នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក Christopher Wray បានព្រមានសមាជិកសភាអាមេរិកកាលពីថ្ងៃព្រហស្សតិ៍ថា រុស្ស៊ីនឹងមិនកាត់បន្ថយការខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើឲ្យមានឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ ដោយការព្យាយាមធ្វើឲ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden រងការខូចខាត។
ការផ្តល់សក្ខីកម្មបែបនេះទំនងមិនបានធ្វើឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ សប្បាយចិត្តទេនោះទេ។
លោក Wray ដែលផ្តល់សក្ខីកម្មនៅមុខគណៈកម្មាធិការសន្តិសុខមាតុភូមិរបស់សភាតំណាងរាស្ត្រ បានពណ៌នាកិច្ចប្រតិបត្តិការដ៏មានឥទ្ធិពលរបស់វិមានក្រឹមឡាំងថា មានសកម្មភាពខ្លាំងបំផុតលើបណ្តាញព័ត៌មានសង្គម បណ្តាញព័ត៌មានរដ្ឋ និងតាមរយៈបណ្តាញព័ត៌មានផ្សេងៗដែលគាំទ្ររដ្ឋាភិបាល។
លោកបានបន្តទៀតថា គោលបំណងនៃកិច្ចប្រតិបត្តិការទាំងនោះ គឺដើម្បីបង្ខូចឈ្មោះលោក Biden និងអ្វីដែលរុស្ស៊ីមើលឃើញថាជាសកម្មភាពប្រឆាំងនឹងរុស្ស៊ី ។
លោកប្រធានាធិបតី ត្រាំ ដែលធ្លាប់រិះគន់ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ និងមន្ត្រីអនុវត្តច្បាប់តាមបណ្តាញព័ត៌មានសង្គមកន្លងមកនោះ បានឆ្លើយតបវិញកាលពីយប់ថ្ងៃព្រហស្សតិ៍ថា៖ «ប៉ុន្តែ Chris អ្នកឯងមិនឃើញសកម្មភាពណាមួយពីប្រទេសចិនទេទោះជាចិនជាការគំរាមកំហែងមួយដែលធំជាងរុស្ស៊ី ឆ្ងាយណាស់ក៏ដោយ»។ លោក ត្រាំ បន្ថែមទៀតថា ចិននិងរុស្ស៊ី និងប្រទេសឯទៀត នឹងមានលទ្ធិភាពលូកលាន់ចូលការបោះឆ្នោតឆ្នាំ២០២០ របស់យើង ជាមួយនឹងការលួចបន្លំសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ដែលអ្នកបោះឆ្នោតមិនបានសុំនោះ។
ប្រធាន FBI បានថ្លែងប្រាប់សមាជិកសភាមុនសវនាការនោះថា គ្មានភស្តុតាងអ្វីដែលនាំឲ្យមានការព្រួយបារម្ភនេះទេ៕