ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងលោក Joe Biden គូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់គ្នាទៅវិញទៅមកថាមិនស័ក្តិសមដើម្បីកាន់ដំណែងប្រធានាធិបតីទេ។
លោក ត្រាំ ដែលមានអាយុ៧៤ឆ្នាំ បានចាត់ទុកគូប្រជែងរបស់លោកដែលមានអាយុ៧៨ឆ្នាំថាជា«មនុស្សទន់ខ្សោយ» ហើយបានចោទថា លោក Biden មានបញ្ហាខួរក្បាល។
ថ្លែងនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Wisconsin មុនការបោះឆ្នោតប្រធានាធិបតី ៤៧ថ្ងៃខាងមុខ លោកប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានថ្លែងទៀតថា លោក Biden មិនដឹងថា «លោកនៅរស់ឬទេ» ។
នៅក្នុងរដ្ឋ Pennsylvania វិញ លោក Biden បានរិះគន់ប្រធានាធិបតី ត្រាំ ថា «មិនសមហេតុសមផលទាល់តែសោះ»នៅក្នុងចំណាត់ការរបស់លោកក្នុងការដោះស្រាយការរាតត្បាតវីរុសកូរ៉ូណា ហើយបានបង្អាក់ប្រជាពលរដ្ឋមិនឲ្យធ្វើតាមការណែនាំតាមបែបវិទ្យាសាស្ត្ររបស់អ្នកជំនាញសុខាភិបាលរបស់រដ្ឋាភិបាលខ្លួន ។
លោក Biden បានមានប្រសាសន៍ថា ប្រសិនបើលោក ត្រាំ ចាត់វិធានការឲ្យបានឆាប់រហ័ស លោកនឹងបានជួយសង្គ្រោះជីវិតពលរដ្ឋអាមេរិកាំងរាប់ពាន់នាក់ពីវីរុសកូរ៉ូណា៕