ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ហៅ​ការ​ដំឡើង​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​ថា​ជា ​អំពើ​ភេរវកម្ម​សេដ្ឋកិច្ច


រូបឯកសារ៖ កុងទឺន័រ​ដឹកទំនិញពីចិនត្រូវបានដាក់ជិតទង់ជាតិសហរដ្ឋអាមេរិកនៅកំពង់ផែក្រុង Los Angeles រដ្ឋ California កាល​ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។ 

លោក Zhang Hanhui បាន​បញ្ជាក់​ថា ទោះបីជា​ប្រទេស​ចិន​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង​ក៏​ដោយ ក៏​ប្រទេស​ចិន​មិន​ខ្លាច​អំពី​រឿង​នេះ​ដែរ។ លោក​បាន​ហៅ​ទង្វើ​របស់​រដ្ឋបាល​លោក Trump ថា​ជា «ការ​សម្លុត​គំរាម​ផ្នែក​សេដ្ឋកិច្ច»។

រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​ប្រឡូក​នៅ​ក្នុង «អំពើ​ភេរវកម្ម​សេដ្ឋកិច្ច​យ៉ាង​ច្បាស់​ក្រឡែត» នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Zhang Hanhui បាន​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ទៅ​កាន់​ប្រទេស​រុស្ស៊ី​នៅ​សប្ដាហ៍​ក្រោយ។

លោក Zhang Hanhui បាន​បញ្ជាក់​ថា ទោះបីជា​ប្រទេស​ចិន​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង​ក៏​ដោយ ក៏​ប្រទេស​ចិន​មិន​ខ្លាច​អំពី​រឿង​នេះ​ដែរ។ លោក​បាន​ហៅ​ទង្វើ​របស់​រដ្ឋបាល​លោក Trump ថា​ជា «ការ​សម្លុត​គំរាម​ផ្នែក​សេដ្ឋកិច្ច»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​តាំង​ពី​ខែ​កក្កដា ឆ្នាំ​មុន​មក ដោយ​នៅ​ពេល​នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដំបូង​បាន​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​រាប់​រយ​មុខ​របស់​ចិន ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​សងសឹក​ដំឡើង​ពន្ធ​គយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ឈប់​ធ្វើ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​រីក​រាលដាល​ទៅ​មុខ​ទៀត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន នៅ​ពេល​ដែល​ពួកគេ​ចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​យូរ​អង្វែង​មួយ។

ប៉ុន្តែកាល​ពី​ពេល​ថ្មីៗ​នេះ លោក Trump បាន​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់ ២០០ ពាន់​លាន​ដុល្លារ បន្ទាប់ពី​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន​ថា​បាន​បំភ្លេច​ពាក្យ​សន្យា​នៅ​ក្នុង​ការ​កែប្រែ​ឥរិយាបថ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន។

ជា​ការ​សងសឹក​តបត​ទៅ​វិញ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​អំពី​ការ​ដំឡើង​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ទឹក​ប្រាក់ ៦០ ពាន់​លាន​ដុល្លារ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា​ខាង​មុខ​នេះ៕

XS
SM
MD
LG