មហាសេដ្ឋីលោកដូណាល់ ត្រាំ (Donald Trump) និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា លោកស្រីហ៊ីឡឺរី គ្លីនតុន (Hillary Clinton) បានទទួលជ័យជម្នះព្រមគ្នាក្នុងការបោះឆ្នោតជាបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីកាលពីថ្ងៃអង្គារក្នុងរដ្ឋញូវយ៉ក ដែលស្ថិតនៅភាគឦសានប្រទេស។ ការណ៍នេះបានធ្វើឲ្យគូប្រជែងនយោបាយទាំងពីរបន្តនាំមុខគេក្នុងការទទួលបានការជ្រើសតាំងតំណែងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។
គូរប្រជែងទាំងពីរបានឈ្នះការបោះឆ្នោតដោយចំនួនច្រើន។ លោកត្រាំឈ្នះការបោះឆ្នោតនោះដល់ទៅ ៦០ភាគរយ បើធៀបនឹងដៃគូប្រជែងក្នុងគណបក្សដូចគ្នាគឺលោក John Kasich អភិបាលរដ្ឋ អូហៃយ៉ូ (Ohio) ទទួលបានតែ ២៥ ភាគរយ ហើយលោក Ted Cruz សមាជិកព្រឹទ្ធសភាមកពីរដ្ឋតិចសាស (Texas) ទទួលបានតែ១៥ភាគរយ។
លោកត្រាំទទួលបានចំនួនប្រតិភូ ៩៥ទៀត ដែលធ្វើឲ្យលោកទទួលបានចំនួនប្រតិភូដល់ទៅ ៨៤៥នាក់។
លោកស្រីគ្លីតុន បានឈ្នះការបោះឆ្នោតដែរ ហើយលោកស្រីទទួលបានចំនួនប្រតិភូដល់ទៅ១៨៨៧ និងចំនួនប្រតិភូជាន់ខ្ពស់ជាច្រើនទៀតដំណាលគ្នា ដែលគូប្រជែងក្នុងគណបក្សលោកស្រីគឺលោក Bernie Sanders ទទួលបានប្រតិភូតែ១១៧៤។ បេក្ខជនទាំងពីរគណបក្សនឹងត្រូវទទួលការជ្រើសតាំងផ្តាច់ព្រ័ត្រក្នុងមហាសន្និបាតនៃគណបក្សរៀងៗខ្លួនមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ៕