បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton កំពុងតែធ្វើការវាយប្រហារពាក្យសម្តីដាក់គ្នាទៅវិញទៅមកថា គូប្រជែងរបស់ខ្លួនមិនសក្តិសមធ្វើជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នៅប៉ុន្មានថ្ងៃចុងក្រោយនៃយុទ្ធធានាការរបស់ពួកគេមុននឹងឈានដល់ថ្ងៃបោះឆ្នោតនៅសប្តាហ៍ក្រោយ។
លោក Trump បានអះអាងកាលពីថ្ងៃពុធថា ប្រសិនបើលោកស្រី Clinton ជាប់ឆ្នោតនោះ វានឹងបង្កឲ្យមានវិបត្តិរដ្ឋធម្មនុញ្ញដែលមិនធ្លាប់មានពីមុនមកហើយវិបត្តិនោះនឹងអូសបន្លាយរយៈពេលយូរផងដែរ នៅក្នុងយុទ្ធនាការរបស់លោកនៅក្នុងរដ្ឋ Florida រដ្ឋភាគអាគ្នេយ៍របស់ប្រទេស ដែលលោកបានអះអាងថាលោកនឹងមិនអាចចាញ់នៅក្នុងរដ្ឋនេះនោះទេ ហើយលោកនឹងចូលកាន់តំណែងនៅក្នុងសេតវិមាន។
មហាសេដ្ឋីអចលនទ្រព្យដែលនិយាយឥតសំចៃមាត់រូបនេះ បានថ្លែងថា លោកស្រី Clinton នឹងស្ថិតក្រោមការស៊ើបអង្កេតនៅពេលដែលលោកស្រីជាប្រធានាធិបតី ទៅលើការគ្រប់គ្រងទៅលើបញ្ហាសន្តិសុខជាតិនៅលើអ៊ីម៉ែលរបស់លោកស្រី ក្នុងអំឡុងពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិករយៈពេល៤ឆ្នាំ។
លោក Trump បានថ្លែងទៅកាន់ហ្វូងមនុស្សនៅក្នុងទីក្រុង Miami ថា៖ «លោកស្រីមិនត្រូវបន្ទោសអ្នកណានោះទេ ប៉ុន្តែគឺត្រូវបន្ទោសទៅលើខ្លួនលោកស្រីផ្ទាល់។ លោកស្រីគឺជាអ្នកដែលបង្កើតបណ្តាញអ៊ីម៉ែលឯកជនរបស់លោកស្រី»។
លោកស្រី Clinton កាលពីថ្ងៃអង្គារធ្វើយុទ្ធនាការនៅក្នុងរដ្ឋ Florida ដោយបានធ្វើការវាយប្រហារទៅលើអាកប្បកិរិយារបស់លោក Trump ទៅលើស្ត្រី ដែលយុទ្ធនាការរបស់លោកស្រីបានចេញការផ្សាយពាណិជ្ជកម្មមួយដែលបានទាក់ទាញចំណាប់អារម្មណ៍ទៅលើពាក្យសម្តីចំអេសចំអាសរបស់លោកដែលបាននិយាយទៅកាន់មនុស្សស្រីកាលពីឆ្នាំ២០០៥៕