ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​នឹង​ស្ដាប់​ភស្តុតាង​របស់​មេធាវី មុន​ពេល​ឈាន​ដល់​ការ​បោះ​ឆ្នោត​លើ​បទ​ចោទ​ប្រឆាំង​នឹង​លោក Trump


លោក Jerrold Nadler ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ថ្លែង​នៅ​ក្នុង​សវនាការ​មួយ​អំពី​មូលដ្ឋាន​ធម្មនុញ្ញ​សម្រាប់​ការ​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង នៅ​ក្នុង​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។
លោក Jerrold Nadler ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ថ្លែង​នៅ​ក្នុង​សវនាការ​មួយ​អំពី​មូលដ្ឋាន​ធម្មនុញ្ញ​សម្រាប់​ការ​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង នៅ​ក្នុង​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

មេធាវី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រោង​នឹង​បង្ហាញ​ភស្តុតាង​នៅ​ថ្ងៃ​ចន្ទ​នេះ​ដល់​សមាជិក​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​គណៈកម្មាធិការ​នេះ​ឈាន​ឆ្ពោះ​ទៅ​ដល់​ដំណាក់កាល​ដែល​អាច​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សប្ដាហ៍​នេះ​អំពី​បទ​ចោទ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

សវនាការ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នេះ​នឹង​រួម​មាន​ការ​ថ្លែង​របស់​មេធាវី​មក​ពី​គណៈកម្មាធិការ​នីតិកម្ម និង​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​ផង​ដែរ។

មិន​មាន​មន្ត្រី​ណា​ម្នាក់​មក​ពី​សេតវិមាន​ប្រធានាធិបតី​នឹង​ចូលរួម​នៅ​ក្នុង​សវនាការ​នេះ​ទេ។ មេធាវី​សេតវិមាន​លោក Pat Cipollone បាន​រិះគន់​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នេះ​ថា «គ្មាន​មូលដ្ឋាន​ទាំងស្រុង» និង​បាន​ហៅ​បទ​ចោទ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នេះ​ថា​ជា «ការ​រំលោភ​អំណាច​ដោយ​ទទឹងទិស»។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ហៅ​ដំណើរការ​នេះ​ថា​ជា «ការ​តាម​ព្យាបាទ» និង​ជា «ការ​បោកប្រាស់» ហើយ​ថែម​ទាំង​ខ្វះ​នីតិវិធី​ត្រឹមត្រូវ​ទៀត​ផង។ ស្រប​ពេល​នោះ​ដែរ លោក​ក៏​បាន​ផ្សព្វផ្សាយ​បន្ត​នូវ​សារ​មួយ​ចំនួន​របស់​អ្នក​ដទៃ​ទៀត​ដែល​និយាយ​ថា លោក​ត្រូវ​គេ​ធ្វើ​ទង្វើ​អយុត្តិធម៌​មក​លើ។

សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា ភស្តុតាង​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Trump គឺ​ជាក់​ច្បាស់។

ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​លោក Jerrold Nadler បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា លោក Trump នឹង​ត្រូវ​គេ​រក​ឃើញ​ថា​មាន​កំហុស​ក្នុង​រយៈពេល​តែ «៣ នាទី​គត់» ប្រសិនបើ​លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នៅ​ពី​មុខ​គណៈកម្មការ​វិនិច្ឆ័យ​នៃ​តុលាការ​ព្រហ្មទណ្ឌ ដែល​ថា លោក​បាន​រំលោភ​អំណាច​ដោយសារ​លោក​បាន​ស្នើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG