ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​លុបចោល​សន្និសីទ​កំពូល​នៅ​សិង្ហ​បូរី​ជា​មួយ​មេដឹកនាំ​កូរ៉េខាងជើង​


ប្រធានាធិបតី​ដូណាល់ ត្រាំ ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថាលេខា សម្រាប់​ច្បាប់ការពារ​ប្រទេស​ឆ្នាំ២០១៨នៅ​សេតវិមាន​កាលពី​ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៧។
ប្រធានាធិបតី​ដូណាល់ ត្រាំ ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថាលេខា សម្រាប់​ច្បាប់ការពារ​ប្រទេស​ឆ្នាំ២០១៨នៅ​សេតវិមាន​កាលពី​ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៧។

លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ​និយាយថា ​លោក​បាន​លុប​ចោល​ជំនួប​កំពូល​របស់​លោក​នៅ​ថ្ងៃ​ទី១២ ​ខែមិថុនា​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន ​ដោយ​បាន​ស្តី​បន្ទោស​សេចក្តី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ពេល​ថ្ងៃ​ត្រង់​នៅ​ក្នុង​បន្ទប់ Roosevelt ​នៅ​សេតវិមាន​មុន​ពេល​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​ច្បាប់​មួយ​ដែល​មិន​ពាក់​ព័ន្ធ​នឹង​កូរ៉េខាង​ជើង​ថា «ខ្ញុំ​ជឿ​ជាក់​ថា ​នេះ​ជាការ​ដើរ​ថយ​ក្រោយ​មួយ​សម្រាប់​កូរ៉េខាង​ជើង ហើយ​ជាការ​ពិតនេះ​ជាការ​ដើរ​ថយ​ក្រោយ​មួយ​សម្រាប់​ពិភពលោក‍»។

​លោក​ប្រធានា​ធិបតី​ត្រាំ​ក៏បាន​ព្រមាន​ដែរថា ​កម្លាំង​យោ​ធា​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រុងប្រៀប​ខ្លួន​ជាង​ពេល​ណា​ៗ​ទាំងអស់ រួម​ជាមួយ​សម្ព័ន្ធ​មិត្ត​កូរ៉េខាង​ត្បូង​និង​ជប៉ុន ​បើ​កូរ៉េខាង​ជើង​ធ្វើ​សកម្ម​ភាព​ឆ្កួត​លីលា​នោះ‍។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា ​មេដឹកនាំ​ក្រុង​ព្យូងយ៉ាង​នឹង​ចូលរួម​សហគមន៍​ពិភពលោក។

​កាល​ពីព្រឹកថ្ងៃ​ព្រហស្បតិ៍ ​សេតវិមាន​បាន​ចេញ​លិខិត​មួយ​ច្បាប់​ដែល​លោក​ត្រាំ​បាន​ផ្ញើរទៅ​ឲ្យ​គីម​ថា «​ខ្ញុំ​រំពឹង​យ៉ាង​ខ្លាំង​ថា ​នឹង​ស្ថិត​នៅ​ទី​នោះ​ជាមួយលោក។ ​តែ​ជាអកុសល ​ដោយ​ផ្អែក​លើការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​និង​ការ​បើក​ចំហ​នូវ​អរិភាពដែល​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពីពេល​ថ្មី​ៗ​នេះ ​ខ្ញុំ​គិតថា​វា​មិន​មែនជា​ពេល​វេលា​ត្រឹមត្រូវ​ដើម្បី​ឲ្យ​មាន​ជំនួប​ដែល​បាន​គ្រោងធ្វើ​ជាយូរយារ​ណាស់ហើយ​នោះ​ទេ‍»។

យោង​តាម​មន្រ្តី​ម្នាក់​របស់​សេតវិមាន​ប្រាប់​ឲ្យ​ដឹងថា ​បញ្ហា​ចុងក្រោយ​គឺ​ការ​ប្រ មាថមើលងាយ​លោក​អនុ​ប្រធានា​ធិបតី​អាមេរិក Mike Pence ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​លោកស្រី Choe Son Hui អនុរដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េខាង​ជើង។លោកស្រី​បាន​ហៅ​លោក​អនុប្រធានា​ធិបតី Penceថា ​ជា​អ្នក​នយោបាយ​ទីងមោង​ហើយ​បាន​ព្រមានក្នុង​វោហាសាស្រ្ត​មួយ​ពាក់​ព័ន្ធ​នឹងការ​ប្រឈម​អាវុធ​នុយក្លែអ៊ែ​រជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង៕

XS
SM
MD
LG