ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់លោក Trump ​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​ចំណោម​សមាជិក​គណបក្ស​សាធារណរដ្ឋ


លោក Donald Trump ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល Ocean ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។

ជម្លោះ​អស់​ពេល​មួយ​សប្តាហ៏​របស់​លោក Donald Trump ​ជាមួយ​លោក Khizr និង លោកស្រី Ghazala Khan ​ដែល​ជា​ឪពុក​ម្តាយ​របស់​ទាហាន​អាមេរិកាំង​ម្នាក់​ ដែល​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ីរ៉ាក់នោះ បាន​នាំ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋឯ​ទៀត​រិះគន់​លោក​ជា​សាធារណៈ​កាន់​តែ​ច្រើន​ឡើងៗ។

អ្នកស្រី​ Meg Whitman អគ្គនាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​អភិបាលរដ្ឋ California ​មិន​បាន​សម្រេច​កាល​ពី ឆ្នាំ​២០១០ បាន​ប្រាប់​កាសែត the New York Times ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោកស្រី​នឹង​គាំ​ទ្រ ព្រម​ទាំង​នឹង​ជួយ​រៃអង្គាស​ប្រាក់​ជូន​លោកស្រី Hillary Clinton ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ ដោយ​បាន​ហៅ​លោក Trump ថា​ជា​មនុស្ស​មិន​ស្មោះ​ត្រង់​ម្នាក់។ ហើយ​តំណាងរាស្ត្រ​សរអា លោក Richard Hanna នៃ​រដ្ឋ​ New York ​បាន​ក្លាយ​ខ្លួន​ជា​សមាជិក​សភា​នៃគណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​កាន់​តំណែង​ទី១ ដែល​គាំទ្រ​លោកស្រី Clinton ​ហើយ​បាន​និយាយថា​ លោក​ធ្វើ​ដូច្នេះ​ដោយ​សារ​អត្ថាធិប្បាយ​របស់​លោក Donald Trump ​អំពី​គ្រួសារ​លោក Khan ។

ការ​ផ្តល់​ការ​គាំទ្រ​លោកស្រី Clinton ទាំង​នេះ បាន​កើត​ឡើង​ ប៉ុន្មាន​ម៉ោង​ក្រោយពី​លោក​ប្រធានាធិបតី អូបាម៉ា ​បាន​ចាត់​វិធានការ​ដែល​មិន​ដែល​មាន​ពី​មុន​មក ក្នុង​នាម​ជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង ក្នុង​ការ​រិះគន់​បេក្ខជន​ប្រធានាធិបតី​ម្នាក់ នៅ​ពេល​ដែល​លោក​បាន​ហៅ​លោក​ Trump ​ថា​មិន​សាកសម​ធ្វើ​ជា​អគ្គបញ្ជាការ​របស់​ប្រទេស​ជាតិ៕

XS
SM
MD
LG