ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចរយៈពេល៣៦ម៉ោង ដោយលោកបានទទួលស្គាល់ថា លោកមិនរំពឹងថា នឹងត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនោះទេ។
លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុនថា៖ «ខ្ញុំនឹងទុកកិច្ចព្រមព្រៀងដ៏ធំនេះសម្រាប់លើកក្រោយទៀត។ ខ្ញុំមិនដឹងទេ ថាតើកិច្ចព្រមព្រៀងនេះនឹងសម្រេចបានមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាឬអត់ទេ ប៉ុន្តែយើងត្រូវតែសម្រេចឲ្យបានកិច្ចព្រមព្រៀងដ៏ធំមួយជាមួយនឹងឥណ្ឌា»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះនឹងតម្រូវឲ្យសហរដ្ឋអាមេរិក និងឥណ្ឌាព្រមព្រៀងគ្នាលើកិច្ចការជាច្រើន ប៉ុន្តែមានវិស័យមួយចំនួនដែលប្រទេសទាំងពីរមិនទាន់ព្រមព្រៀងគ្នានៅឡើយទេ ដោយរួមមានទាំងការព្រមព្រៀងគ្នាលើឧបករណ៍វេជ្ជសាស្ត្រផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានដែលតាមដានយ៉ាងជិតដិតលើកិច្ចព្រមព្រៀងនេះ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីខាងកើតមួយនេះ លោក ត្រាំ ទំនងជានឹងប្រកាសពីជំនួញមួយដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារសម្រាប់ឧទ្ធម្ភាគចក្រយោធា និងអាចរួមមានទាំងប្រព័ន្ធការពារពីគ្រាប់មីស៊ីល ក្នុងអំឡុងពេលដែលមានការកើនឡើងការព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់យោធាចិន ដែលបានធ្វើឲ្យមានការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាងមុនរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងញូវដេលី៕