ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តប្រឈមនឹងការរិះគន់ពីគ្រប់ទិសទីចំពោះការលើកឡើងរបស់លោកដែលថា ទាំងអ្នកតវ៉ាខាងពួកស្បែកសដែលយល់ថាខ្លួនឯងល្អដាច់គេនិងអ្នកតវ៉ាប្រឆាំងនឹងពួកគេ គឺសុទ្ធតែមានកំហុស ចំពោះអំពើហិង្សាដ៏ប្រល័យនេះ ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍នៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia។
កាលពីថ្ងៃពុធ លោកប្រធានាធិបតីបានប្រកាសថា លោកបានរំលាយគណៈកម្មាធិការផ្តល់ប្រឹក្សាខាងធុរកិច្ចចំនួន២ ដែលរួមមាននាយកប្រតិបត្តិសហគ្រាសអាមេរិកកំពូលៗ បន្ទាប់ពីនាយកប្រតិបត្តិយ៉ាងហោចណាស់៧នាក់បានប្រកាសថា ពួកគេនឹងលាលែងពីតំណែងនៅក្នុងក្រុមប្រឹក្សា ដោយសារតែសុន្ទរកថារបស់លោក។
លោក ត្រាំ បានថ្លែងថា «ជាជាងដាក់សំពាធទៅលើអ្នកជំនួញ ខ្ញុំរំលាយទាំងពីរ។ អរគុណអ្នកទាំងអស់គ្នា»។ កាលពីមួយថ្ងៃមុននេះ លោក ត្រាំ បានហៅអ្នកដែលលាលែងពីតំណែងនៅក្នុងគណៈកម្មាធិការនោះ ថាជាអ្នកឈរមើល ហើយពួកគេអាចត្រូវបានអ្នកផ្សេងដែលជាប្រធានសាជីវកម្មកាន់តំណែងជំនួស។
នៅក្នុងការប្រកាសអំពីការលាលែងពីតំណែងក្នុងគំនិតផ្តួចផ្តើមការងារខាងរោងចក្ររបស់លោក ត្រាំ នៅមុនពេលដែលលោករំលាយវាចោលនោះ លោកស្រី Denise Morrison នាយកប្រតិបត្តិក្រុមហ៊ុន Campbell's Soup បានមានប្រសាសន៍ថា «ការរើសអើងពូជសាសន៍និងអំពើឃាតកម្មគឺជារឿងដែលគួរតែបន្ទោស ហើយមិនស្មើនឹងអ្វីផ្សេងទៀតដែលបានកើតឡើងនៅទីក្រុង Charlottestville នោះទេ។ ខ្ញុំជឿថា លោកប្រធានាធិបតីគួរតែច្បាស់លាស់លើចំណុចនេះ»៕