សមាជិកព្រឹទ្ធសភានៃរដ្ឋ Alabama លោក Jeff Sessions ដែលលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជ្រើសរើសសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានការពារប្រវត្តិលើកស្ទួយសិទ្ធិពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃអង្គារ ដោយប្រាប់ទៅកាន់អង្គសភាមួយថា លោកយល់ដឹងអំពីប្រវត្តិធ្វើទណ្ឌកម្មទៅលើសិទ្ធិបោះឆ្នោតរបស់ពួកស្បែកខ្មៅនៅក្នុងសហរដ្ឋអាមេរិក។
លោក Sessions ដែលជាបុគ្គលដែលលោក Trump បានតែងតាំងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកមុនគេ ដែលត្រូវចូលរួមក្នុងសវនាការរបស់ព្រឹទ្ធសភាក្នុងសប្តាហ៍នេះ បានធានាដល់សហការីរបស់លោកទៅលើគណៈកម្មាធិការអង្គចៅក្រម ដែលលោកនឹងដឹកនាំការអនុវត្តច្បាប់បោះឆ្នោតរបស់អាមេរិកយ៉ាងតឹងរ៉ឹង ដោយគ្មានការជំទាស់ឬរើសអើង និងធានាទៅលើសុច្ចរិតភាពនៃដំណើរការបោះឆ្នោតផងដែរ។
លោក Sessions បានមានប្រសាសន៍ទៀតថា «ក្នុងនាមជាអ្នករស់នៅប៉ែកខាងត្បូងសហរដ្ឋអាមេរិកម្នាក់ ខ្ញុំឃើញថាមានការរើសអើង។ ខ្ញុំដឹងថា អំពើនេះខុស។ យើងត្រូវធ្វើឲ្យបានល្អជាងនេះ»។
លោក Sessions ប្រឈមនឹងសំណួរពិបាកៗមួយចំនួនពីសមាជិកគណបក្សប្រជាធិបតេយ្យ អំពីទំនាក់ទំនងរបស់លោកជាមួយនឹងពួកស្បែកខ្មៅនិងកិច្ចខិតខំប្រឹងប្រែងរបស់លោកកាលពីមុនក្នុងការធ្វើកំណែទម្រង់បញ្ហាអន្តោប្រវេសន៍។ កាលពី៣០ឆ្នាំមុន ព្រឹទ្ធសភាបានច្រានចោលការតែងតាំងលោកឲ្យក្លាយជាចៅក្រមសហព័ន្ធ ដោយសារតែការចោទប្រកាន់ថា លោកបានធ្វើសុន្ទរកថាដែលមានលក្ខណៈរើសអើងមួយ ប៉ុន្តែលោក Sessions បានហៅការចោទប្រកាន់នោះថា «មិនពិត»។
អ្នកតវ៉ាមួយចំនួននៅក្នុងបន្ទប់សវនាការនៅវិមាន Capitol Hill បានស្រែកប្រឆាំងនឹងការតែងតាំងលោក Sessions ពីរ-បីដង ដោយប៉ូលិសមិនអាចបណ្តេញពួកគេទាន់ពេលវេលាបាន៕