ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចាប់​អារម្មណ៍​ខ្លាំង​ទាក់​ទង​នឹង​ការ​បោះឆ្នោត​​ប្រធានាធិបតី​ស.រ.អា.​លើក​នេះ


 ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅរដ្ឋ​ Maryland (ម៉ារីឡែន)​​និង​ជាអ្នក​វិភាគ​នយោបាយ​អាមេរិក​ឯករាជ្យ​
​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅរដ្ឋ​ Maryland (ម៉ារីឡែន)​​និង​ជាអ្នក​វិភាគ​នយោបាយ​អាមេរិក​ឯករាជ្យ​

ការ​ប្រកួត​ប្រជែង​ដ៏ស្រួច​ស្រាវ​រវាង​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​កំពុង​បន្ត​ដំណើរ​ការ​តាម​រដ្ឋ​នានា​ពាស​ពេញ​ស.រ.អា.។​ ពលរដ្ឋខ្មែរ​អាមេរិកាំង​កំពុង​សម្លឹង​មើល​បេក្ខជន​ដែល​ពួក​គេ​ត្រូវ​បោះឆ្នោត​ជូន​ នាពេល​ខាងមុខ។​ ​ក្រុម​អ្នក​បោះឆ្នោត​ខ្លះ​នៅ​មិន​ទាន់​អាច​កំណត់​បាន​ថា​ តើ​បេក្ខជន​ណា​ដែល​ពួកគេ​អាច​ផ្ញើរ​វាសនា​សម្រាប់​អនាគត​នោះ​ទេ ​ តែ​អ្នកខ្លះ​ក៏​បាន​និយាយ​ដែរ​ថា ​គណបក្ស​ណាមួយ​ឈ្នះ​ឆ្នោត​ក៏​មិន​មាន​ចំណោទ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​គេ​ដែរ ដោយសារ​ទាំង​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​ការ​យកចិត្ត​ទុកដាក់​សម្រាប់​បញ្ហា​កម្ពុជា​ច្រើន​ជាង​មុន។ ​

បេក្ខជន​នាំ​មុខ​គេ​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​បេក្ខជន​ខាង​គណបក្ស​សាធារណ​រដ្ឋ​កំពុង​ឃោសនា​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តា​រដ្ឋ​ផ្សេងៗ​ក្នុង​ស.រ.អា.។​ បេក្ខជន​នីមួយៗ​បាន​បង្ហាញ​គោល​នយោបាយ​ការ​បរទេស ​សន្តិសុខ​ជាតិ ​បញ្ហា​ពង្រឹក​សេដ្ឋកិច្ច ​និង​សង្គម​នានា​ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​ចម្រុះជាតិ​សាសន៍។​ រីឯ​ក្រុម​អ្នក​តាម​ដាន​ និងអ្នក​បោះឆ្នោត​កំពុង​ផ្ទៀងផ្ទាត់​ទៅ​លើ​គោល​នយោបាយ​ទាំងនោះ​ផង​ ទៅ​លើ​បទពិសោធន៍​សមត្ថភាព​ សវតា​ និង​គំនិត​កសាង​ប្រទេស​របស់​បេក្ខជន​ទាំងពីរ​គណបក្ស​ផង​ដែរ។ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅតាម​រដ្ឋនានា​ក៏មិន​ខុស​ពី​ពលរដ្ឋ​ដទៃ​ទៀត​ដែរ​ គឺ​មាន​ការ​ពិចារណា​ច្រើន​ទៅ​ប្រវត្តិ​របស់​បេក្ខជន​ម្នាក់ៗ​មុន​នឹង​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជូន​បេក្ខជន​ណាមួយធ្វើជា​ប្រធានាធិបតី​នៅខែ​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ។​

លោក​គុជ ច័ន្ទលី ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅរដ្ឋ​ Maryland (ម៉ារីឡែន)​ បាន​ថ្លែង​ថា​ លោក​បាន​តាមដាន​យ៉ាង​ល្អិត​ល្អន់​ចំពោះ​ការ​ប្រកួត​ប្រជែង​រក​សំឡេងឆ្នោត។​

«ចំពោះ​បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន​នីមួយៗ​ហ្នឹង​បាន​សម្តែង​ឲ្យ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ឃើញ​រាប់ខែ​មក​ហើយ​ រាប់ទាំង​ពី​កំណើត​ដែល​ខ្លួន​កើតមក​ ហើយ​មាន​អាជីវកម្ម​ធ្វើអ្វី​ខ្លះ​ កម្រិតការ​សិក្សា​ និង​និន្នាការ​នយោបាយ​ បទ​ពិសោធន៍​ផ្សេងៗ​ក្នុង​រឿង​ដឹកនាំ​ប្រទេស​ ឥទ្ធិ​ពល​លើ​នយោបាយ​ការ​បរទេស​ បច្ចេក​ទេស​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ ត្រូវ​បាន​បកស្រាយ​ជូន​ម្ចាស់​សន្លឹក​ឆ្នោត​ឲ្យ​គេ​បាន​ដឹក​ជំហរ​និង​បន្ទាត់​នយោបាយ​របស់​ខ្លួន​រៀងៗ​ខ្លួន»។​

លោក​គុជ ច័ន្ទលី​បាន​បន្ត​ថា​ ទោះជា​លោក​ Bernie Sanders ​ទំនងជា​មិន​អាច​ប្រកួត​ឈ្នះ​លោកស្រី ​ហ៊ីលឡារីគ្លីនតុន​ (Hillary Clinton)ក៏​ដោយ​ ក៏​លោក​មាន​ការ​ពេញ​ចិត្តចំពោះ​លោក Bernie Sanders​ (ប៊ែនី ស៊ែនឌ័រ)​ ដោយ​សារលោក​ជា​សមាជិក​ព្រឹទ្ធ​សភា​ស្អាតស្អំ​ សម្តែងការ​ស្មោះ​ត្រង់​ចំពោះប្រជា​ពលរដ្ឋ​ជាង​គេ​ ​ក្នុង​ចំណោម​បេក្ខជន​ទាំងអស់​គ្នា។ ​ដោយ​ឡែក លោក​គុជ ច័ន្ទលី​ថ្លែង​ថា លោកស្រី​គ្លីនតុន​មាន​បទ​ពិសោធន៍ច្រើន​ក៏​ពិត​មែន ​តែមាន​រឿង​អាស្រូវ​ខ្លះ​កាលពីអតីតកាល ​ដូចជា​ការ​ប្រើ​សារ​អេឡិចត្រូនិច​ផ្ទាល់ខ្លួន​បែប​អាថ៌​កំបាំង ​និង​ការ​ដែល​លោកស្រី​ក្នុង​នាម​ជារដ្ឋ​មន្ត្រី​ការ​បរទេស​ បាន​អន្តរាគមន៍​យឺត​ ពេល​ដែល​មន្ត្រី​ទូត​ និង​ឯកអគ្គ​រដ្ឋទូត​អាមេរិកាំង​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ភេរកម្ម​នៅ​ Benghazi (បិនហ្កាស៊ី)​ ប្រទេស Libya ​(លីប៊ី)​ ជាដើម។​

«ទោះជា​យ៉ាងណា​ក្តី​ ខ្ញុំ​ឃើញ​ថា ​លោកស្រី ​Hillary (ហ៊ីលឡារី)​ មាន​ជំហរ​បម្រើផល​ប្រយោជន៍​អាមេរិកាំង​ច្រើន​ជាង​បម្រើ​ផល​ប្រយោជន៍​ប្រទេស​តូចតាច​ដែល​កំពុង​ត្រូវការ​ជំនួយ​ពីស.រ.អា. ​ដូចជា​ប្រទេស​ខ្មែរ​ជាដើម។​ លោក ​Bernie Sanders ​(ប៊ែនី ស៊ែនឌ័រ) ​គាត់​មាន​យុទ្ធវិធី​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ភេរវជន​ក្រុម ​ISIS (​រដ្ឋឥស្លាម)​ជាដើម​ ហើយ​នឹង​ជនផ្តាច់​ការ​និយម ​នៅក្នុង​ពិភពលោក​នេះ​ដែរ»។​

ចំពោះ​បេក្ខជនគណបក្ស​សាធារណរដ្ឋ​ ដូចជា​លោក​ឌូណាល់ ត្រាំ​ (Donald Trump) ​វិញ​ ​លោក​គុជ ច័ន្ទលី​បាន​អះអាង​ថា ​បេក្ខជន​រូបនេះ​បាន​ធ្វើការ​ឃោសនា​យ៉ាង​សាហាវ​ប្រឆាំង​ជន​ផ្តាច់​ការ​និយម​ និង​ភេរវករ​ជាដើម។​

«Donald Trump ​(ដូណាល់ ត្រាំ)​ ដែល​គាត់នាំ​មុខ​គេ​គឺ​ត្រង់​ថា ​គាត់មិន​ខ្លាច​នឹង​និយាយ​អ្វីដែល​គាត់​ចង់​និយាយ​ ហើយ​គាត់​ប្រឈមមុខ​ជាមួយ​នឹង​ជន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាមេរិកាំង​ដោយ​ចំហ​តែ​ម្តង។ ​កន្លែង​ហ្នឹង​ហើយ​ដែល​ប្រជាពល​រដ្ឋ​អាមេរិកាំង​គាំទ្រ​គាត់។​ ចំណែក​ខាងលោកថិត គ្រូហ្ស​ ​(Ted Cruz) ​ហ្នឹង​គាត់​មាន​ស្នៀត​មិនល្អ​ច្រើន​ធៀបនឹង​ក្រុម​ផ្តាច់ការ​និយម​នៅក្នុង​ប្រទេស​តូចតាច​មួយ​ចំនួន​គឺ​ថា ​សូម្បី​តែ​ក្នុង​ការ​ឃោសនា​ក្តី​ គាត់​ប្រើ​ការ​ឃោសនា​ដោយ​ស្នៀត​មិន​ល្អ​ ដោយ​មាន​លក្ខណៈ​ជា​ការ​បន្លំ​ ការ​ឃោសនា​ដោយ​មិន​ថ្លៃ​ថ្នូរ។​ ចំណែកលោក​ចន កាស៊ីក​ (John Kasich)​ វិញ​ ខ្ញុំ​ជឿ​ថា​ គ្មាន​វាសនា​អាច​ក្លាយ​ជា​បេក្ខជន​តំណាង​គណបក្ស​សាធារណ​រដ្ឋ​ទេ​ តែ​គាត់​ធ្វើការ​តស៊ូ​ក្នុង​ការ​សន្សំ​ចំនួន​ពួក​គណៈ​ប្រតិភូ​ហ្នឹង​បាន​មួយ​ចំនួន​ដើម្បី​កសាង​ឈ្មោះ​របស់​គាត់​ឲ្យ​កាន់​តែ​ល្បី ​ហើយនឹង​ទៅជា​អ្នក​នយោបាយ​មួយ​នៅជំនាន់​ក្រោយៗ​ទៀត»។​

លោក​គុជ ច័ន្ទលី​បាន​បន្ត​ថា​ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជា​ច្រើន​អាច​ចូល​ចិត្ត​សារ​របស់​លោកត្រាំ​ពាក់ព័ន្ធ​នឹង​ការ​ប្តេជ្ញា​របស់​គាត់​ប្រឆាំង​នឹង​មេ​ដឹកនាំ​ផ្តាច់ការ​លើ​ពិភព​លោក ​និង​ការ​ប្រយុទ្ធ​នឹង​អំពើ​ភេរវ​កម្ម។​

«ប្រជា​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ដើម​កំណើត​ខ្មែរ​ដែល​អាច​បោះ​ឆ្នោត​បាន​ ហ្នឹង​យល់​ឃើញ​ថា​ ប្រទេស​ជាតិ​របស់ខ្លួន​ ប្រទេស​ខ្មែរ​សព្វ​ថ្ងៃ​ហ្នឹង​កំពុង​តែត្រូវ​ការ​ការ​ចាប់​អារម្មណ៍​ពី​ស.រ.អា.​ខ្លាំង​ ហើយ​គេ​បាន​រៀន​សូត្រ​ថា​ ប្រធានាធិបតី​នៅ​ក្នុង​គណបក្ស​សាធារណ​រដ្ឋ​ច្រើន​តែ​យក​ចិត្តទុក​ដាក់​ជួយ​ប្រទេស​តូចតាច​ រើ​បម្រះ​ពី​របប​ផ្តាច់ការ​និយម​ ហើយ​នឹង​ទប់ទល់​ជាមួយ​នឹង​ជន​ខិលខូច​ ពុក​រលួយ​ អ្វី​ផ្សេងៗ​ហ្នឹង​ច្រើន​ជាង​គណបក្ស​ប្រជា​ធិបតេយ្យ។​ ដូច្នេះ​ខ្មែរ​យើង​ហ្នឹង​នាំ​គ្នា​ភ្លូក​ទឹក​ ភ្លូកដី​ចង់គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ ជាពិសេស​ Donald Trump ​(ដូណាល់ ត្រាំ)​ហ្នឹង​តែ​ម្តង។​ តែ​វា​ជាការ​មួយ​ពិបាក​សន្និដ្ឋាន​ ពីព្រោះ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ទាំងបី​រូប​ហ្នឹង​ដូចជា​ពុំមាន​លក្ខណៈ​សម្បត្តិ​ខ្ពង់ខ្ពស់​គ្រប់គ្រាន់​អាច​ទៅ​ឈ្នះ​ឆ្នោតទីផ្តាច់​ព្រ័ត្រ​បាន​ទេ​ សូម្បី​ Donald Trump ​(ដូណាល់ ត្រាំ)​ប្រកួត​ជាមួយលោកស្រី​ហ៊ីឡារី គ្លីនតុន​ ​ក៏​ដោយ»។​

តែ​លោក​ថា​ ខ្មែរ​មួយ​ចំនួន​ទៀតក៏​ចង់​រក្សា​គណបក្ស​ប្រជា​ធិបតេយ្យ​ដែរ ​ដោយ​សារ​តែ​បទ​ពិសោធន៍​លោកស្រី​គ្លីនតុន ​ការ​គិតគូរ​ពី​ផល​ប្រយោជន៍​ស.រ.អា.។​

លោកមាស ជា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​ Pennsylvania (ភិនស៊ីលវីនៀ)​ ​បាន​ថ្លែង​ថា​ បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​នេះ​ពិបាក​ជ្រើស​រើស។​

«ទី១​លោក Donald Trump ​(ដូណាល់ ត្រាំ)​ ដែល​រត់​មុខ​គេ​ក្នុង​គណបក្ស​សាធារណ​រដ្ឋនោះ​ ជា​បុគ្គល​ឈ្លើយ​បន្តិច ​ក្អេងក្អាង ​រី​ឯ​អ្នកស្រី​ Hillary Clinton (ហ៊ីលឡារី គ្លីតុន) ​គាត់​មិន​ដែល​ធ្វើ​ទាហាន។ ​ ​កិច្ចការ​បរទេស​ គាត់​ដូច​គាត់​ក្នុង​អាណត្តិរបស់​គាត់​ជា​រដ្ឋ​មន្ត្រីការ​បរទេស​របស់​គាត់​ គាត់​បណ្តោយ​ឲ្យ​ឯក​អគ្គរដ្ឋ​ទូត​មួយ​ស្លាប់​ដោយ​ពួក​ភេរវករ ​ហើយ​អញ្ចឹង​អាមេរិកាំង​ ទាំងខ្ញុំ​ អត់មាន​ការ​ទុក​ចិត្ត​គាត់​ទេ ​បើ​គាត់​ជា​បុគ្គល​រត់មុខ​ក្នុង​គណបក្ស​ប្រជា​ធិបតេយ្យ។​ បុគ្គល​ទាំងពីរ​ហ្នឹង​ ​ខ្ញុំ​ពិបាកមែន​ទែន។​ ឥឡូវ​ហ្នឹង ​កំពុង​គិត​បន្ត​ទៅ​ទៀត​ថា ​ត្រូវ​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ណាមួយ​នៅ​ពេល​ខាង​មុខ ​ខែ​១១​ហ្នឹង​បាទ»។​

​លោក​មាន​ការ​រារែក​ ដោយ​សារ​ថា​ ក្រុម​គណបក្ស​សាធារណរដ្ឋ​មាន​អ្នកមាន​ ​ហើយ​ច្រើន​ជាអ្នក​គិតគូរ​ដល់​ប្រទេស​ក្រៅ ​ដូច​ជា​កម្ពុជា។ លោក​ថា លោក​កំពុង​រក​បេក្ខ​ជនណា​ដែល​គិត​ពី​ប្រទេស​កំណើត​ខ្លួន​ខ្លះ​ដែរ។​

«អញ្ចឹង​យើង​ភាគ​ច្រើន​ យើង​យក​ចិត្ត​ទុកដាក់​ទាំងពីរ​ ទាំង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​ទាំងខាង​គណបក្ស​សាធារណរដ្ឋ។​ រហូត​មក​ដល់​ពេលនេះ​ វា​ស្ថិត​នៅ​ក្នុង​ការ​ប្រជែង​គ្នា​ដើម្បី​យក​បេក្ខជន​ទី១។ ​ខាង​គណបក្ស​សាធារណ​រដ្ឋ​រក​បេក្ខ​ជន​ទី១​ខាង​សាធារណៈរដ្ឋ។​ ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​រក​បេក្ខជន​ទី១​ខាង​ប្រជា​ធិបតេយ្យ ដែល​គេ​កំពុង​តែ​លក់​គំនិត​ដូច​គ្នា។​ សព្វថ្ងៃ​នេះ​យើង​កំពុង​តែ​តាម​ដាន»។​

លោក​អះអាង​ថា​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ លោក​នៅ​មាន​ពេល​រហូត​ដល់​ខែ​មិថុនា​ដើម្បី​សម្រេច​ចិត្ត។​

លោក​អ៊ិន សួន​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្រុង Oakland​ (អូកឡែន) ​រដ្ឋ California​ (កាលីហ្វ័រញ៉ា)​ បាន​ថ្លែង​ថា៖​

«ខ្ញុំ​ ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​តាំងពី​ដើម​មក។​ ខ្ញុំ​ជម្រាប​ដោយ​ត្រង់​ទៅចុះ​ ​មិន​ដឹងយ៉ាង​ម៉េច​ ខ្ញុំ​ស្រឡាញ់​គណបក្ស​នេះ​ ហើយ​នឹង​បុគ្គលិក​លក្ខណៈ​ ហើយនឹង​កិច្ចការ​អី​ទាំងអស់​ហ្នឹង។ ខ្ញុំ​បាន​ធ្លាប់​តាម​ដាន​មក ​មកដល់​ពេល​ឥឡូវ​ហ្នឹង​ ខ្ញុំ​ហាក់​ដូច​មាន​ការ​ស្រងាក​ចិត្ត​បន្តិច​ពី​រឿង​ការ​ផ្សព្វ​ផ្សាយ​គណបក្ស​ខ្លះៗ ​ដែល​បាន​និយាយ​ប៉ះ​ទង្គិច​ទៅលើ​ប្រជា​ពលរដ្ឋ​ភាគតិច​នៅ​ក្នុង​ស.រ.អា.​នេះ។ ​ម្ល៉ោះ​ហើយ​មាន​ការស្រងាក​ចិត្ត​ ហើយ​ខ្ញុំ​មិន​ដឹង​ថា ​ខ្ញុំ​បែរ​ផ្លូវ​ទិស​ទៅ​ខាង​ណា​ បោះ​ឆ្នោត​ជូន​គណបក្ស​ណា​នៅ​ឡើយ​ទេ»។​

ក្រុម​ពល​រដ្ឋខ្មែរ​អាមេរិកាំង​ខ្លះ​បានអះអាងថា​ ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជិត​កន្លះ​លាន​នាក់នោះ​ ​មាន​មួយ​ចំនួន​ធំ​មិន​សូវ​បាន​ចេញ​ទៅ​បោះឆ្នោត​ទេ ​ដោយសារ​បញ្ហា​ផ្សេងៗ​ រួម​ទាំង​ការ​ដែល​មិន​បាន​ចូល​សញ្ជាតិ​ ការ​មិន​អើពើ ​ការ​មិន​ចេះ​អក្សរ​អង់គ្លេស ​ជា​ដើម។​

លោក​ព្រហ្ម សៅរ៍នរា​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ Virginia (វីជីនៀ) បាន​ ថ្លែង​ថា ​ទាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​កិច្ចសហ​ប្រតិបត្តិ​ការ​ល្អ​ជាមួយ​សហគមន៍​ខ្មែរ​អាមេរិកាំង។​ សភា ​និង​ព្រឹទ្ធ​សភា​ស.រ.អា.​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ ហើយ​ទាំង​សមាជិក​សភា​ និង​ព្រឹទ្ធ​សភា​បាន​ជួយ​ជ្រោម​ជ្រែង​កិច្ចការ​ខ្មែរ​ព្រម​គ្នា។​

«ដូច្នេះ​ចំពោះ​ខ្មែរ​អាមេរិកាំង​ ខាងណា​ជាប់​ក៏​មិន​មាន​ចំណោទ​ទេ។​ យើង​ទទួល​បាន​ទាំង​សងខាង​ ហើយ​អ្នកទាំង​អស់គ្នា​ក៏​គេ​ខំប្រឹង​ប្រែង​ជួយ​ខ្មែរ​ទាំងសង​ខាង​ ហើយ​យើង​ក៏​យល់​ថា​ ប្រយោជន៍​យើង​ជាមួយ​ស.រ.អា. ​ទោះបី​ជា​ខាង​គណបក្ស​ណា​ឈ្នះ​ ក៏​យើង​នឹង​ធ្វើការ​សហការ​ជាមួយ​គេ​ដោយ​គ្មាន​ការ​រើស​អើង​ដែរ»។

​លោក​ថា ​បេក្ខជន​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នឹង​អាច​ជាលោក​ស្រី​គ្លីនតុន​ ហើយ​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ Donald Trump ​(ដូណាល់ ត្រាំ)។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយសារ​គ្មាន​បេក្ខជន​ណា​ទំនង​ជា​អាច​យក​ឈ្នះ​បេក្ខជន​នាំមុខ​គេ​ទាំង​ពីរ​នៃ​គណបក្ស​ទាំង​ពីរ​ទេ​ ទោះ​ជា​មាន​បេក្ខជន​ខ្លះ​បាន​ឈ្នះ​នៅ​រដ្ឋ​មួយ​ចំនួន​ពិតមែន​ក្តី។​

លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​នយោបាយ​ឲ្យបាន​ច្រើន​ និង​ទៅ​បោះ​ឆ្នោត​ ទោះ​ជាបោះ​ជូន​គណបក្ស​ណាក្តី។​

«ការណ៍​ពិត​ទៅខ្ញុំ​ចង់​ជម្រាបបងប្អូន​ខ្មែរ​អាមេរិកាំង​យើង​ ដោយសារ​យើង​ជា​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​ យើង​គួរ​តែនាំ​គ្នា​ទៅ​ជួយ​ឲ្យ​បាន​សស្រាក់​សស្រាំ​ចំពោះ​ការ​បោះឆ្នោត​នេះ​ ដើម្បី​ឲ្យ​បេក្ខជន​ទៅ​អនាគត​ដែល​នឹង​ជាប់ឆ្នោត​ហ្នឹង​គឺ​ថា​ គេ​នឹង​គិត​ពី​ប្រយោជន៍​របស់​យើង។​ បើ​ថា ​យើង​មិន​ទៅ​ធ្វើ​អញ្ចឹង​ទេ​ ដល់​ពេល​គេ​ជាប់​ឆ្នោត​ទៅ​ គេ​ក៏​មិន​គិត​រវី​រវល់​អីនឹង​យើង​ទេ»។​

ទោះជា​ស.រ.អា.​ហាក់​ដូចជា​មាន​ការ​មិន​ពេញ​ចិត្ត​នឹង​កំណត់ត្រា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្តី តែ​ស.រ.អា.​និង​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ​ក្រោយ​ពេល​រដ្ឋបាល​លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា​ងាកបែរ​គោល​នយោបាយ​មកកាន់​តំបន់​អាស៊ី​វិញ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG