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ លោកTrump ក៏​បាន​កោតសរសើរ​លោក Phuc ចំពោះ «ស្នាដៃ​ការងារ​ដ៏​អស្ចារ្យ‍» របស់​លោក​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ៕

XS
SM
MD
LG