ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សន្ទនា​រវាង​លោក Trump និង​លោក Zelensky អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ៊ុយក្រែន​ជាមួយ​សហភាព​អឺរ៉ុប


លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy កំពុង​ស្តាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

មន្ត្រី​ការទូត​អ៊ុយក្រែន​កំពុង​ប្រឹងប្រែង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ខូចខាត​ដល់​ទំនាក់ទំនង​របស់​ប្រទេស​ពួកគេ​ជាមួយ​នឹង​ទ្វីប​អឺរ៉ុប បន្ទាប់ពី​មាន​ការ​បញ្ចេញ​ជា​សាធារណៈ​ដោយ​មិន​បាន​គ្រោង​ទុក​នូវ​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ នៅ​ក្នុង​ការ​សន្ទនា​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​នូវ​សេចក្ដី​សង្ខេប​នៃ​កិច្ចសន្ទនា​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ជាក់​ថា​លោក Trump គ្មាន​ទោស។ លោក Trump ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ​ព្យាយាម​ចោទ​ប្រកាន់​ជា​សាធារណៈ​ដើម្បី​ទម្លាក់​ពី​តំណែង ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​ម្នាក់​ដែល​ថា លោក Trump បាន​ជំរុញ​ឲ្យ​លោក Zelensky ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទាក់ទិន​នឹង​ការងារ​ប្រាក់​បៀវត្សរ៍​ខ្ពស់​ដែល​កូន​ប្រុស​របស់​លោក Biden ឈ្មោះ Hunter Biden បាន​ធ្វើ​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រេង​មួយ​របស់​ប្រទេស​អ៊ុយក្រែន។

បន្ទាប់ពី​បាន​អាន​សេចក្ដី​សង្ខេប​នៃ​ការ​សន្ទនា​នេះ​មក លោក Kostiantyn Yelisieiev អតីត​ឯក​អគ្គ​រដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​សហភាព​អឺរ៉ុប បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា ពាក្យ​សម្ដី​របស់​លោក Zelensky គឺ​ជា​ឧទាហរណ៍​បង្ហាញ​អំពី​ឃ្លា​ដែល​មាន​លក្ខណៈ​នយោបាយ និង​មាន​លក្ខណៈ​លុតក្រាប​មួយ ដែល​អាច «ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រឹងប្រែង​ជា​ច្រើន​ឆ្នាំ​ដើម្បី​កសាង​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន និង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​រដ្ឋាភិបាល​អាល្លឺម៉ង់ រដ្ឋាភិបាល​បារាំង និង​សហភាព​អឺរ៉ុប»។

លោក Yelisieiev លើក​ឡើង​ដូច្នេះ​ចង់​សំដៅ​លើ​ការ​ឆ្លើយតប​របស់​លោក Zelensky ចំពោះ​មតិ​របស់​លោក Trump ដែល​បាន​រិះគន់​អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel និង​បណ្ដា​មេដឹកនាំ​ដទៃ​ទៀត​នៃ​សហភាព​អឺរ៉ុប​ថា​មិន​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ប្រទេស​អ៊ុយក្រែន សម្រាប់​ការ​វាយ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ជាមួយ​នឹង​ពួក​ផ្ដាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី។

អ្នកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៩។
អ្នកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៩។

នៅ​ក្នុង​ការ​ឆ្លើយតប​ជាមួយ​នឹង​លោក Trump នោះ លោក Zelensky បាន​យល់ព្រម​ដោយ​និយាយ​ដូច្នេះ​ថា៖ «បាទ! លោក​ពិតជា​និយាយ​ត្រូវ​ណាស់ គឺ​មិន​មែន​ត្រូវ​ត្រឹមតែ​មួយ​រយ​ភាគ​រយ​នោះ​ទេ គឺ​រហូត​ដល់​មួយ​ពាន់​ភាគ​រយ​ឯ​ណោះ»។

លោក Zelensky បាន​បន្ថែម​ក្នុង​សម្ដី​ដើម​ថា៖ «ខ្ញុំ​បាន​ជួប និង​និយាយ​ជាមួយ​នឹង​អ្នកស្រី Angela Merkel។ ខ្ញុំ​ក៏​បាន​ជួប និង​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ផង​ដែរ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ពួកគេ​មិន​បាន​ធ្វើ​ការ​ឲ្យ​បាន​គ្រប់គ្រាន់​អំពី​ការ​ដាក់​ទណ្ឌកម្ម។ ពួកគេ​មិន​បាន​ដាក់​ទណ្ឌកម្ម​អ្វី​នោះ​ទេ។ ពួកគេ​មិន​បាន​ធ្វើ​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ​សម្រាប់​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ»។

លោក Yelisieiev ដែល​ធ្វើ​ជា​អ្នក​តំណាង​ប្រទេស​អ៊ុយក្រែន​ប្រចាំ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៥ មុន​ពេល​ធ្វើ​ជា​ទីប្រឹក្សា​ការទូត​របស់​អតីត​ប្រធានាធិបតី​អ៊ុយក្រែន​លោក Petro Poroshenko បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​អាល្លឺម៉ង់ ជា​ពិសេស​គឺ​អ្នកស្រី Merkel ផ្ទាល់ រួម​ជាមួយ​នឹង​រដ្ឋាភិបាល​បារាំង បាន​ដើរ​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ដ៏​មាន​ឥទ្ធិពល និង​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី»។

លោក Yelisieiev បាន​សរសេរ​បន្ត​ថា ការ​ចរចា​សន្តិភាព​ដែល​ជិត​នឹង​កើត​ឡើង​របស់​ក្រុម​ទំនាក់ទំនង Normandy ដែល​មាន​ប្រទេស​អ៊ុយក្រែន បារាំង អាល្លឺម៉ង់ និង​រុស្ស៊ី​ជា​សមាជិក ដើម្បី​បញ្ចប់​សង្គ្រាម​របស់​អ៊ុយក្រែន​ជាមួយ​នឹង​រុស្ស៊ី នឹង​ក្លាយជា «ព្រឹត្តិការណ៍​នៃ​ការ​ពិត និង​ការ​សាកល្បង​សម្រាប់​ការ​រួម​គ្នា​ជា​ធ្លុង​មួយ និង​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន»។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​អង់គ្លេស​លោក James Sherr ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​គោល​នយោបាយ​អន្តរជាតិ​អេស្តូនី (Estonian Institute for International Policy) បាន​ហៅ​ការ​លើក​ឡើង​របស់​លោក Zelensky សំដៅ​ដល់​សមភាគី​អាល្លឺម៉ង់ និង​បារាំង​របស់​លោក​នេះ​ថា​ជា​«ការ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍» និង «ជា​ពិសេស​មិន​យុត្តិធម៌​សម្រាប់​ប្រទេស​អាល្លឺម៉ង់»។

ចំណុច​តឹងតែង

អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន និយាយ​ថា មន្ត្រី​កំពូលៗ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ប៊ែលហ្ស៊ិក និង​បារាំង ប្រហែលជា​យល់​អំពី​ស្ថានភាព​លំបាក​មិន​ធម្មតា​ដែល​លោក Zelensky បាន​ប្រឈម​នៅ​ក្នុង​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Trump កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា។

បើ​យោង​តាម​សេចក្ដី​សង្ខេប​នៃ​ការ​សន្ទនា​នេះ នៅ​ពេល​ដែល​លោក Zelensky បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ទិញ​មីស៊ីល​បាញ់​រថក្រោះ Javelin ពី​សហរដ្ឋ​អាមេរិក ដោយ​ប្រើ​ថវិកា​ដែល​បាន​មក​ពី​កញ្ចប់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក លោក Trump បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​លោក​ជួយ​យើង​រឿង​មួយ»។ លោក Trump និយាយ​ដូច្នេះ មុន​ពេល​ស្នើ​លោក Zelensky ឲ្យ​ស៊ើប​អង្កេត​អំពី​ថា​តើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មាន​បាន​បិទ​ការ​ស៊ើប​អង្កេត​អំពី​ក្រុមហ៊ុន​អ៊ុយក្រែន​មួយ​ដែល​កូន​ប្រុស​របស់​លោក Biden បាន​ធ្វើ​ការ​ឲ្យ​នោះ​ឬ​ទេ។

ទាហាន​អ៊ុយក្រែន​ម្នាក់​បាញ់​មីស៊ីល​បាញ់​រថគ្រោះ Javelin នៅ​ក្នុង​ពេល​ហ្វឹកហាត់​មួយ​នៅ​ក្រៅ​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
ទាហាន​អ៊ុយក្រែន​ម្នាក់​បាញ់​មីស៊ីល​បាញ់​រថគ្រោះ Javelin នៅ​ក្នុង​ពេល​ហ្វឹកហាត់​មួយ​នៅ​ក្រៅ​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

លោក Trump មិន​បាន​ភ្ជាប់​ការ​ស៊ើប​អង្កេត​អំពី​លោក Biden ជាមួយ​នឹង​កញ្ចប់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប៉ុន្តែ លោក​បាន​បញ្ជា​ឲ្យ​ផ្អាក​ជំនួយ​បណ្ដោះ​អាសន្ន​មួយ​សប្ដាហ៍​មុន​ពេល​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ។ នេះ​បើ​យោង​តាម​ទំព័រ​ទី ៩ នៃ​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ដែល​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​សម្ងាត់​តទៅ​ទៀត។

អតីត​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក John Herbst ថ្លែង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Zelensky ត្រូវ​បាន​បង្ខំ​ឲ្យ​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​បំផុត​មួយ។ វា​ហាក់​ដូចជា ភាគី​មួយ​ឬ​ក៏​បុគ្គល​ម្នាក់​អាច​ទទួល​បាន​ប្រយោជន៍ នៅ​ពេល​ដែល​លោក Zelensky ស៊ើប​អង្កេត​លើ​បុគ្គល​នយោបាយ​ម្នាក់​ទៀត។ នេះ​ទំនង​ជា​រឿង​មួយ​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន​មាន​ភាព​ប្រសើរ​ឡើង និង​ដើម្បី​ផ្ដល់​ជំនួយ​ឲ្យ»។

លោក Herbst បាន​បន្ថែម​ថា៖ «សម្រាប់​ជ្រុង​មួយ​ផ្សេង​ទៀត ប្រសិនបើ​លោក Zelensky ធ្វើ​ទៅ​តាម​នោះ នោះ​លោក​ប្រាកដ​ជា​មាន​បញ្ហា​ជាមួយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។ ដូច្នេះ វា​នឹង​ប្រសើរ​ជាង​នេះ ប្រសិនបើ​ការ​ប្រជែង​គ្នា​ដែល​ប្រកាន់​បក្ខ​ពួក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន។ គេ​មិន​បាន​ស្នើ​ឲ្យ​អ៊ុយក្រែន​ដើរ​តួ​នៅ​ក្នុង​រឿង​នេះ​ទេ»។

លោក Stephen Pifer ដែល​ជា​អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ម្នាក់​ទៀត បាន​និយាយ​ថា លោក Zelensky រង​សម្ពាធ​ឲ្យ «ការពារ​ប្រទេស​អ៊ុយក្រែន​មិន​ឲ្យ​ក្លាយជា​បាល់​ទាត់​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ ដោយ​ហេតុ​ថា​វា​អាច​ប៉ះពាល់​ដល់​ការ​គាំទ្រ​របស់​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន»។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នៅ​សណ្ឋាគារ InterContinental Barclay New York កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នៅ​សណ្ឋាគារ InterContinental Barclay New York កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក​បាន​ប្រាប់ VOA ភាសា​រុស្ស៊ី ដោយ​សំដៅ​លើ​ការ​ជួប​ប្រជុំ​របស់​លោក Trump ជាមួយ​នឹង​លោក Zelensky នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «សន្និសីទ​កាសែត​បន្ទាប់ពី​ការ​ប្រជុំ​នៅ​ក្នុង​ទីក្រុង New York គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ សម្រាប់​ខ្ញុំ វា​ហាក់​ដូចជា​លោក​ប្រធានាធិបតី Zelensky ប្រហែល​ជា​ដឹង​អំពី​រឿង​នេះ ដោយសារតែ​លោក​ធ្វើ​បាន​ត្រឹមត្រូវ​បំផុត និង​រក្សា​គោល​ជំហរ​បាន​អព្យាក្រឹត្យ​បំផុត ពាក់ព័ន្ធ​នឹង​ករណី​ថា​តើ​លោក​គួរតែ​ប្រឡូក ឬ​ក៏​ត្រូវ​បាន​គេ​ទាញ​ឲ្យ​ធ្លាក់​ចូល​ជ្រៅ​ប៉ុណ្ណា​នៅ​ក្នុង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។ ខ្ញុំ​គិត​ថា លោក Zelensky ត្រូវតែ​រក្សា​គោល​ជំហរ​ដូច​នេះ​រហូត បើ​មិន​ដូច្នេះ​ទេ លោក​នឹង​បាត់បង់​ការ​គាំទ្រ​នយោបាយ​ជា​ទូទៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចំពោះ​ប្រទេស​អ៊ុយក្រែន»។

ការ​ឆ្លើយតប​របស់​អឺរ៉ុប

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក Trump ដែល​ថា ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​មិន​បាន​ផ្ដល់​ជំនួយ​ផ្នែក​យោធា និង​ជំនួយ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ប្រទេស​អ៊ុយក្រែន អ្នក​តំណាង​នានា​របស់​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​អំពី​តួលេខ​ផ្លូវការ​ដែល​កត់ត្រា​អំពី​ការ​រួម​ចំណែក​របស់​ពួកគេ។

នៅ​ក្នុង​ការ​លើក​ឡើង​ចំពោះ​គេហទំព័រ Politifact របស់​វិទ្យាស្ថាន Poynter អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុប​អ្នកស្រី Maja Kocijancic បាន​ហៅ​ការ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​អ៊ុយក្រែន​ថា​ជា «ការ​ផ្គត់ផ្គង់​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សហភាព​អឺរ៉ុប» ដោយ​ក្នុង​នោះ​មាន​ជំនួយ​ជាង ២ ពាន់ មួយ​រយ​លាន​ដុល្លារ ថវិកា​ជិត ៥៤ លាន​ដុល្លារ​សម្រាប់​ការ​តាមដាន​លើ​ការ​ផ្អាក​សង្គ្រាម​នៅ​តំបន់​ភាគ​ខាង​កើត​ដែល​ញាំញី​ដោយ​សារ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន និង​កម្ចី​ចំនួន​ប្រហែល ៣ ពាន់ ៨ រយ​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ និង​ស្ដារ​ឡើង​វិញ​នូវ​វិស័យ​ធនាគារ កសិកម្ម និង​ការ​ធ្វើ​ដំណើរ​របស់​ប្រទេស​អ៊ុយក្រែន។

យោង​តាម​តួលេខ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ OECD គេ​ឃើញ​ថា តាំង​ពី​ឆ្នាំ ២០១៤ មក ប្រទេស​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាង​គេ​បំផុត​ទី ៣ ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទ្វេភាគី​ប្រហែល ១ ពាន់ ៣ រយ​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន ដោយ​ក្នុង​នោះ​ជំនួយ​ចំនួន ៥៩៥ លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ ចំនួន ១២០ លាន​ដុល្លារ​សម្រាប់​ផ្នែក​មនុស្ស​ធម៌ ចំនួន ៥៤៦ លាន​ដុល្លារ​ដុល្លារ​សម្រាប់​កម្ចី និង​ប្រហែល ២៧ លាន​ដុល្លារ​សម្រាប់​ការ​ត្រួត​ពិនិត្យ​លើ​ការ​ផ្អាក​សង្គ្រាម​បណ្ដោះ​អាសន្ន។

ក្រសួង​ការបរទេស​អាល្លឺម៉ង់​ក៏​បាន​ផ្ដល់​ជំនួយ​ចំនួន ២១៨ លាន​ដុល្លារ​ថែម​ទៀត​ផង​ដែរ​ដល់​ប្រទេស​អ៊ុយក្រែន​តាម​រយៈ​កញ្ចប់​ជំនួយ​របស់​សហភាព​អឺរ៉ុប។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​ផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ១ ពាន់ ៥ រយ​លាន​ដុល្លារ ដល់​ប្រទេស​អ៊ុយក្រែន​តាំង​ពី​ឆ្នាំ ២០១៤ មក នៅ​ពេល​ដែល​រុស្ស៊ី​បាន​ភ្ជាប់​យក​តំបន់ Crimea នៃ​ប្រទេស​អ៊ុយក្រែន។ តាំង​ពី​លោក Trump បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​មក ជំនួយ​នេះ​បាន​កើន​ឡើង ដែល​ក្នុង​នោះ​មាន​ទាំង​គ្រឿង​សព្វាវុធ​ដូចជា​គ្រាប់​មីស៊ីល Javelin ជា​ដើម។

ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​ផ្សាយ​ថា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ជំនួយ​ចំនួន ១៤១ លាន​ដុល្លារ ដែល​ក្នុង​នោះ​ប្រហែល ១១៥ លាន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រព័ន្ធ និង​ឧបករណ៍​ដែល​មាន​នៅ​ក្នុង​កញ្ចប់​ជំនួយ​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក រួម​នឹង​ថវិកា​ចំនួន ១០ លាន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​ឧបករណ៍ និង​ការ​បណ្ដុះបណ្ដាល​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ និង​ថវិកា​ចំនួន ១៦ លាន ៥ សែន​ដុល្លារ​សម្រាប់​សន្តិសុខ​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ខ្មៅ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG