ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Cruz និង​លោក Sanders ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ Wisconsin​


បេក្ខជន​ឈរឈ្មោះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ Bernie Sanders បញ្ចេញ​កាយវិការ​ទៅ​កាន់​អ្នកគាំទ្រ​អំឡុង​ពេល​យុទ្ធនាការ​មួយ​នៅ​ទី​ក្រុង​​Laramie រដ្ឋWyo កាល​ពី​ថ្ងៃអង្គារ ទី៥​ មេសា​​ឆ្នាំ២០១៦។
បេក្ខជន​ឈរឈ្មោះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ Bernie Sanders បញ្ចេញ​កាយវិការ​ទៅ​កាន់​អ្នកគាំទ្រ​អំឡុង​ពេល​យុទ្ធនាការ​មួយ​នៅ​ទី​ក្រុង​​Laramie រដ្ឋWyo កាល​ពី​ថ្ងៃអង្គារ ទី៥​ មេសា​​ឆ្នាំ២០១៦។

លោក Ted Cruz បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Bernie Sanders បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​ ស្ថិត​នៅ​ពី​ក្រោយ​គេ​នៅ​ក្នុង​ការប្រកួត​ដើម្បី​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស​របស់​ខ្លួនដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី ​ប៉ុន្តែ​ពួកគេ​ទាំង​២​នាក់​ទទួល​បាន​ជ័យជំនះ​ដ៏​សំខាន់​នៅ​ក្នុង​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ Wisconsin ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ​នេះ។

លោក Cruz បាន​យក​ឈ្នះ​លើ​លោក Donald Trump ​ចំនួន​១៥​ពិន្ទុ យោង​តាម​លទ្ធផល​ដែល​ចេញ​ភ្លាមៗ ហើយ​លោក​បាន​ហៅ​ជ័យជំនះ​នេះ​ថា​ជា​ «ចំនុច​របត់​មួយ»​និង​ «ការសហការ​គ្នា​រវាង​ប្រជាពលរដ្ឋ» ​អាមេរិកាំង។

លោក Cruz សមាជិក​ព្រឹទ្ធសភា​រដ្ឋ Texas ក៏​បាន​ផ្តោត​ការចាប់អារម្មណ៍​របស់​លោក​ទៅ​លើ​លោកស្រី Hillary Clinton អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ដោយ​បាន​អួតអាង​ខ្លួន​ឯង​ថា លោក​នឹង​មិន​គ្រាន់​តែ​យក​ឈ្នះ​ដើម្បី​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នោះ​ទេ លោក​នឹងយក​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទៀត​ផង។ ​

លោក Cruz បាន​មាន​ប្រសាសន៍​ថា «​ដូច្នេះ​ខ្ញុំសូម​និយាយ​ថា លោកស្រី Hillary ​ត្រៀម​ខ្លួនទៅ​។ យើង​មក​ដល់​ហើយ»។

លោក Trump ​មិន​បាន​ថ្លែង​សុន្ទរកថា​សាធារណៈ​នោះ​ទេ បន្ទាប់​ពី​ការបោះឆ្នោត​នេះ​ត្រូវ​បាន​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​អង្គារ ប៉ុន្តែ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​បាន​ចេញ​លិខិត​មួយ​ វាយប្រហារដោយ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅ​កាន់​លោក Cruz ​ថា​លោក​ត្រូវ​បាន​ជំរុញ​ដោយអ្នក​ដែល​មិន​គាំទ្រលោក Trump ក្នុង​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​សមាជ​បក្ស​នៅ​ទីក្រុង Cleveland នៅ​ខែ​កក្កដា​ខាង​មុខ​នេះ៕

XS
SM
MD
LG