ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​របស់​លោក​ត្រាំនៅ​ក្នុង​រដ្ឋសភាប្រឈម​នឹង​ការ​ចោទសួរ​ទាក់ទិន​នឹង​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ លោក Devin Nunes សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ ចូលរួម​អំឡុងពេលសក្ខីកម្មមួយពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។
រូបឯកសារ៖ លោក Devin Nunes សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ ចូលរួម​អំឡុងពេលសក្ខីកម្មមួយពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​កំណត់ត្រា​ហៅ​និង​ទទួល​ទូរស័ព្ទ​របស់​លោក Devin Nunes សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​សន្ទនា​ជាមួយ​នឹង​លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នក​ស៊ើបអង្កេតមក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លើ​ករណី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ត្រាំ ពី​តំណែង និយាយ​ថា លោក Giuliani គឺ​ជា​អ្នក​ដែល​ដឹក​នាំ​កិច្ចខិតខំប្រឹងប្រែង​ក្រៅ​ផ្លូវការ​មួយ ដើម្បី​បន្ទាប​តម្លៃ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Devin Nunes ដែល​ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ គឺ​ជា​អ្នក​នាំ​មុខ​គេ​ម្នាក់​ក្នុង​ការ​ការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង។ ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នោះធ្វើ​ឡើង​ដោយ​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​របាយការណ៍​ស្ដី​ពី​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ដែល​មាន​កម្រាស់​៣០០​ទំព័រ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយគណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់របស់​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា លោក Nunes ដែល​ជា​សមាជិក​សភា​តំណាង​រដ្ឋ California មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​អាស្រូវ​រវាង​លោក ត្រាំ និង​ប្រទេស​អ៊ុយក្រែន។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទសួរ​អំពី​ការ​ប្រព្រឹត្ត​ជា​ផ្លូវការ​របស់​លោក Nunes។ គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់របស់​រដ្ឋសភា​មាន​សមាជិក​ភាគច្រើន​មក​ពីគណបក្ស​ប្រជាធិបតេយ្យ។

សមាជិក​រដ្ឋសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​កំណត់ត្រាសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Nunes ជាមួយ​នឹង​លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក ត្រាំ។ អ្នក​ស៊ើបអង្កេត​របស់​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា ការ​រកឃើញ​នេះ​បាន​បង្ហាញ​ពី​ឥទ្ធិពល​ក្រៅ​ផ្លូវការ​ក្នុង​ការ​បន្ទាប​តម្លៃ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក្នុង​របៀប​មួយ​ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​នយោបាយ​ដល់លោក​ប្រធានាធិបតី​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

​កំណត់ត្រា​ហៅ​ទូរស័ព្ទ​បង្ហាញ​ថា មាន​ការ​ហៅ​ទូរស័ព្ទ​រវាង​លោក Giuliani និង​លោក Nunes ចំនួន​៥​ដង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩​។ ក្នុង​ចំណោម​នោះ ការ​ហៅ​ទូរស័ព្ទ​ចំនួន​ពីរ​ដង​ត្រូវ​បាន​ខក​ខាន​មិន​បាន​ទទួល ហើយ​ការ​សន្ទនា​ដែល​យូរ​បំផុត​មាន​រយៈពេល​បី​នាទី។ ការ​ហៅ​ទូរស័ព្ទ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក Giuliani ត្រូវ​បាន​ចោទប្រកាន់​ថា លោក​បាន​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​មួយ​ដើម្បី​ដក​តំណែង​អ្នកស្រី Marie Yovanovitch ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​។ យុទ្ធនាការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រែង​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន​ ឲ្យ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​លោក Joe Biden និង​កូនប្រុស គឺ​លោក Hunter Biden។ លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក អាច​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ប្រជែង​ជាមួយ​នឹង​លោក ត្រាំ នៅ​ឆ្នាំ​២០២០​ខាង​មុខ។

​កំណត់ត្រា​ហៅ​និង​ទទួល​ទូរស័ព្ទ​ដែល​ពី​មុន​មិន​ត្រូវ​បញ្ចេញ​ជា​សាធារណៈ ហើយ​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ដល់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភាដោយ​ក្រុមហ៊ុន AT&T និង​ក្រុមហ៊ុន Verizon នេះ ក៏​បាន​បង្ហាញ​ថា លោក Nunes ​បាន​សន្ទនា​តាម​ទូរស័ព្ទ​យ៉ាង​តិច​ចំនួន​បួន​ដង​ជាមួយ​នឹង​លោក Lev Parnas ដែល​ជា​ជំនួយការ​របស់​លោក Giuliani។ លោក Parnas គឺ​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អ៊ុយក្រែន ដែល​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​បំពាន​ការ​ចាត់ចែង​ថវិកា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោក Parnas ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ចូលរួម​នៅ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​របស់​លោក Giuliani ក្នុង​ការ​ជីក​កកាយ​រក​ព័ត៌មាន​បង្ខូច​ឈ្មោះ​ក្រុម​គ្រួសារ​របស់​លោក Biden។ លោក Parnas មិន​ព្រម​ទទួល​កំហុស​ចំពោះ​ការ​ចោទប្រកាន់​អំពី​បញ្ហា​ហិរញ្ញវត្ថុ​នោះ​ទេ។

ការ​សន្ទនា​តាម​ទូរស័ព្ទ​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ក្នុង​ចំណោម​សមាជិក​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ថា លោក Nunes គឺ​ជា​អ្នក​ធ្វើការ​នៅ​ពី​ក្រោយ​ ដើម្បី​ជួយ​ដល់​លោក​ប្រធានាធិបតី ត្រាំ។

លោក Nunes៖ ការ​ហៅ​ទូរសព្ទ​នោះ​មិន​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ

លោក Nunes បាន​ប្រាប់​លោក Sean Hannity ដែល​ជា​អ្នក​សម្របសម្រួល​របស់​ទូរទស្សន៍ Fox News កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ កន្លង​ទៅ​នេះ ថា ការណ៍​ដែល​លោក​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Giuliani ដែល​លោក​ធ្លាប់​ស្គាល់​ពី​មុន​មក មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ហើយ​ការ​សន្ទនា​ទាំង​នោះ​គឺ​ផ្ដោត​ខ្លាំង​ជាង​ទៅ​លើ​លោក Robert Mueller អតីត​រដ្ឋ​អាជ្ញា​ពិសេស និង​របាយការណ៍​របស់​លោក​ស្ដី​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្សី​ទៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៦។

នៅ​ពេល​សួរ​អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​លោក Parnas លោក Nunes បាន​ថ្លែង​ថា មិន​អាច​ទៅ​រួច​ទេ​ដែល​លោក​នឹង​ទទួល​ទូរស័ព្ទ​ពី​អ្នក​ណា​ដែល​លោក​មិន​ធ្លាប់​ស្គាល់​នោះ។

លោក Nunes បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ Fox News យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ទាន់​បាន​ពិនិត្យ​មើល​កំណត់ត្រា​ហៅនិង​ទទួល​ទូរស័ព្ទ​របស់​ខ្ញុំ​នៅ​ឡើយ​ទេ។ ខ្ញុំ​ពិត​ជា​មិន​ចាំ​ឈ្មោះ​នេះ​ទេ។ ខ្ញុំ​ចាំ​ឈ្មោះ​នេះ ដោយសារ​តែ​លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ជា​ផ្លូវការ»។ ​

យោង​តាម​កំណត់ត្រាហៅ​និង​ទទួល​ទូរស័ព្ទ​នៅ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង លោក Nunes បាន​និយាយទូរស័ព្ទ​ជាមួយ​នឹង​លោក Parnas យ៉ាង​ហោច​ណាស់​ចំនួន​បួន​ដង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ២០១៩ ដោយ​រួម​មាន​ទាំង​ការ​សន្ទនា​មួយ​ដែល​មាន​រយៈពេល​៨​នាទី​ផង​ដែរ។

លោក Parnas បាន​ចោទប្រកាន់​តាមរយៈ​មេធាវី​របស់​លោក​ថា លោក Nunes បាន​ប្រើប្រាស់​ថវិកា​បង់ពន្ធ​របស់​ពលរដ្ឋ​អាមេរិកាំង​ សម្រាប់​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ទីក្រុង Vienna កាល​ពី​ឆ្នាំ​២០១៨ ដើម្បី​ជួប​ជាមួយ​នឹង​អតីត​អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន លោក Viktor Shokin។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​សារព័ត៌មាន CNN។ មេធាវី​របស់​លោក Parnas ក៏​បាន​និយាយ​ថា កូន​ក្ដី​របស់​លោក​មាន​ឆន្ទៈ​នឹង​ផ្ដល់​សក្ខីកម្ម​ថា លោក​បាន​ជួប​ជាមួយ​នឹង​ជំនួយការ​របស់​លោក Nunes និង​លោក Giuliani ដើម្បី​ពិភាក្សា​អំពី​លោក Biden។

លោក Nunes បាន​ហៅ​ការ​ចោទប្រកាន់​នេះ​ថា«ជា​រឿង​ប្រឌិត»។ លោក​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​បណ្ដាញ​សារព័ត៌មាន CNN ផង​ដែរ ចំពោះ​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​សារព័ត៌មាន​នេះ​ទៅ​លើ​ការ​សន្ទនា​របស់​លោក​ជាមួយ​នឹង​លោក Parnas និង​បាន​គំរាម​ប្ដឹង​គេហទំព័រ​ផ្សាយ​ព័ត៌មាន The Daily Beast ចំពោះ​ករណី​ស្រដៀង​គ្នា​នេះ​ដែរ។ ​

លោក Todd Belt ជា​សាស្ត្រាចារ្យ​និង​ជា​នាយក​កម្មវិធី​គ្រប់គ្រង​នយោបាយ​នៃ​សាលា​គ្រប់គ្រង​នយោបាយ​របស់​សាកលវិទ្យាល័យ George Washington បាន​និយាយ​ថា៖ «វា​គឺ​ជា​រឿង​ធម្មតា ដែល​សមាជិក​រដ្ឋសភា​ទាក់ទង​ជាមួយ​នឹង​បុគ្គល​ដទៃ​នៅ​បរទេស»។ ​

សមាជិក​រដ្ឋសភា​ជា​ញឹកញយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នានា​តាមរយៈ​ក្រសួង​ការបរទេស​ ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រទេស​នានា​ដែល​ទទួល​បាន​ជំនួយ​ពី​សហរដ្ឋអាមេរិក។

ប៉ុន្តែ​លោក Belt បាន​និយាយ​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ​ការងារ​ក្រៅ​ផ្លូវការ​របៀប​នេះ​គឺ​មិន​ធម្មតា​នោះ​ទេ»៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG