ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អំពាវនាវ​ទៅ​មេដឹកនាំ​ពិភពលោក​ដើម្បី​ដាក់​ប្រទេសអ៊ីរ៉ង់​ឲ្យ​នៅ​ឯកា


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំសភា​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣ នៅ​ទីស្នាក់ការកណ្តាល​របស់​អ.ស.ប. កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំសភា​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣ នៅ​ទីស្នាក់ការកណ្តាល​របស់​អ.ស.ប. កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកDonald Trumpបាន​អំពាវនាវ​ទៅ​ពួក​មេដឹកនាំ​ពិភពលោក​ទាំងអស់​ដែល​បាន​មក​ចូលរួម​នៅក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ដាក់​របប​ដឹកនាំ​អ៊ីរ៉ង់​នៅ​ឯកោ​ដោយ​លោក​បាន​ចោទប្រកាន់​ពួក​មេដឹកនាំ​អ៊ីរ៉ង់​ថា​បាន​បង្ក​ភាពវឹកវរ​ សម្លាប់មនុស្ស​ និង​ធ្វើ​ការ​បំផ្លិចបំផ្លាញ​នានា។

តាមរយៈ​សុន្ទរកថា​នៅ​ឯមហា​សន្និបាត​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃអង្គារ​ លោក Trump បាន​ថ្លែង​ថា«ពួកគេ​មិន​គោរព​ប្រទេស​ជិតខាង​ ឬ​ព្រំដែន​របស់​ពួកគេ​ឬ​សិទ្ធិ​ដែនអធិបតេយ្យភាព​របស់​ប្រទេស​នានា​ឡើយ។ ជំនួស​មក​វិញ​ពួកមេដឹកនាំ​អ៊ីរ៉ង់បាន​ប្លន់​ធនធាន​រដ្ឋ​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ និង​បង្ក​ភាពវឹកវរ​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​ និង​ទៅ​កន្លែង​ផ្សេងទៀត»។

លោក Trump នៅ​តែ​យល់​ថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​បាន​ធ្វើឡើង​កាល​ពី​ឆ្នាំ២០១៥ ជំនាន់​លោក Obama ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​នោះ ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ពួកមេដឹកនាំ​អ៊ីរ៉ង់​ និង​បាន​ជួយ​បង្កើន​ថវិកា​យោធា​របស់​ពួកគេ​ជិត​ដល់​៤០ភាគរយ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែកហរិញ្ញវត្ថុ​ដល់​ពួកភេរវកម្ម​និង​ផ្តល់​ជា​មូលនិធិ​ដែល​បង្ក​ឲ្យ​មាន​ការ​កាប់សម្លាប់​ក្នុង​ប្រទេសស៊ីរី​និង​យេម៉ែន។

លោកប្រធានាធិបតី​បាន​ថ្លែង​ថា​រដ្ឋបាល​លោក​បាន​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​សារឡើង​វិញ​លើ​ប្រទេសអ៊ីរ៉ង់​ដែល​ធ្លាប់​ត្រូវ​បាន​លើកលែង​នៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ហើយ​ទណ្ឌកម្ម​ផ្សេងៗ​ទៀត​នឹង​ត្រូវ​ដាក់​ចាប់​ពី​ថ្ងៃទី៥ខែវិច្ឆិកា​នេះ​តទៅ។

លោក Trump ​បាន​ថ្លែង​បន្ត​ថា«យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​ឧបត្ថម្ភ​អំពើ​ភេរវកម្ម​ធំ​ជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ​មាន​អាវុធ​គ្រោះថ្នាក់​បំផុត​ដល់​ភពផែនដី​នេះ​ទេ។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​របប​ដឹកនាំ​មួយ​នេះ​នៅ​បន្ត​ស្រែក​តវ៉ា​ឲ្យ​សម្លាប់​ជនជាតិ​អាមេរិកាំង​ និង​គំរាមកំហែង​បំផ្លាញ​អ៊ីស្រាអែល​តទៅទៀត​ទេ»។

កាល​ពី​ដើមឆ្នាំ​នេះ​លោក Trump បាន​ប្រកាស​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ ហើយ​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ ​រាល់​ក្រុមហ៊ុន​ដែល​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នឹង​ត្រូវ​បញ្ឈប់​ ឬ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ដក​ចេញ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ចង់​ដាក់​សម្ពាធ​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​ឲ្យ​ត្រឡប់​ចូល​តុចរចា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​ជា​កិច្ចព្រមព្រៀង​មាន​លក្ខណៈ​ទូលំទូលាយ​ជាងមុន៕

XS
SM
MD
LG