លោក Jared Kushner ដែលជាកូនប្រសារនិងជាទីប្រឹក្សាជាន់ខ្ពស់របស់លោក Donald Trump ប្រធានាធិបតីស.រ.អា.បានទៅទស្សនកិច្ចប្រទេសអ៊ីរ៉ាក់ ហើយបានជួបជាមួយមន្ត្រីអ៊ីរ៉ាក់ជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីផែនការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម។
លោក Kushner បានធ្វើដំណើរទៅទីក្រុង Baghdad កាលពីថ្ងៃចន្ទម្សិលមិញ ជាមួយលោក Joseph Dunford ដែលជាប្រធានអគ្គមេបញ្ជាការចម្រុះ។ ការិយាល័យរបស់លោក Haider al-Abadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និយាយថា កាលពីថ្ងៃចន្ទលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានជួបជាមួយមន្ត្រីស.រ.អា.ទាំងពីរ។ ក្រសួងការពារជាតិអ៊ីរ៉ាក់បានផ្សព្វផ្សាយវីដេអូដែលក្នុងនោះលោក Irfan al-Hayali រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ក៏បានជួបជាមួយមន្ត្រីអាមេរិកផងដែរ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យលោក Dunford និយាយថា ទស្សនកិច្ចនេះមានបំណងជួបជាមួយមេដឹកនាំអ៊ីរ៉ាក់ និងជួបកងកម្លាំងអាមេរិកនៅប្រទេសនោះ ដើម្បីទទួលបានព័ត៌មានចុងក្រោយអំពីការវាយប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម៕