ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ត្រាំ​បន្ត​គោលនយោបាយ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង

  • Brian​ Padden

រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។ លោក​ត្រាំ​នៅ​តែ​បន្ត​គោលនយោបាយ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង។

ថាតើ​ប្រទេស​មហាអំណាច​ទាំងពីរ (ចិន និងអាមេរិក) ​បេ្តជ្ញា​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​​កូរ៉េខាងជើង​ក្នុង​កម្រិត​ណា​មួយ​នោះ គឺ​មិនទាន់​ត្រូវ​បាន​​វែកញែក​ឲ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​មាន​ការ​ប្រើពាក្យ​សម្តីខ្លាំងៗ​ពី​សំណាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​អំពី​ការ​ដាក់​កំហិត​លើ​ការ​គំរាមកំហែង​អាវុធនុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​ក៏ដោយ​ក្តី ជម្រើស​គោលនយោបាយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ហាក់​ដូចជា​ មាន​លក្ខណៈ​ដូច​គោលនយោបាយ​យុទ្ធសាស្រ្ត​អត់ធ្មត់​របស់​អតីត​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា។

​ក្រោម​គោលនយោបាយ​យុទ្ធសាស្រ្ត​អត់ធ្មត់​របស់​លោក​បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិក​បដិសេធ​មិន​ទាក់ទង​ជាមួយ​នឹង​របបដឹកនាំ​របស់​លោក​ Kim Jong Un រហូត​ទាល់​តែ​របបនោះ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។ ហើយ​ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ សហរដ្ឋអាមេរិក​បាន​ឆ្លើយតប​នឹង​ការ​បង្កហេតុ​នានា​ ដោយ​បង្កើន​សមត្ថភាព​ទប់ទល់​ផ្នែក​យោធា​ ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​កាត់​ផ្តាច់​ចំណងការទូត។

លោក Daniel Pinkston អ្នកវិភាគ​ផ្នែក​សន្តិសុខ​តំបន់​អាស៊ី​ភាគ​ឦសាន​នៅ​សាកល​វិទ្យាល័យ Troy ​ក្នុង​ក្រុង​សេអ៊ូល​បាន​និយាយ​ថា៖

«ខ្ញុំ​គិតថា ជាទូទៅ​មាន​ជម្រើស​បី។ ទី​មួយ​គឺ ចុះញោម​និង​បំពេញ​ចិត្ត​កូរ៉េខាងជើង មាន​ន័យថា ឲ្យ​ពួកគេ​នូវ​អ្វី​ទាំងអស់​ដែល​ពួកគេ​ចង់បាន។ ជម្រើស​ទី​ពីរ​គឺ ការ​វាយប្រហារស្កាត់​ទុក​មុន​ និងការ​ប្រើ​កម្លាំង​ដើម្បី​បំផ្លាញ​សមត្ថភាព​ប្រើប្រាស់​អាវុធ​របស់​កូរ៉េខាងជើង។ ហើយ​ខ្ញុំ​គិត​ថា ជម្រើស​ទី​បី ដែល​ជា​ជម្រើស​ប្រសើរ​បំផុត​ក្នុង​ចំណោម​ជម្រើស​ទាំងបី និង​ជា​ជម្រើស​ដែល​តែង​ប្រើ​នោះ គឺ​ការទប់ទល់​និង​រារាំង​កូរ៉េខាងជើង​មិន​ឲ្យ​មាន​ភាព​គឃ្លើន»។

​យុទ្ធសាស្រ្ត​អត់ធ្មត់

រដ្ឋាភិបាល​លោក​ Kim Jong Un បាន​មាន​ប្រតិកម្ម​ដោយ​ប្រកាន់​ជំហរ​តតាំង​នឹង​វិធានការ​ដាក់​ទណ្ឌកម្ម ដែល​ដឹកនាំ​ដោយសហរដ្ឋអាមេរិក​ ដែល​មានដូចជា ​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​ជាដើម ហើយ​បាន​ប្រកាស​ជា​ចំហ​ថា កូរ៉េខាងជើង​ជា​ប្រទេស​នុយក្លេអ៊ែរ​ និង​ថែមទាំង​បាន​បង្កើន​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់ផ្លោង​មីស៊ីល។

​ខណៈ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​សេអ៊ូល​កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson ថ្លែង​នៅ​ក្នុង​ជំនួបទ្វេភាគី​រវាង​រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi (មិនស្ថិត​ក្នុង​រូបថត) ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​សៅរ៍ ទី១៨ ខែ​មីនា ឆ្នាំ​២០១៧។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson ថ្លែង​នៅ​ក្នុង​ជំនួបទ្វេភាគី​រវាង​រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi (មិនស្ថិត​ក្នុង​រូបថត) ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​សៅរ៍ ទី១៨ ខែ​មីនា ឆ្នាំ​២០១៧។

បាន​បដិសេធ​យុទ្ធសាស្រ្ត​អត់ធ្មត់​របស់​លោក​អូបាម៉ា​ដោយចំហ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ពី​ចំណុច​គ្រឹះ​មួយចំនួន​នៃ​យុទ្ធសាស្រ្ត​នោះ ដោយ​ថ្លែង​ការ​គាំទ្រ​ «មិនងាករេ» ចំពោះ​សម្ព័ន្ធ​យោធា​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន ក៏ដូចជា​ បដិសេធសំណើ​របស់​ចិន​ក្នុង​ការ​បង្អាក់​សមត្ថភាព​នុយក្លេអ៊ែររបស់​កូរ៉េខាងជើង​នាពេល​បច្ចុប្បន្ន​ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង។

អ្នកវិភាគ​នយោបាយ​លោក Bong Young-Shik នៅ​វិទ្យាស្ថាន​សិក្សា​កិច្ចការកូរ៉េខាងជើង​នៃ​សាកល​វិទ្យាល័យ​ Yonsei បាន​និយាយ​ថា៖

«មូលដ្ឋាន​គ្រឹះ​នៃ​គោលនយោបាយ​យុទ្ធសាស្រ្ត​អត់ធ្មត់ គឺ​ថា ដរាបណា​ថ្នាក់​ដឹកនាំ​កូរ៉េខាងជើង​បង្ហាញ​គោលបំណង​ពិតប្រាកដ​ក្នុង​ការ​បំបាត់ចោល​នុយក្លេអ៊ែរ​ ដែល​មិនមែន​គ្រាន់​តែ​បញ្ឈប់​ដំណើរការ​មួយរយៈ​នោះ សហរដ្ឋអាមេរិក​នៅ​តែ​មិន​ចូលរួមក្នុងការ​ចរចា​ណាមួយ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ។ មូលដ្ឋាន​គ្រឹះ​នោះ​នៅ​តែ​ជា​ មូលដ្ឋានគ្រឹះ​ចម្បង​នៃ​គោលនយោបាយ​ថ្មី​នេះ»។

ទោះបី​ជា​លោក Tillerson មិនបាន​លុបចោល​ជម្រើស​ចំណាត់ការ​យោធា​ទៅ​នឹង​ការ​វាយប្រហារ​ភ្លាមៗ​ណាមួយ​ពី​កូរ៉េខាងជើង​ ឬការគំរាមកំហែងបង្កឡើង​ដោយ​អាវុធ​ទំនើបណាមួយ​ក៏​ដោយ ក៏​លោក​បាន​សង្កត់ធ្ងន់ថា អាទិភាព​របស់​រដ្ឋបាល​លោក​ត្រាំ​គឺ​ភាគច្រើនដូច​នឹង​គោលនយោបាយ​របស់​លោក​អូបាម៉ា ដែល​នោះ​គឺ​ ការ​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​លោក Kim Jong Un ដើម្បី​ឲ្យ​ផ្លាស់ប្តូរ​ទិសដៅ​របស់​ខ្លួន​ តាមរយៈ​ការ​បង្កើន​សមត្ថភាព​ទប់ទល់​យោធានិង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។

ការគំរាមកំហែង​ពី​មីស៊ីល​ឆ្លងទ្វីប

ការ​វិវត្ត​ទៅ​មុខ​នៃ​បច្ចេកវិទ្យា​នាពេលថ្មីៗ​នេះ​ ដែល​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុងតែ​ជិត​សម្រេចបាន​នូវ​ការ​ផលិត​មីស៊ីលឆ្លងទ្វីប​បំពាក់​ដោយ​នុយក្លេអ៊ែរ​ ដែល​អាច​ហោះ​ទៅ​ដល់​សហរដ្ឋអាមេរិក​នោះ បាន​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា ពេលវេលា​លែងអាស្រ័យ​លើ​ភាគី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទៀត​ហើយ។

នៅ​ពេល​ដែល​លោក Tillerson បំពេញ​ទស្សនកិច្ចនៅ​ទ្វីបអាស៊ី កូរ៉េខាងជើង​បាន​សាកល្បង​ម៉ាស៊ីន​រ៉ូកកែតកម្លាំង​ខ្លាំង​ជាង​មុន​មួយ​ ដែល​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា ការ​សាកល្បង​នេះ​បាន​បង្ហាញ​ពីការ​វិវត្ត​ទៅ​មុខ​ដ៏​គួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ ម៉ាស៊ីន​នោះ​អាច​ត្រូវ​ប្រើ​សម្រាប់​បាញ់មីស៊ីលឆ្លង​ទ្វីប​ឬ​ក៏យ៉ាងណា​នោះ​ទេ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េខាងជើង​ បាន​រាយការណ៍​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មីនា​កន្លង​ទៅ​នេះ​ថា ម៉ាស៊ីន​នោះ​នឹង​ជួយ​កូរ៉េខាងជើង​ឲ្យ​សម្រេច​បាន​នូវ​សមត្ថភាព​បង្ហោះ​ផ្កាយរណប​លំដាប់ថ្នាក់​ពិភពលោក។

រូបឯកសារ៖ នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សេអ៊ូល ស្រ្តី​ម្នាក់​ដើរកាត់​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ព័ត៌មាន​ស្តី​ពី​ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​កូរ៉េខាងជើង ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មីនា ឆ្នាំ​២០១៧។
រូបឯកសារ៖ នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សេអ៊ូល ស្រ្តី​ម្នាក់​ដើរកាត់​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ព័ត៌មាន​ស្តី​ពី​ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​កូរ៉េខាងជើង ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មីនា ឆ្នាំ​២០១៧។

​កាលពី​ពេលថ្មីៗនេះ លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​កូរ៉េខាងជើង​នៅ​ឯ​រមណីយដ្ឋាន​លំហែកាយ​របស់​លោក​ក្នុង​រដ្ឋ​ Florida។ ទោះ​បី​ជា​លោក​មិនបាន​សំដៅ​ជា​ពិសេសទៅដល់​ការ​សាកល្បង​ម៉ាស៊ីន​រ៉ូកកែតរបស់​កូរ៉េខាងជើង​ក៏ដោយ លោកត្រាំ​បាន​និយាយ​ថា លោក Kim Jong Un «កំពុង​តែ​បញ្ចេញ​ឥរិយាបថ​យ៉ាង​អាក្រក់​ជា​ទី​បំផុត»។

ចិន

លោក​ប្រធានាធិបតី​ត្រាំ​ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការ​មិន​ចាត់​វិធានការ​តឹងរ៉ឹងជាងមុន​ដើម្បី​ដាក់កំហិត​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ​។ នាពេលថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​បាន​បញ្ឈប់​ការ​នាំចូល​ធ្យូង​ទាំងអស់​ពី​កូរ៉េខាងជើង​សម្រាប់​ឆ្នាំ​នេះ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុវត្ត​វិធានការ​តឹងរ៉ឹង​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រីករាលដាល​នៃ​អស្ថិរភាព​ និង​ការដួលរលំ​នៃ​រដ្ឋាភិបាល​លោក Kim Jong Un។

យ៉ាងណាក្តី​ជំនួប​របស់​លោករដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ កាល​ពី​ថ្ងៃ​សៅរ៍ ទី១៨ ខែ​មីនាកន្លងទៅ​នេះ ហាក់ដូចជា មាន​ភាព​ស្រុះស្រួល​គ្នា​ជាង​មុន។ លោក​ស៊ី​ ជីនពីង​បាន​ថ្លែង​ក្រោយ​ពី​ជំនួប​នោះ​ថា លោក​សាទរ​ចំពោះការ​អធិប្បាយ​របស់​លោក Tillerson ដែល​ថា «ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិកអាច​កំណត់បានតាមរយៈ​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ប៉ុណ្ណោះ»។

ថាតើ​ប្រទេស​មហាអំណាច​ទាំងពីរ (ចិន និងអាមេរិក) ​បេ្តជ្ញា​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​ក្នុង​កម្រិត​ណា​មួយ​នោះ គឺ​មិនទាន់​ត្រូវ​បានវែកញែក​ឲ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​ ដូចជា​ លោក Bong Young-Shik ជា​ដើម បាន​និយាយ​ថា ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ លោក Tillerson ប្រហែល​បាន​លើកឡើង​ពី​ថ្នូរ​ដ៏ធំ​មួយ ដោយ​ផ្តល់​សម្បទាន​សំខាន់​ដល់​ចិន​ពាក់ព័ន្ធ​នឹងបញ្ហា​ជម្លោះ​ដែល​បាន​អូសបន្លាយ​យូរអង្វែង​ ដើម្បី​ជា​ការដោះដូរ​នឹង​ការបញ្ចប់​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង។

លោក Bong Yong-Shik បាន​និយាយ​ថា៖ «បញ្ជី​លក្ខខណ្ឌ ដែល​ទំនង​នឹង​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​មាន​ដូចជា ប្រយោជន៍​ជា​ចម្បង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការ​មិនលូកដៃ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​បញ្ហា​ផ្ទៃក្នុង​ប្រទេស​ចិន ឬ​បញ្ហា​ក្នុង​តំបន់​ណាមួយ»។

​មាន​ការ​កើនឡើង​នូវ​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដ៏​គឃ្លើន​របស់​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ក្នុង​នោះ​រួម​មាន​ ការ​សាងសង់​កោះ​សិប្បនិមត្ត​សម្រាប់​បន្ទាយ​យោធា និង​ការ​ទាមទារ​គ្រប់គ្រង​តំបន់​ជម្លោះ និង​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​សំខាន់ៗ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ធ្លាប់​បាន​ខឹងសម្បារ​នឹង​ការរិះគន់​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពានសិទ្ធមនុស្ស​ជុំវិញ​ការ​ចាប់ខ្លួនក្រុមអ្នករិះគន់​ តាមតែ​អំពើចិត្ត និង​ការ​រឹតត្បិត​លើ​ការ​ផ្សព្វផ្សាយ។

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ចាប់​ដៃ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​លោក Rex Tillerson មុនពេល​កិច្ចប្រជុំ​ ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មីនា ឆ្នាំ​២០១៧។
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ចាប់​ដៃ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​លោក Rex Tillerson មុនពេល​កិច្ចប្រជុំ​ ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មីនា ឆ្នាំ​២០១៧។

អ្នកវិភាគ​ដទៃ​ទៀត​និយាយ​ថា ចិន​មិន​ទំនង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ណា​មួយ​ប្រឆាំង​នឹង​កូរ៉េខាងជើង​ ក្នុង​បែបផែន​ណា​មួយ​ ដែល​អាច​ពង្រឹង​គោលជំហរ​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នៅ​ក្នុង​តំបន់​នោះ​ទេ​ ហើយ​អ្នកវិភាគ​ទាំងនេះក៏​នៅមិន​ច្បាស់​ថាតើ​ ចិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឬ​ក៏​យ៉ាងណា​នោះ​ដែរ។

លោក Pinkston បាន​និយាយ​ថា រដ្ឋបាល​លោក​ត្រាំ​ប្រហែល​ងាក​ទៅ​ដាក់​ទណ្ឌកម្ម​ដោយ​ឯកតោភាគី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ពី​ប្រទេស​ចិន​ ដែល​ធ្វើការ​ជាមួយ​នឹង​កូរ៉េខាងជើង ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​រដ្ឋបាល​លោក​អូបាម៉ា​បាន​ធ្វើ​កន្លង​មកផងដែរ។

លោក Pinkston ​បាន​បន្ត​ថា៖ «ប្រហែល​ជា​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ចង់​ប្រថុយប្រថាន​ខ្លាំង​ជាង​មុន ឬ​ចង់​សាកល្បង​យុទ្ធសាស្រ្ត និង​វិធីសាស្រ្ត​ផ្សេងៗ ដើម្បី​តាម​ពី​ក្រោយ​ក្រុមហ៊ុន និង​បុគ្គលទាំង​នោះ ក៏ដូចជា ដាក់សម្ពាធ​លើ​កូរ៉េខាងជើង​ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ ការ​អនុវត្ត​យុទ្ធសាស្រ្ត​ប៉ុណ្ណោះ​ គឺមិនមែន​ជា​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​នោះទេ»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG