ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clinton និង​លោក Trump ប្រមាថ​គ្នា​ទៅវិញ​ទៅមក ស្រប​ពេល​ដែល​យុទ្ធនាការ​បោះ​ឆ្នោត​កាន់តែ​មាន​ភាព​ក្ដៅ​គគុក​


បេក្ខជន​ប្រធានាធិបតី​អ្នកស្រី​ Hillary Clinton ចុះ​ពី​លើ​រថយន្ត​ក្រុង​សម្រាប់​ធ្វើ​យុទ្ធនាការ​នៅ​ពេល​ដែល​អ្នក​ស្រី​មក​ដល់​ក្រុម​ហ៊ុន​ផលិត​ប្រដាប់​ក្មេង​លេង K'NEX ទីក្រុង​ Hatfield កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៦។
បេក្ខជន​ប្រធានាធិបតី​អ្នកស្រី​ Hillary Clinton ចុះ​ពី​លើ​រថយន្ត​ក្រុង​សម្រាប់​ធ្វើ​យុទ្ធនាការ​នៅ​ពេល​ដែល​អ្នក​ស្រី​មក​ដល់​ក្រុម​ហ៊ុន​ផលិត​ប្រដាប់​ក្មេង​លេង K'NEX ទីក្រុង​ Hatfield កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៦។

ជា​ទូទៅ​ថ្ងៃ​ច័ន្ទ​ជា​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ឃោសនា​រក​សំឡេង​ឆ្នោត​វិញ វា​មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ទីក្រុង Columbus រដ្ឋ Ohio ដែល​ជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​ធ្វើ​យុទ្ធនាការ​រយៈពេល ៣ ថ្ងៃ របស់​លោកស្រី​នៅ​ក្នុង​រដ្ឋ Ohio និង​រដ្ឋ Pennsylvania ដែល​រដ្ឋ​ឧស្សាហកម្ម​ទាំងពីរ​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​នយោបាយ​លើកឡើង​ថា​ ជា​រដ្ឋ​ប្រជែង​រក​សំឡេង​ឆ្នោត​សំខាន់​បំផុត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ។

លោកស្រី Clinton បាន​ប្រាប់​អ្នក​ចូលរួម​ទាំងអស់​ថា លោក Donald Trump នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​ទាំងឡាយ​កុំឲ្យ​ស្តាប់​នូវ​សម្តី​របស់​លោក Trump ដែល​លោកស្រី​ចាត់​ទុក​ថា​មាន​លក្ខណៈ​វោហារសាស្ត្រ និង​ប្រជាភិថុតិ​នោះ។

លោកស្រី Clinton បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​រោងចក្រ​ផ្សេងៗ​នៅ​ក្នុង​រដ្ឋ Ohio និង​រដ្ឋ Pennsylvania និង​បាន​និយាយ​ថា លោក Trump គួរតែ​ខ្មាស​ខ្លួនឯង​ដែល​ប្រើប្រាស់​រោងចក្រ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ប្រទេស​ស្លូវេនី និង​ប្រទេស​បង់ក្លាដេស​ដើម្បី​ផលិត​ផលិតផល​ដែល​ដាក់​ផ្លាក​ថា Trump នោះ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក Trump បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​រៀបចំ​កាល​បរិច្ឆេទ​សម្រាប់​ការ​ដេញដោល​ប្រធានាធីបតី​នៅក្នុង​ខែកញ្ញា និង​ខែ​តុលា ចំ​ពេល​នៃ​ការ​ប្រកួត​កីឡា​របស់​សម្ព័ន្ធ​បាល់​អោប​ជាតិ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក Trump ធ្វើ​យុទ្ធនាការ​នៅក្នុង​ទីក្រុង Columbus និង​ក្រុង Harrisburg រដ្ឋ Pennsylvania។ រីឯ​លោកស្រី Clinton វិញ​នឹង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ទីក្រុង Omaha រដ្ឋ Nebraska និង​ទីក្រុង Boulder រដ្ឋ Colorado។

អង្គការ The Morning Consult បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោកស្រី Clinton នាំ​មុខ​លោក Trump នៅ​ក្នុង​ចំណូល​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត ក្នុង​ភាគរយ ៤២ លើ ៤០៕

XS
SM
MD
LG