ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណុច​សំខាន់ៗ​ពី​ការ​ជជែក​ដេញដោល​ចុងក្រោយ​រវាង​លោក Trump និង​លោក Biden


លោកប្រធានាធិបតី Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងការជជែកដេញដោលគ្នាលើកចុងក្រោយ នៅសាកលវិទ្យាល័យ Belmont ក្នុងក្រុង Nashville រដ្ឋ Tennessee ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
លោកប្រធានាធិបតី Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងការជជែកដេញដោលគ្នាលើកចុងក្រោយ នៅសាកលវិទ្យាល័យ Belmont ក្នុងក្រុង Nashville រដ្ឋ Tennessee ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​អតីត​អនុប្រធានាធិបតី​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​តតាំង​គ្នា​ជា​លើក​ចុងក្រោយ​ ដោយ​ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​និង​គោល​ជំហរ​រៀងៗខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​រួមមាន វិបត្តិ​ជំងឺ​កូវីដ១៩ សេដ្ឋកិច្ច សន្តិសុខជាតិ ការ​រើស​អើង​ជាតិសាសន៍ ការ​ប្រែប្រួល​អាកាសធាតុ និង​ភាពជាអ្នកដឹកនាំ។

បន្ទាប់​ពី​លោក Trump និង​លោក Biden បាន​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​ជជែក​ដេញដោល​គ្នា​ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Belmont ក្នុង​ទីក្រុង Nashville រដ្ឋ​Tennessee អ្នកស្រី Kristen Welker អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន NBC ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​គ្នា​លើក​ចុង​ក្រោយ​នេះ បាន​បើក​វេទិកា​ពិភាក្សា​គ្នា​នេះ​ដោយ​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​បេក្ខជន​ទាំង​ពីរ។

វិបត្តិ​ជំងឺ​កូវីដ​១៩

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បាន​«សម្រប​ខ្លួន​រស់នៅ​ជាមួយ​វិបត្តិនេះ​[ជំងឺ​កូវីដ១៩] យើង​មិនមាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ​ទេ» បន្ថែម​លើ​អ្វី​ដែល​រដ្ឋបាល​របស់​លោក​បាន​ធ្វើ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Trump ក៏​បាន​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ដាក់​លោក Biden ដោយ​ចោទ​ថា លោក Biden បាន​ប្រឈម​នឹង​ជំងឺ​នេះ ដោយ​លាក់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក។ លោក Trump បាន​ថ្លែង​ថា៖ «យើង​មិនអាច​លាក់​ខ្លួន​ក្នុង​បន្ទប់​ក្រោម​ដី ដូច Joe ទេ។ គាត់​មាន​លទ្ធភាព​នៅ​ក្នុង​ផ្ទះ។ គាត់​ច្បាស់ជា​មាន​លុយ​ច្រើន​។ ប៉ុន្តែ ពលរដ្ឋ​មិន​អាច​ធ្វើ​ដូច្នេះ​ទេ»។

លោក Biden បាន​វាយ​បក​វិញ​ដោយ​ថ្លែង​ថា៖ «ការ​ពិត​ទៅ នៅ​ពេល​យើង​ដឹង​ថា វា [វីរុស] នេះ​ចាប់ផ្តើម​រាតត្បាត នៅ​ពេល​វា​មក​ដល់​ទី​នេះ មាន​រឿង​អី​កើត​ឡើង? តើ​លោក​ប្រធានាធិបតី​បាន​និយាយ​យ៉ាង​ដូចម៉េច? លោក​ថា កុំ​បារម្ភ​អី វីរុស​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​បុណ្យ Easter [ខែ​មេសា] នៅពេល​អាកាសធាតុ​ក្តៅ»។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​ប្រមាណ ​៨ លាន ៤ សែន​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ ១៩ ហើយ​មនុស្ស​ប្រមាណ ២ សែន ២ ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ ដើរកាត់គំនូរលើជញ្ជាំងមួយ នៅទីក្រុង Queens រដ្ឋញូវយ៉ក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ ដើរកាត់គំនូរលើជញ្ជាំងមួយ នៅទីក្រុង Queens រដ្ឋញូវយ៉ក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

កម្មវិធី​ធានារ៉ាប់រង​សុខភាព

ទាំង​លោក Trump និង​លោក Biden បាន​ព្យាយាម​លើក​ឡើង​ពី​គោលនយោបាយ​របស់​ខ្លួន​អំពី​ការ​ធានារ៉ាប់​រង​សុខភាព ដែល​ពលរដ្ឋ​អាមេរិកាំង​ត្រូវការ​ចាំ​បាច់​ដើម្បី​ទទួល​បាន​សេវា​សុខភាព​ក្នុង​តម្លៃ​សមរម្យ។

លោក​ Biden បាន​លើក​យក​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព ​Affordable Care Act នៅ​ពេល​ដែល​លោក Trump បាន​ចោទ​ថា​លោក Biden គាំទ្រ​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​បែប «សង្គម​និយម»។ នេះ​បើ​យោង​តាមកាសែត The New York Times។

នៅ​ពេល​សួរ​ថា​ តើ​លោក​នឹង​ចាត់​វិធានការ​អ្វី បើសិន​ជា​តុលាការ​កំពូល​សម្រេច​លុបចោល​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព Affordable Care Act ដែល​គេ​ហៅ​ក្រៅ​ថា Obamacare នោះ ខណៈ​ដែល​លោក Trump សន្យា​ថា​ លោក​ចង់​លុប​កម្មវិធី​នេះ​ចោល​នោះ លោក Biden បាន​ថ្លែង​ថា លោក​នឹង «អនុម័ត​ឲ្យ​កម្មវិធី Obamacare ដោយ​មានជម្រើស​សាធារណៈ»។​

លោក Biden ក៏​បាន​វាយ​ប្រហារ​លើ​ផែនការ​សុខភិបាល​របស់​លោក Trump ដែល​លោក Trump មិន​បានបង្ហាញនៅ​ឡើយ​នោះ។ លោក Biden បាន​ថ្លែង​ថា៖ «គាត់ [លោក Trump] បាន​និយាយ​ពី​រឿង​នេះ​យូរ​មក​ហើយ ប៉ុន្តែ​លោក​មិន​មាន​ផែនការ​អី​ទេ»។

ជា​ការ​ឆ្លើយ​តប លោក Trump បាន​ថ្លែង​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ចោទ​លោក Biden ថា​បាន​គាំទ្រ​កម្មវិធី​រ៉ាប់រង​សុខភាព​«បែប​សង្គម​និយម» ហើយ​ថា អ្នក​ស្រី Kamala Harris ដែល​ជា​បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ជា​ដៃគូ​របស់​លោក Biden គឺជា​អ្នក​ដែល​មាន​ជំហរ​បែប «សេរី​និយម​ជាង​លោក Bernie Sanders» ទៅ​ទៀត​ ពាក់ព័ន្ធ​នឹង​គោលនយោបាយ​សុខាភិបាល។

សន្តិសុខ​ជាតិ

នៅក្នុង​ការ​ជជែក​ដេញដោល​នេះ លោក​ប្រធានាធិបតី​ Donald Trump បាន​ថ្លែង​ថា រដ្ឋបាល​របស់​លោក Obama បាន​បន្សល់​ទុក​ស្ថានភាព​ «ច្របូកច្របល់» នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាងជើង ឲ្យ​លោក Trump ដោះស្រាយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន AP។

លោក Trump បាន​អះអាង​ថា​ លោកបាន​បញ្ចៀស​សង្គ្រាម​មួយ​ដែល​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​មនុស្ស​រាប់លាន​នាក់ ដោយ​អះអាង​ថា លោក​ Barack Obama បាន​ប្រាប់​រូបលោក​ថា លោក​ត្រូវ​ចាត់​ទុក​គ្រោះថ្នាក់​ដែល​អាច​បង្ក​ឡើង​ដោយ​លោក Kim Jong Un ថា​ជា​ការគំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដល់​សន្តិសុខ​ជាតិ។​

លោក Biden បាន​ឆ្លង​តប​វិញ​ថា លោក​ Trump បាន​ធ្វើ​ឲ្យ​«ជន​ឧក្រិដ្ឋ» ត្រូវបាន​«ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់» ដោយ​ជួប​និង​បង្កើត​ទំនាក់​ទំនង​ជាមួយ​លោក Kim Jong Un។

លោក Trump បាន​វាយ​បក​ទៅវិញ​ថា លោក Kim Jong Un «មិន​ចូលចិត្ត​លោក Obama» ទេ ហើយ​លោក​ Trump ក៏​បាន​ទទូច​ថា «ការ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ដទៃ​ទៀត​គឺជា​រឿង​ល្អ»។

យ៉ាងណាមិញ លោក Biden បាន​ឆ្លើយ​តប​វិញ​ថា សហរដ្ឋ​អាមេរិក «មាន​ទំនាក់​ទំនង​ល្អ​ជាមួយ Hitler» មុន​ពេល​ការ​ឈ្លានពាន​ដែល​បាន​បណ្តាល​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី ២។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាប់ដៃគ្នាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅក្នុងកិច្ចជួបពិភាក្សាគ្នាមួយ នៅភាគខាងត្បូងនៃតំបន់ខណ្ឌចែករវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាប់ដៃគ្នាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅក្នុងកិច្ចជួបពិភាក្សាគ្នាមួយ នៅភាគខាងត្បូងនៃតំបន់ខណ្ឌចែករវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ការ​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​អះអាង​ថា​ ប្រទេស​ណា​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​ទទួល​រង​ផល​លំបាក​វិញ បើ​សិន​ជា​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។

លោក Biden បាន​ថ្លែង​ថា៖ «ប្រទេស​ទាំង​នោះ​កំពុង​ជ្រៀតជ្រែក​អធិបតេយ្យភាព​របស់​សហរដ្ឋ​អាមេរិក»។

មន្ត្រី​អាមេរិក​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​ hacker រុស្ស៊ី បាន​លួច​ចូលកាន់កាប់​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក ដោយ​បាន​លួច​ទិន្នន័យ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​យ៉ាង​ហោច​ណាស់ ២។

មន្ត្រី​ទាំង​នោះ ក៏​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង ថា​បាន​នៅ​ពី​ក្រោយ​ការ​ផ្ញើ​អ៊ីមែល​ដែល​មាន​ខ្លឹមសារ​បែប​កំហឹង ទៅកាន់​ក្រុម​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ដែល​ការ​គាំទ្រ​រវាង​លោក Trump និង​លោក Biden មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា ក្នុង​គោល​បំណង​បំភិត​បំភ័យ​អ្នក​បោះឆ្នោត​ទាំង​នោះ ឲ្យ​បោះឆ្នោត​ជូន​លោក​ប្រធានាធិបតី Donald Trump។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា គ្មាន​ប្រធានាធិបតី​ណា​ដែល​បាន​ចាត់វិធានការ​តឹងរ៉ឹង​លើ​រុស្ស៊ី តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម និង​ជំរុញ​ឲ្យ​មាន​ការ​ចំណាយ​លើ​កម្លាំង​យោធា​ដោយ​អង្គការ NATO ដូច​អ្វី​ដែលរូប​លោក​បាន​ធ្វើ​នោះ​ទេ។

សេដ្ឋកិច្ច

បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP នៅ​ក្នុង​ការ​ជជែក​ដេញដោល​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទាំង​លោក Trump និង​លោក Biden ត្រូវបាន​ចោទ​សួរ​ពី​គោលជំហរ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​តាម​ច្បាប់​សហព័ន្ធ។ បច្ចុប្បន្ន ប្រាក់​បៀរវត្សរ៍​អប្បបរិមា​ស្ថិត​ក្នុង​ទឹកប្រាក់​ចំនួន ៧ ដុល្លារ ២៥សែន ក្នុង​រយៈពេល​មួយ​ម៉ោង។

លោក Biden បាន​លើក​ឡើង​ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ប្រាក់​ម៉ោង​អប្បបរិមា​ចំនួន ១៥ដុល្លារ សម្រាប់​ការងារ​ក្នុង​រយៈពេល​មួយ​ម៉ោង ហើយ​ថា ​ការ​ធ្វើ​ដូច្នេះ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ខ្នាត​តូច​នោះទេ។

លោក Biden បាន​ថ្លែង​ថា៖ «មិនមាន​ភស្តុតាង​ដែល​ថា នៅពេល​យើង​ដំឡើង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា នោះ​អាជីវកម្ម​ខ្នាត​តូច​នឹង​ដួល​រលំ​នោះទេ»។

លោក​ប្រធានាធិបតី Trump បាន​អះអាង​ថា ការ​កំណត់​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​គួរតែ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​តាម​រដ្ឋ​ជា​អ្នក​សម្រេច។

លោក​ថ្លែង​ថា៖ «តើ​អ្នក​ជួយ​អាជីវកម្ម​ខ្នាត​តូច​បែប​ម៉េច បើ​អ្នក​បង្ខំ​ឲ្យ​ពួកគេ​ដំឡើង​ប្រាក់​បៀរវត្សរ៍​ដល់​បុគ្គលិក? អ្វី​ដែល​នឹង​កើត​ឡើង​ហើយ​ដែល​ត្រូវបាន​បង្ហាញ​ថា​បាន​កើត​ឡើង​គឺថា បើ​យើង​ដំឡើង​ប្រាក់​បៀរវត្សរ៍ នោះ​អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ នឹង​បញ្ឈប់​បុគ្គលិក​ជាច្រើន​នាក់​ពី​ការងារ»។

រូបឯកសារ៖ ក្មេងស្រីម្នាក់ឈរក្នុងដែនដីនៃតំបន់ Ciudad Juarez ប្រទេសម៉ិកស៊ិក មើលមន្ត្រីយាមល្បាតតាមព្រំដែនរបស់សហរដ្ឋអាមេរិកកំពុងហាត់សម នៅក្រុង Sunland Park រដ្ឋ New Mexico កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ក្មេងស្រីម្នាក់ឈរក្នុងដែនដីនៃតំបន់ Ciudad Juarez ប្រទេសម៉ិកស៊ិក មើលមន្ត្រីយាមល្បាតតាមព្រំដែនរបស់សហរដ្ឋអាមេរិកកំពុងហាត់សម នៅក្រុង Sunland Park រដ្ឋ New Mexico កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

អន្តោប្រវេសន៍

នៅ​ក្នុង​ការ​ជជែក​ដេញដោល​ជា​លើក​ចុង​ក្រោយ​នេះ បញ្ហា​អន្តោប្រវេសន៍​ត្រូវបាន​ចោទ​សួរ​ទៅ​កាន់​លោក Trump និង​លោក Biden ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ឆ្លង​ព្រំដែន​ពី​ប្រទេស​ម៉ិកស៊ិក​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ការពារ​ចំណាត់ការ​របស់​រដ្ឋបាល​លោក ​ពាក់ព័ន្ធ​នឹង​ការបំបែកបំបាក់​កុមារ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ដែល​ជា​ជន​អន្តោប្រវេសន៍ ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ព្រំដែន​អាមេរិក​-ម៉ិកស៊ិក។

លោក​បាន​ថ្លែង​ថា កុមារ​ទាំង​នោះ​ជាញឹកញាប់​ត្រូវបាន​«ឈ្មួញ​ជួញដូរ​មនុស្ស និង​មនុស្ស​គំនិត​អាក្រក់​គ្រប់​ប្រភេទ» ឲ្យ​ឆ្លង​ព្រំដែន ​មិន​មែន​មក​ជាមួយ​ឪពុក​ម្តាយ​របស់​ពួក​គេ​នោះ​ទេ។​

អង្គការ​សម្ព័ន្ធ​សិទ្ធិ​ពលរដ្ឋ​អាមេរិក (ACLU) បាន​ប្រាប់​ចៅក្រម​អន្តោប្រវេសន៍​ម្នាក់​នៅក្នុង​សប្តាហ៍​នេះ​ថា កុមារ​យ៉ាងហោច​ណាស់ ៥៤៥នាក់ ត្រូវបាន​បំបែក​ចេញ​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ចាប់តាំង​ពី​ឆ្នាំ ២០១៨​ មក។

លោក​ Trump បាន​ថ្លែង​ថា រដ្ឋបាល​របស់​លោក​បាន​សង់​រនាំង​ព្រំដែន​ប្រវែង​ជាង ៦៤០គីឡូម៉ែត្រ តាម​ការ​សន្យា​របស់​លោក។ លោក​ក៏​បាន​ថ្លែង​ថា «ពួកគេ​បាន​សង់​ទ្រុង» ដោយ​សំដៅ​លើ​សំណង់​ដែល​ត្រូវបាន​សាងសង់​ឡើង​ក្នុង​អំឡុង​រដ្ឋបាល​លោក Obama។ ទ្រុង​ទាំងនោះ ត្រូវបាន​បង្ហាញ​នៅ​ក្នុង​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ជា​ច្រើន ក្នុង​អំឡុង​ពេល​ឃុំខ្លួន​កុមារ​អន្តោប្រវេសន៍​ដោយ​បំបែក​ពួកគេ​ពី​ឪពុកម្តាយ។​

លោក Biden បានច្រានចោល​ការ​លើក​ឡើង​របស់​លោក Trump ដោយ​អះ​អាង​ថា កុមារ​ទាំង​នោះ «ត្រូវបាន​បំបែក​ចេញ​ទាំង​បង្ខំ​ពី​» ក្រុមគ្រួសារ​របស់​ពួកគេ​នៅឆ្នាំ ២០១៨។ ដូច​អ្វី​ដេល​លោក​បាន​លើក​ឡើង​តាំងពី​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត លោក Biden បាន​ការពារ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋបាល​លោក Obama ដោយ​ទទួល​ស្គាល់​ថា «វា​ចំណាយ​ពេលវេលា​ច្រើន​ ដើម្បី​ធ្វើ​កិច្ចការ​ដែល​ត្រូវ»។

រូបឯកសារ៖ អ្នកចូលរួមម្នាក់បានលើកដៃឡើងលើបង្ហាញការប្តេជ្ញាចិត្តរបស់លោក ខណៈលោកនិងមនុស្សរាប់រយនាក់ ចូលរួមពិធីដើរហែក្បួនដើម្បីបង្ហាញការប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើសាហាវព្រៃផ្សៃរបស់ប៉ូលិស នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកចូលរួមម្នាក់បានលើកដៃឡើងលើបង្ហាញការប្តេជ្ញាចិត្តរបស់លោក ខណៈលោកនិងមនុស្សរាប់រយនាក់ ចូលរួមពិធីដើរហែក្បួនដើម្បីបង្ហាញការប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើសាហាវព្រៃផ្សៃរបស់ប៉ូលិស នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

បញ្ហា​ជាតិ​សាសន៍

សារព័ត៌មាន Washington Post រាយការណ៍​ថា បេក្ខជន​ទាំង​ពីរ​បាន​ឆ្លើយ​សំណួរ​អំពី​បញ្ហា​ជាតិ​សាសន៍ អំពី​ការណ៍​ឪពុក​ម្តាយ​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ ​ឬ​ស្បែក​ស្រអែម​ ត្រូវ​ពន្យល់​ដល់​កូនៗ​របស់​ពួក​គេ ​អំពី​មូលហេតុ​ដែល​ពួក​គេ​បាន​ក្លាយ​ជា​គោលដៅ​របស់​មន្ត្រី​ពង្រឹង​ច្បាប់​អាមេរិក​ ក្នុង​កាលៈទេសៈផ្សេងៗ។

លោក Biden បាន​ទទួល​ស្គាល់អំពី​ការ​សន្ទនា​ដ៏​លំបាក​ដែល​ឪពុក​ម្តាយ​ត្រូវនិយាយ​ជាមួយ​កូន​ដោយ​លោក​ទទួល​ស្គាល់​ថា «មាន​ការ​រើសអើង​ជាតិសាសន៍​ជា​លក្ខណៈ​ស្ថាប័ន នៅ​សហរដ្ឋ​អាមេរិក »។​

នៅ​ពេល​លោក ​Trump ត្រូវ​សួរ​ថា​តើ​លោកយល់​ពី​មូលហេតុ​ដែល​ឪពុកម្តាយ​ទាំង​នេះ​បារម្ភ​អំពី​កូនៗ​របស់​ពួក​គេ​នោះ​ទេ លោក​ Trump ឆ្លើយ​ដោយ​ខ្លី​ថា «បាទ ខ្ញុំ​យល់»។ បន្ទាប់​មក​ លោក Trump បាន​វាយប្រហារ​ទៅ​លើ​សាវតារ​របស់​លោក Biden ទាក់ទង​ទៅ​នឹង​រឿង​នេះ ដោយ​លោក​ Trump បាន​លើក​ពី​ច្បាប់​ឧក្រិដ្ឋកម្ម​ដ៏​ចម្រូងចម្រាស​មួយ ​នៅ​ឆ្នាំ​ ១៩៩៤ ដែល​លោក​ Biden បាន​គាំទ្រ។ លោក Trump ក៏បាន​ការពារ​វិធានការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​មួយ​ដែល​លោកបាន​គាំទ្រ។​

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ​ លោក Trump បាន​ប្រកាស​ថា៖ «ខ្ញុំ​ជា​បុគ្គល​មាន​ការ​រើសអើង​ជាតិសាសន៍​តិច​ជាង​គេ​បំផុត​ នៅ​ក្នុង​បន្ទប់​នេះ»។ កន្លង​មក​លោក Trump បាន​រង​ការ​រិះគន់​ជា​ច្រើន​ចំពោះ​វោហាសាស្ត្រ​ប្រឆាំង​ជន​អន្តោប្រវេសន៍ និង​ប្រឆាំង​ជន​មូស្លីម។

ប៉ុន្តែ​លោក​Biden បាន​ឆ្លើយ​វាយ​ប្រហារ​លោក Trump ថា៖ «គាត់ [Trump]​ គឺជា​អ្នក​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​រាល់​បញ្ហា​រើសអើង​ជាតិ​សាសន៍»។

បញ្ហា​ថាមពល​ស្អាត

លោក Joe Biden និងលោក Donald Trump បាន​ខ្វែង​គំនិត​គ្នា​អំពី​ការ​ពឹង​ផ្អែក​របស់​សហរដ្ឋអាមេរិក​ទៅលើ​ថាមពល​ប្រេង​កាត ហើយ​អ្វី​ដែល​ត្រូវធ្វើ​នៅពេល​អនាគត ដើម្បី​កាត់​បន្ថយ​ផ្សែង​ពុល។

ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា ក្នុង​អំឡុង​ការ​ជជែក​ដេញ​ដោយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក Biden ថា សហរដ្ឋអាមេរិក​ត្រូវស្រវ៉ា​ចាប់​យក​ថាមពល​ស្អាត​និង​ជា​បន្តិច​ម្តងៗ ត្រូវងាក​ចេញពី​ការ​ប្រើប្រាស់​ប្រេងកាត។

លោក Trump បានឆ្លើយ​កាត់​វិញ​យ៉ាង​ឆាប់​ថា «នេះជា​សម្តីធំ​ណាស់» ហើយ​ថា​ លោក​ឆ្ងល់​ថា តើ​អ្នក​បោះឆ្នោត​នៅតាម​បណ្តារដ្ឋ​ដែល​ផលិត​ប្រេង​ដូចជា Texas, Oklahoma និង Pennsylvania កំពុង​ស្តាប់​ឮ​សម្តី​លោក Biden ទេ។

លោក Biden ឆ្លើយតប​វិញ​ថា ផែនការ​ថាមពល​របស់​លោក​មាន​ចំណុច​លម្អិត​ច្រើន មិន​ដូចការ​រៀបរាប់​របស់​លោក Trump ទេ ហើយ​លោក​សង្កត់ធ្ងន់​ថា ការ​ងាក​ចេញ​ពី​ពឹង​ផ្អែកលើ​ថាមពល​ប្រេងកាត​នឹង​ត្រូវធ្វើ​បន្តិច​ម្តងៗ៕

XS
SM
MD
LG