ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ថ្កោលទោស​ក្រុម​ជន​ស្បែក​ស​ដែល​បង្ក​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ដ៏​ប្រល័យ​មួយ


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ពី​ស្ថានភាព​នៅ​ក្នុង​ក្រុង Charlottesville នៅ​ក្លឹប​វាយ​កូន​ហ្គោល Trump National Golf Club ក្នុង​ក្រុង Bedminster កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតី​ស.រ.អា. លោក Donald Trump បានបរិហាររិះគន់​ពួក​ជន​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ​ដែល​នៅ​ពី​ក្រោយ​ការ​ប្រមូល​ផ្តុំ​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ក្រុង​ Charlottesville រដ្ឋ​ Virginia ដោយ​និយាយ​ថា «ការ​រើសអើង​ពូជសាសន៍​របស់​ពួក​គេ​ជា​អំពើ​អាក្រក់​គ្មាន​សីលធម៌»។

ជា​លើកដំបូង​ហើយ​ចាប់​តាំង​ពី​មាន​អំពើ​ហិង្សា​នេះ​មក​ដែល​ប្រធានាធិបតី​ Trump បាន​និយាយ​យោងដល់​ឈ្មោះ​ពួក​ Nazis បែបថ្មី ពួក Ku Klux Klan និង​ពួក​ជន​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ​ថា​ជា «ពួក​ឧក្រិដ្ឋជន​ និង​ពួក​ជន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ជា​មុខ​របរ​ដែល​ស្អប់ខ្ពើម​អ្វីៗ​ទាំងអស់​ដែល​ប្រជារាស្ត្រ​អាមេរិកាំង​យល់​ថា​មាន​សារៈសំខាន់»។

ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ប្តេជ្ញា​ថា​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត «អំពើ​ហិង្សា​រើសអើង​ពូជសាសន៍» នៅ​ក្នុងក្រុង Charlottesville នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ហើយ​គាត់​បាន​និយាយ​ថា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​នេះ​ជា​ «ការ​បង្ហាញ​ជាក់ស្តែង​នូវ​ភាព​ស្អប់​ខ្ពើម ការ​ប្រកាន់​ថា​ខ្លួន​ត្រូវ​និង​គ្រាន់បើ​ជាង​គេ និង​អំពើ​ហិង្សា»។

អត្ថាធិប្បាយ​របស់​ប្រធានាធិបតី Trump ធ្វើ​ឡើង​ក្រោយពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​នយោបាយ​ជាច្រើនថា​ក្នុង​ពេល​ពីរ​ថ្ងៃ​គាត់​មិន​បាន​ប្រើ​ពាក្យ​ពួក​ជន​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ​និង​ពួក Nazis ថ្មី​ក្នុង​ការ​ថ្កោលទោស​អំពើ​ហិង្សា​នោះ​ទេ។​

លោក Kristen Clarke ធ្វើ​ការ​ជាមួយ​គណៈកម្មាធិការ​មេធាវី​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​ក្រោម​ច្បាប់​ដែល​ជា​អង្គការ​រក​កម្រៃ។​ លោក​បានមាន​ប្រសាសន៍​ថា «វា​មិន​គួរ​អស់​ពេល​ពីរថ្ងៃ​ និង​សោកនាដកម្ម​ជាតិ​មួយ​សម្រាប់​ឱ្យ​ប្រធានាធិបតី​ចាត់​វិធានការ ​និង​មិន​ទទួល​ស្គាល់​ពួក​ជន​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ។​ នៅ​ពេល​ដែល​មាន​ការ​ទាក់ទិន​ជាមួយ​សុវត្ថិភាព​ និង​សន្តិសុខ​នៃសហគមន៍​របស់យើង​ ដែល​នៅ​ពេល​នេះ​សហគមន៍​ជាច្រើន​មាន​អារម្មណ៍​ថា​ពួក​គេ​ជា​ទីដៅ​នៃ​ពួក​បាតុករ​ត្រូវ​ជំរុញ​ចិត្ត​ដោយ​ភាព​ស្អប់​ខ្ពើម​ រយៈពេល​ពីរ​ថ្ងៃ​ជា​ការ​យឺតយូរ​ណាស់»៕

XS
SM
MD
LG