កាលពីថ្ងៃអង្គារ ប្រជារាស្ត្រអាមេរិកាំងបានទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតតែងតាំងបេក្ខជនប្រធានាធិបតីនៅក្នុងរដ្ឋចំនួន១១ ដោយគេរំពឹងថាលោក Donald Trump មហាសេដ្ឋីអចលនទ្រព្យមានប្រាប់រាប់ពាន់លានដុល្លារនឹងមានជ័យជំនះក្នុងចំណោមបេក្ខជនខាងគណបក្សសាធារណរដ្ឋ ហើយលោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton នឹងឈ្នះខាងគណបក្សប្រជាធិបតេយ្យ។
ចំនួនជិតមួយភាគបួននៃក្រុមប្រតិភូ ដែលនឹងចូលរួមក្នុងមហាសន្និបាតជាតិរបស់គណបក្សដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីក្នុងខែកក្កដា នឹងត្រូវកំណត់នៅក្នុងអ្វីដែលហៅថាការបោះឆ្នោតបឋមរួមថ្ងៃអង្គារនៅជាងរដ្ឋ១០ ដែលភាសាអង់គ្លេសហៅថា Super Tuesday ជាថ្ងៃធំបំផុតតែមួយគត់រហូតមកដល់ពេលនេះនៅក្នុងការឃោសនាបោះឆ្នោតប្រធានាធិបតីដែលមានរយៈពេលច្រើនខែមកហើយនេះ។
ការឃោសនាបោះឆ្នោតប្រធានាធិបតីនេះនឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ជាមួយការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា ដើម្បីជ្រើសតាំងអ្នកបន្តតំណែងពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលនឹងចាកចេញពីតំណែងក្នុងខែមករា ឆ្នាំ២០១៧។
ការស្ទង់មតិខាងនយោបាយបង្ហាញថា លោក Trump ដែលមិនធ្លាប់បម្រើការក្នុងតំណែងសាធារណៈសោះអាចឈ្នះក្នុងរដ្ឋ១០ក្នុងបណ្តារដ្ឋ១១នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ លើកលែងតែក្នុងរដ្ឋ Texas នាប៉ែកនិរតីស.រ.អា. ដែលនៅទីនោះលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Texas សង្ឃឹមថានឹងឈ្នះនៅក្នុងដែនដីរបស់លោក។
ការស្ទង់មតិបង្ហាញថាលោកស្រី Hillary Clinton ដែលជាអ្នកការទូតកំពូលស.រ.អា.ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ និងជាភរិយាលោកអតីតប្រធានាធិបតី Bill Clinton នឹងឈ្នះទទួលការគាំទ្រភាគច្រើននៅក្នុងរដ្ឋទាំង១១ លើសអ្នកប្រជែងតែម្នាក់គត់របស់លោកស្រី នៅក្នុងការប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យគឺលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អ.ប្រចាំរដ្ឋ Vermont៕