មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងបានធ្វើទស្សនកិច្ចទៅកាន់រោងចក្របច្ចេកវិទ្យាខ្ពស់មួយចំនួន និងកន្លែងទេសចរណ៍មួយកន្លែងនៅក្នុងប្រទេសវៀតណាមនៅថ្ងៃពុធនេះ ស្របពេលដែលមេដឹកនាំរបស់ពួកគេ គឺលោក Kim Jong Un មានបំណងធ្វើឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងរីកចម្រើន ដោយយកគម្រូតាមជោគជ័យរបស់ប្រទេសវៀតណាម។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានកត់សម្គាល់ឃើញពីភាពរីកចម្រើនរបស់ប្រទេសវៀតណាម បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់ទីក្រុងហាណូយកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដើម្បីចូលរួមកិច្ចប្រជុំលើកទី ២ របស់លោក ជាមួយនឹងលោក Kim Jong Un។
ក្រុមទីប្រឹក្សាគោលនយោបាយការបរទេស និងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Kim Jong Un ដែលបានអមដំណើរលោកទៅកាន់ប្រទេសវៀតណាម បានធ្វើដំណើរចេញពីទីក្រុងហាណូយ នៅថ្ងៃពុធនេះ ទៅកាន់ទីក្រុង Haiphong ដែលជាទីក្រុងកំពង់ផែឧស្សាហកម្ម និងទៅកន្លែងទេសចរណ៍ Ha Long Bay។
នៅទីក្រុង Haiphong គណៈប្រតិភូកូរ៉េខាងជើងបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតរថយន្ត Vinfast រោងចក្រផលិតទូរស័ព្ទ smartphone VinSmart និងរោងចក្រផ្គត់ផ្គង់ផ្នែកកសិកម្ម និងម្ហូបអាហារ VinEco ដែលរោងចក្រទាំងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន VinGroup។
សេដ្ឋកិច្ចប្រទេសកុម្មុយនិស្តវៀតណាមបានរីកចម្រើនតាំងពីរដ្ឋាភិបាលវៀតណាមអនុវត្តគោលនយោបាយកែទម្រង់ដែលគេស្គាល់ថា «Doi Moi» កាលពីទសវត្សរ៍ ១៩៨០។
លោក Cho Bong Hyun អ្នកជំនាញខាងសេដ្ឋកិច្ចកូរ៉េខាងជើងនៃធនាគារ IBK ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា គោលនយោបាយសេដ្ឋកិច្ច Doi Moi របស់វៀតណាមគឺជាគំរូសម្រាប់ប្រទេសកូរ៉េខាងជើង ដែលចង់រក្សាប្រព័ន្ធគ្រប់គ្រងឯកបក្ស និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ចទ្រង់ទ្រាយធំដើម្បីជំរុញការរីកចម្រើន៕