ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក Trump ច្រានចោល​សេចក្ដី​រាយការណ៍​ដែល​ថា​អ្នក​ចូលរួម​មាន​ចំនួន​តិច


អ្នក​គាំទ្រ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស្ដាប់​លោក​ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​លោក​នៅ​មជ្ឈមណ្ឌល BOK ក្នុង​ទីក្រុង Tulsa រដ្ឋ Okhlahoma កាល​ពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ច្រានចោល​នូវ​សេចក្ដី​រាយការណ៍​ដែល​ថា អ្នក​ចូលរួម​ក្នុង​ការ​ជួបជុំ​របស់​លោក Trump នៅ​ក្នុង​ទីក្រុង Tulsa រដ្ឋ Oklahoma កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ មាន​ចំនួន​មិន​សូវ​ច្រើន​ដូច​ការ​រំពឹងទុក។

យុទ្ធនាការ​នេះ​បាន​រិះគន់​ការ​ផ្សាយ​ដែល​ថា ការ​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការណ៍​ដែល​អាច​មាន​ការ​តវ៉ា បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​ហ៊ាន​មក​ចូលរួម​នោះ គឺ​ជា «ព័ត៌មាន​ក្លែងក្លាយ»។

វេទិកា​មជ្ឈមណ្ឌល BOK ដែល​អាច​ដាក់​មនុស្ស​បាន ១ ម៉ឺន ៩ ពាន់​នាក់ និង​ជា​កន្លែង​ជួបជុំ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump នេះ មើល​ទៅ​មាន​អ្នក​ចូលរួម​លើស​ពាក់​កណ្ដាល​បន្តិច​តែ​ប៉ុណ្ណោះ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទោះបីជា​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក Trump បាន​អះអាង​កាល​ពី​សប្ដាហ៍​មុន​ថា មនុស្ស​ចំនួន ១ លាន​នាក់ បាន​ចុះ​ឈ្មោះ​ចូលរួម​ក៏​ដោយ។ យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក Trump បាន​បញ្ជាក់​ថា មនុស្ស​ប្រហែល ១ ម៉ឺន ២ ពាន់​នាក់ បាន​ចូលរួម។

គម្រោង​ជួបជុំ​នយោបាយ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល BOK នោះ ក្នុង​ករណី​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ជ្រុល ត្រូវ​បាន​លុបចោល ដោយសារតែ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​បង្ហាញ​វត្តមាន។ ចំណែក​ឯ​កន្លែង​អង្គុយ​នៅ​ផ្នែក​ខាង​លើ​នៃ​វេទិកា​មជ្ឈមណ្ឌល​នេះ​វិញ ភាគ​ច្រើន​គឺ​ទំនេរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG