ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ឥណ្ឌូនេស៊ី​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្តុំ​នៅ​រដ្ឋធានី​ហ្សាការតា​មុន​នឹង​ឈាន​ដល់​ការបោះឆ្នោត​


បុរស​ជន​ជាតិ​មូស្លីម​ចូលរួម​ក្នុង​ពិធី​បួងសួង​នៅ​ក្នុង​ព្រះវិហារ​ Istiqlal Mosque ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ីកាល​ពី​ថ្ងៃទី១១ កុម្ភៈ ២០១៧។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​រាប់​ម៉ឺន​នាក់​បាន​ចេញ​មក​ប្រមូល​ផ្តុំ​នៅ​រដ្ឋធានី​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ស្តាប់​បុព្វជិត​សាសនា​ជំរុញ​ឲ្យ​ពួក​គេ​បោះឆ្នោត​ឲ្យ​អ្នក​នយោបាយ​ដែល​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ក្នុង​ទីក្រុង​និង​សង្កាត់​នានា ដែល​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​នៅ​សប្តាហ៍​ក្រោយ។

ការ​ប្រមូល​ផ្តុំ​ហ្វូង​មនុស្ស​នៅ​ឯ​វិហារ​សាសនា​ឥស្លាម Istiqlal ដែល​ស្ថិត​ក្នុង​ទីក្រុង ហ្សាការតា បាន​បណ្តាល​ឲ្យ​មនុស្ស​កក​កុញ​យ៉ាង​ច្រើន​ពាសពេញ​ដង​ផ្លូវ។

បុព្វជិត​នៅ​ទីក្រុង​ហ្សាការតា​ចង់​ឲ្យ​ពលរដ្ឋ​ឥស្លាម​បោះឆ្នោត​ទម្លាក់​លោក Basuki Tjahaja Purnama ដែល​ជា​អភិបាល​ក្រុង​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន​កាន់​សាសនា​គ្រិស្ត ហើយ​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ប្រមាថ​គម្ពីរ​សាសនា​ឥស្លាម។

បញ្ហា​នយោបាយ​របស់​លោក Basuki បាន​ចាប់​ផ្តើម​កាលពី​ខែ​តុលា នៅ​ពេល​ដែល​លោក​បណ្តេញ​គូប្រជែង​របស់​លោក​ដែល​បាន​លើក​ឡើង​ពី​គម្ពី​កូរ៉ាន់ ដែល​ព្រមាន​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម​ណា​ដែល​គាំទ្រ​អ្នក​ដែល​មិន​មាន​ជំនឿ។

លោក​អភិបាល​ក្រុង​រូប​នេះ​បាន​ថ្លែង​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ត្រូវ​បាន​គេ​កុហក​ដោយ​ប្រើប្រាស់​ឃ្លា​ណា​មួយ​នៅ​ក្នុង​គម្ពី។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​បោះឆ្នោត​ឲ្យ​ខ្ញុំ​ ដោយ​សារ​តែ​អ្នក​ខ្លាច​ចុះ​នរក​នោះ កុំ​បារម្ភ​អី។ នេះ​គឺ​ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​អ្នក‍‍»។

លោក Basuki ក្រោយ​មក​បាន​ធ្វើ​ការ​សុំទោស ហើយ​លោក​បាន​ថ្លែង​ថា​ លោក​គ្មាន​ចេតនា​ចង់​និយាយ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​ការ​សុំទោស​នេះ​បាន​បំបាត់​កំហឹង​របស់​អ្នក​កាន់​សាសនា​ឥស្លាម​បាន​តិចតួច​តែ​ប៉ុណ្ណោះ ដោយ​អ្នក​ទាំង​នោះ​មាន​ការ​ខឹង​សម្បា​ដែល​ទីក្រុង​ដ៏​ធំ​មួយ​របស់​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​កាន់​សាសនា​គ្រិស្ត​មួយ​រូប​ទៅ​វិញ។

ថ្ងៃ​សៅរ៍​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ ដែល​ក្រុម​អ្នក​នយោបាយ​អាច​ធ្វើ​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​មុន​នឹង​ឈាន​ដល់​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។
ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជា​ប្រទេស​ដែល​មាន​ក្រុម​មនុស្ស​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ហើយ​ជា​ប្រទេស​ដែល​មាន​ក្រុម​មនុស្សភាគ​តិច​ដែល​កាន់​សាសនា​គ្រិស្ត​ច្រើន​ផង​ដែរ៕

XS
SM
MD
LG