ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹង​ប្រកាស​អំពី​បទ​ចោទ​ប្រកាន់​លោក Trump នៅ​ថ្ងៃ​អង្គារ​នេះ


អ្នកស្រី Nancy Pelosi អញ្ជើញ​ទៅ​ដល់​វិមាន​សភា​ដើម្បី​ថ្លែង​ពី​ស្ថានភាព​នៃ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹង​ប្រកាស​អំពី​បទ​ចោទ​នៃ​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង នៅ​ឯ​សន្និសីទ​កាសែត​នៅ​វិមាន​សភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ប្រធាន​គណៈកម្មាធិការ​នីតិកម្ម គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការ​បរទេស គណៈកម្មាធិការ​កិច្ចការ​ហិរញ្ញវត្ថុ និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​នៃ​រដ្ឋសភា គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​កាសែត​នេះ ដែល​ពួកគេ​បញ្ជាក់​ថា ពួកគេ​នឹង​ប្រកាស​អំពី «ជំហាន​បន្ទាប់» នៃ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

ការ​វិវត្ត​នេះ​បាន​កើត​ឡើង បន្ទាប់ពី​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា បាន​បិទ​បញ្ចប់​សវនាការ​ចោទ​ប្រកាន់​ដើម្បី​ដក​លោក Trump ពី​តំណែង​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​លោក Jerrold Nadler ដែល​ជា​ប្រធាន​គណៈកម្មាធិការ​នេះ និយាយ​ថា ការ​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ការ «បន្លំ​ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត» គឺ​ជា​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​ជាតិ។

លោក Eliot Engel ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi មក យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា មាន​ការ​ឯកភាព​គ្នា​ច្រើន»។

សមាជិក​សភា​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​អំពី​ថា​តើ​បទ​ចោទ​ចំនួន​ប៉ុន្មាន​ដែល​កំពុង​ត្រូវ​បាន​រៀបចំ​ឡើង​នោះ​ទេ។ ប៉ុន្តែ​គេ​រំពឹង​ថា បទ​ចោទ​ទាំង​នោះ​នឹង​មាន​បញ្ចូល​នូវ​បទ​ចោទ​អំពី​ការ​រំលោភ​អំណាច និង​ការ​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា។

ប្រសិនបើ​លោក Trump ត្រូវ​បាន​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង នោះ​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​បើក​សវនាការ​កាត់​ទោស​លោក​នៅ​ខែ​មករា​ខាង​មុខ​នេះ។ ប៉ុន្តែ​ការ​ផ្ដន្ទាទោស​ដក​រូប​លោក​ចេញ​ពី​តំណែង​បាន​គឺ​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ ៦៧ លើ ១០០ នៅ​ក្នុង​ព្រឹទ្ធសភា ដែល​ករណី​នេះ​គឺ​ទំនង​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារតែ​យ៉ាង​ហោច​ណាស់​តម្រូវ​ឲ្យ​មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ២០ នាក់ ប្រឆាំង​នឹង​លោក Trump៕

XS
SM
MD
LG