ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ិកស៊ិក​គ្រោង​ពង្រាយ​ទាហាន​នៅ​តាម​ព្រំដែន​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​រារាំង​លំហូរ​ជន​ចំណាក​ស្រុក


រូបឯកសារ៖ មន្រ្តីអន្តោប្រវេសន៍ម៉ិកស៊ិកឃុំខ្លួនជនចំណាកស្រុកម្នាក់អំឡុងពេលប្រតិបត្តិការមួយដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ មន្រ្តីអន្តោប្រវេសន៍ម៉ិកស៊ិកឃុំខ្លួនជនចំណាកស្រុកម្នាក់អំឡុងពេលប្រតិបត្តិការមួយដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard បាន​ប្រាប់​អ្នក​កាសែត​ថា ការ​ពង្រាយ​ទាហាន ៦ ពាន់​នាក់​នៅ​ឯ​ព្រំដែន និង​នៅ​តាម​កន្លែង​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​នេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​នេះ ទោះបីជា​លោក​មិន​បាន​បញ្ជាក់​ថា​តើ​ដំណើរការ​នេះ​នឹង​បញ្ចប់​រួចរាល់​ឆាប់​ប៉ុណ្ណា​ក៏​ដោយ។

ប្រទេស​ម៉ិកស៊ិក​គ្រោង​នឹង​ពង្រាយ​ទាហាន​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​ខ្លួន​ជាប់​នឹង​ប្រទេស​ហ្គាតេម៉ាឡា​នៅ​ថ្ងៃ​ពុធ​នេះ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​រារាំង​ជន​ចំណាក​ស្រុក​ដែល​ធ្វើ​ដំណើរ​មក​ពី​ទ្វីប​អាមេរិក​កណ្ដាល​កាត់​តាម​ប្រទេស​ម៉ិកស៊ិក​ដើម្បី​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard បាន​ប្រាប់​អ្នក​កាសែត​ថា ការ​ពង្រាយ​ទាហាន ៦ ពាន់​នាក់​នៅ​ឯ​ព្រំដែន និង​នៅ​តាម​កន្លែង​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​នេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​នេះ ទោះបីជា​លោក​មិន​បាន​បញ្ជាក់​ថា​តើ​ដំណើរការ​នេះ​នឹង​បញ្ចប់​រួចរាល់​ឆាប់​ប៉ុណ្ណា​ក៏​ដោយ។

លោក Ebrard បាន​អាន​ឯកសារ​មួយ ដែល​លោក​បាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ម៉ិកស៊ិក ដែល​ឯកសារ​នោះ​រៀបរាប់​លំអិត​អំពី​ការ​ចរចា​ដែល​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​មួយ​អំពី​រឿង​អន្តោប្រវេសន៍ និង​សន្តិសុខ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក កាល​ពី​សប្ដាហ៍​មុន។

កិច្ច​ព្រមព្រៀង​នេះ​ក៏​មាន​បញ្ជាក់​ផង​ដែរ​អំពី​កម្មវិធី​មួយ​ដែល​តម្រូវ​ឲ្យ​ជន​ចំណាក​ស្រុក​រង់ចាំ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​ដែល​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ដំណើរការ ហើយ​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ការ​ប្ដេជ្ញា​របស់​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ការ​ធ្វើ​ការ​លើ​កិច្ចការ​អភិវឌ្ឍ​នានា​នៅ​ទ្វីប​អាមេរិក​កណ្ដាល។

នៅ​ក្នុង​លិខិត​របស់​លោក Ebrard ដែល​ផ្ញើ​ទៅ​កាន់​ព្រឹទ្ធសភា​ម៉ិកស៊ិក លោក​បាន​និយាយ​ថា មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ប្រទេស​ម៉ិកស៊ិក​យល់ព្រម​ចំពោះ​ខ​សន្យា​អំពី​ប្រទេស​ទី​បី​ដែល​មាន​សុវត្ថិភាព ប៉ុន្តែ​មន្ត្រី​ម៉ិកស៊ិក​មិន​ឯកភាព​តាម។

លោក Ebrard បាន​បញ្ជាក់​ថា ជំនួស​មក​វិញ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រង់ចាំ ៤៥ ថ្ងៃ ដើម្បី​វាយ​តម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​វិធានការ​ផ្សេងៗ ហើយ​ប្រសិនបើ​អនុវត្ត​វិធានការ​ផ្សេងៗ​អស់​ហើយ ហើយ​លំហូរ​ជន​ចំណាក​ស្រុក​មក​កាន់​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក​នៅតែ​ច្រើន នោះ​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ការ​ចរចា​បន្ថែម​ទៀត៕

XS
SM
MD
LG