ទោះបីជាតំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិកលម្អៀងទៅខាងគណបក្សសាធារណរដ្ឋអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក៏ដោយ ក៏រដ្ឋ North Carolina ដែលលោកប្រធានាធិបតី Donald Trump បានឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ត្រូវបានចាត់ទុកថាជារដ្ឋមានការប្រទាញប្រទង់ខ្លាំងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ដែលជាការប្រជែងរវាងលោក Trump និងលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
អ្នកគាំទ្រខ្លាំងក្លាលើលោកប្រធានាធិបតី Donald Trump មានទំនុកចិត្តថា លោកនឹងឈ្នះនៅក្នុងរដ្ឋ North Carolina ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ ក៏ប៉ុន្តែបានទទួលស្គាល់ផងដែរថា ការបោះឆ្នោតលើកនេះជាការប្រកួតប្រជែងដែលមានលក្ខណៈប្រកៀកប្រកិតគ្នាខ្លាំង។
លោក John Steward ដែលជាប្រតិភូគណបក្សសាធារណរដ្ឋក្នុងរដ្ឋ North Carolina បាននិយាយថា៖ «រដ្ឋ North Carolina គឺជារដ្ឋមួយដែលមានការប្រទាញប្រទង់។ មានមនុស្សគិតថាគណបក្សប្រជាធិបតេយ្យនឹងឈ្នះឆ្នោតនៅទីនេះ។ ...ខ្ញុំអាចធានាថា រដ្ឋ North Carolina នឹងគាំទ្រលោកប្រធានាធិបតី Trump។ ការបោះឆ្នោតលើកនេះជាការបោះឆ្នោតប្រកៀកប្រកិតគ្នាខ្លាំង។ ខ្ញុំរំពឹងថា លោក Trump នឹងឈ្នះឆ្នោតក្នុងរដ្ឋNorth Carolina ២ ឬ ៣%»។
ក្រុមអ្នកគាំទ្រលោក Joe Biden បានធ្វើការប្រមូលការគាំទ្រជូនបេក្ខជនប្រធានាធិបតីរូបនេះនៃគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ North Carolina ហើយបានទទួលប្រតិកម្មចម្រុះពីអ្នកបោះឆ្នោត។
លោក Tom Nasrallah ដែលជាអ្នកគាំទ្រលោក Biden បាននិយាយថា៖ «ប្រតិកម្មមានចម្រុះ។ នៅក្នុងរដ្ឋនេះមានការគាំទ្រចម្រុះ។ នៅថ្ងៃនេះមានការគាំទ្រច្រើនដល់លោក Biden ហើយយើងមានការភ្ញាក់ផ្អើលនៅក្នុងតំបន់នេះ។ ...ខ្ញុំត្រូវការប្រធានាធិបតីល្អប្រសើរម្នាក់។ ខ្ញុំត្រូវការប្រធានាធិបតីម្នាក់ដែលមានចំណេះដឹង ហើយបម្រើប្រជារាស្ត្រ។ ហេតុនេះហើយបានជាយើងខំធ្វើការនៅ ទីនេះ»។
លោក Barack Obama ខាងគណបក្សប្រជាធិបតេយ្យបានឈ្នះឆ្នោតក្នុងរដ្ឋNorth Carolina យ៉ាងប្រកៀកប្រកិតកាលពីឆ្នាំ ២០០៨។ គណបក្សសាធារណរដ្ឋបានឈ្នះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីពីរលើកក្រោយមក ដោយឈ្នះតិចជាង ៤%។ ការស្ទង់មតិកាលពីពេលថ្មីៗនេះបង្ហាញថា លោក Biden នាំមុខតិចតួចបំផុតក្នុងរដ្ឋនេះ។
លោក Michael Bitzer សាស្ត្រាចារ្យផ្នែកនយោបាយនិងប្រវត្តិសាស្ត្រនៃមហាវិទ្យាល័យ Catawba បាននិយាយថា៖ «រដ្ឋ North Carolina មានការខ្វែងគំនិតគ្នាជូរចត់ណាស់។ ក៏ប៉ុន្តែវាជាការខ្វែងគំនិតគ្នាដែលសឹងតែស្មើគ្នារវាងក្រុមគាំទ្រគណបក្សនីមួយៗ។ គណបក្សទាំងពីរទំនងជាទទួលបានការគាំទ្រពី ៤៣ ទៅ ៤៥ ឬ ៤៦% នៃសន្លឹកឆ្នោត។ ប៉ុន្តែអ្នកបោះឆ្នោតដែលអាចបញ្ចុះបញ្ចូលបានអាចប្តូរការគាំទ្រពីគណបក្សមួយទៅគណបក្សមួយទៀតបាន ហើយការណ៍នេះអាចធ្វើឱ្យរដ្ឋ North Carolinaមានការប្រជែងខ្លាំងដូចកន្លែងផ្សេងទៀតក្នុងប្រទេសដែរ»។
បន្ថែមទៅនឹងការបោះឆ្នោតប្រធានាធិបតី រដ្ឋ North Carolina ក៏មានការបោះឆ្នោតព្រឹទ្ធសភាដ៏ក្ដៅគគុកផងដែរ ដែលអាចជួយកំណត់ថាតើគណបក្សណាមួយអាចនឹងគ្រប់គ្រងព្រឹទ្ធសភាបាន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ