ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ដូណាល់ ​ត្រាំ ច្រាន​ចោល​ការ​បញ្ឈប់​ការ​គំរាម​បិទ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិចស៊ិក


ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ចនៅ​ផ្នែក​ដែល​មាន​ការ​សាង​សង់​ជញ្ជាំង​ថ្មី​នៅ​ព្រំដែន​​ជាមួយ​ប្រទេស​ម៉ិកស៊ិក ក្នុង​ទីក្រុង Calexico រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា។
ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ចនៅ​ផ្នែក​ដែល​មាន​ការ​សាង​សង់​ជញ្ជាំង​ថ្មី​នៅ​ព្រំដែន​​ជាមួយ​ប្រទេស​ម៉ិកស៊ិក ក្នុង​ទីក្រុង Calexico រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​បដិសេធ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​មិន​បាន​ផ្លាស់​ប្តូរ​គំនិត​របស់​លោក​ អំពី​ការ​បិទ​ព្រំ​ដែន​រវាង​សហរដ្ឋ​អា​មេ​រិក​និង​ម៉ិចស៊ិក​ទេ។

ការ​បដិសេធ​នេះ​មាន​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​មាន​ការ​ដក​ថយ​មួយ​ជំហាន​អំពី​ការ​បញ្ឈប់​ការ​គំរាម​បិទ​ព្រំ​ដែន ​ប្រសិន​បើម៉ិចស៊ិក​មិន​បញ្ឈប់លំហូរ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ និង​ថ្នាំ​ញៀន ​កុំ​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេ​រិក​ទេ​នោះ។

​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ មុន​ពេល​ចាក​ចេញ​ពី​សេត​វិមាន​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក​ និង​ម៉ិចស៊ិក​ថា៖​ «ខ្ញុំ​មិន​ដែល​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្ញុំ​ទាល់​តែ​សោះ។​ ខ្ញុំ​អាច​បិទ​ព្រំ​ដែន​នៅ​ពេល​ណា​មួយ»។

​បន្ទាប់​ពី​ការ​គំរាម​កំហែង​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​ ​លោក​ ត្រាំ ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ស្ថានីយ៍​យាមល្បាត​ព្រំដែន​សហរដ្ឋ​អាមេរិក​នៅក្រុង ​Calexico​ ដែល​ជា​ចំណុច​ឆ្លង​កាត់​រវាង​សហរដ្ឋ​អាមេរិក​និង​ម៉ិចស៊ិក។ ​

លោក​នឹងចូលរួម​ការ​ពិភាក្សា​តុមូល​ស្តីពី​ជន​អន្តោប្រវេសន៍​ និង​សន្តិសុខ​ព្រំ​ដែន ​មុន​ពេលធ្វើ​ដំណើរ​ទៅ​កាន់​ផ្នែក​មួយ​ដែល​ទើប​សាង​សង់​របង ​ដែល​រដ្ឋ​បាល​របស់​លោក​បាន​សរសើរ​ថា​ ជាផ្នែក​នៃ​របង​ព្រំដែន​ដែល​ទើប​បាន​សាង​សង់​បញ្ចប់។

រដ្ឋបាល​លោក ត្រាំ មិន​បាន​បញ្ចប់​ផ្នែក​ថ្មី​ណា​មួយ​នៃ​របង​ព្រំ​ដែន​ទេ។ របង​នៅ​ក្រុង​Calexico ​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ​២០០៩​ ហើយ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​ទៅ ​ដើម្បី​ជំនួស​របង​ទ្រុត​ទ្រោម​ដែល​បាន​ស្ថាបនា កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន៕

XS
SM
MD
LG