ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​សុំ​សិទ្ធិ​ជ្រក​កោន


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump មាន​បំណង​ចង់​ធ្វើ​ការ​ផ្លាស់ប្ដូរ​ចំពោះ​ប្រព័ន្ធ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ទាំង​សំណើ​របស់​លោក​ឲ្យ​មាន​ការ​បង់​ថ្លៃ​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ផង​ដែរ ស្រប​ពេល​ដែល​រដ្ឋបាល​របស់​លោក​ព្យាយាម​បញ្ឈប់​ការ​កើន​ឡើង​ចំនួន​ជន​អន្តោប្រវេសន៍​ដែល​ព្យាយាម​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​តាម​ព្រំដែន​ភាគ​ខាង​ត្បូង​ជាប់​ប្រទេស​ម៉ិកស៊ិក។

លោក Trump បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ ឲ្យ​បង្កើត​ក្បួន​ច្បាប់​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​តម្រូវ​ឲ្យ​មាន​ការ​យក​ថ្លៃ​លើ​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​មិន​ឲ្យ​លើស​ពី​ថ្លៃ​ដែល​ត្រូវ​ចំណាយ​សម្រាប់​ការ​ពិនិត្យ​ពិច័យ​លើ​ពាក្យ​សុំ​នីមួយៗ​ផង​ដែរ។

លោក Trump ក៏​ចង់​ឲ្យ​ជន​ចំណាក​ស្រុក​បង់​ថ្លៃ​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​ប័ណ្ណ​ការងារ​ផង​ដែរ នៅ​ពេល​ដែល​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ពួកគេ​កំពុង​ត្រូវ​ពិនិត្យ​ពិច័យ។ លោក Trump ក៏​ចង់​ឲ្យ​មាន​ការ​ដក​ប័ណ្ណ​ការងារ​មាន​សុពលភាព​ភ្លាមៗ​ផង​ដែរ ប្រសិនបើ​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ពួកគេ​ត្រូវ​បាន​បដិសេធ។

លោក Trump បាន​អំពាវនាវ​ផង​ដែរ​ថា អ្នក​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ ឬ​ក៏​ព្យាយាម​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ គឺ​គ្មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​ការងារ​ទេ រហូត​ទាល់តែ​ពាក្យ​សុំ​របស់​ពួកគេ​ត្រូវ​បាន​យល់​ព្រម។

លោក Trump ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​មាន​ការ​សម្រេច​លើ​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ទាំង​អស់​ក្នុង​រយៈពេល ១៨០ ថ្ងៃ៕

XS
SM
MD
LG