ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​ដែល​ជ្រើស​តាំង​ដោយ​លោក​ត្រាំ​ត្រូវ​បានគេ​​ចោទ​សួរ​ខ្លាំងៗ​ក្នុង​សវនាការ​នៅ​វិមាន Capitol


លោក Jeff Sessions ផ្តល់​សក្ខីកម្ម​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០​ ខែមករា ឆ្នាំ២០១៧។
លោក Jeff Sessions ផ្តល់​សក្ខីកម្ម​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០​ ខែមករា ឆ្នាំ២០១៧។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ដោយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ Donald Trump ​បាន​ថ្លែង​ទៅ​កាន់​សហការី​របស់​លោក​ កាល​ពី​ថ្ងៃ​អង្គារ​​ថា ​ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​មក​ពី​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ​លោក​បាន​ឃើញ​ការ​រើស​អើង​ជាតិ​សាសន៍ ​ហើយ​ដឹង​ថា​នេះ​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ។ ​លោក​សមាជិក​ព្រឹទ្ធសភា​ Jeff Sessions ​ដែល​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​កាន់​តំណែង​ជា​ចៅ​ក្រម​តុលាការ​សហព័ន្ធ​ដោយ​សារ​ការ​ចោទ​ប្រកាន់​ពី​ការ​រើស​អើង​ជាតិ​សាសន៍​កាល​ពី​អតីតកាល​ ត្រូវ​បាន​ចោទ​សួរ​ខ្លាំងៗ ដោយ​សមាជិក​ព្រឹទ្ធសភា​ជា​ច្រើន​រូប​ ទៅ​លើ​ទស្សនៈ​អភិរក្ស​របស់​លោក។ ​ទស្សនៈ​មួយ​ចំនួន​ផ្ទុយ​ពី​ច្បាប់​ ឬ​គោល​នយោបាយ​ដែល​បង្កើត​​ឡើង​ដោយ​រដ្ឋ​បាល​ជិត​ផុត​អណត្តិ​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា។​

លោក Jeff Sessions ​ដែល​ជា​បេក្ខជន​នៃ​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​និយាយ​ថា៖ «អស់​លោក​ លោកស្រី​ស្គាល់​ខ្ញុំ​ស្រាប់​ហើយ ​ហើយ​អស់​លោក​ លោកស្រី​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​មាន​ជំនឿ​លើ»។

សមាជិក​ព្រឹទ្ធសភាកំពុង​ពិចារណា​លើ​បេក្ខភាព​នៃ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​សម្រាប់​តំណែង​ជា​មន្ត្រី​អនុវត្ត​ច្បាប់​កំពូល​នៅ​សហរដ្ឋ​អាមេរិក។ លោក Jeff Sessions ​អ្នក​ដែល​បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំងក្លា​ឲ្យ​លោក Donald Trump ​នឹង​មាន​កាតព្វកិច្ច​ផ្ដល់​ការ​វិភាគ​ឯករាជ្យ​ផ្នែក​ច្បាប់​ដល់​លោក​ Trump។​

លោក ​Chuck Grassley ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​បាន​ចោទ​សួរ​ថា៖ «តើ​លោក​នឹង​ក្រោក​ឈរ ​ហើយ​និយាយ​ថា​ «ទេ» ទៅ​កាន់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែរ​ឬទេ​ ប្រសិន​បើ​វា​ស្ថិត​ក្រោម​ការ​វិនិច្ឆ័យ​របស់​លោក ស្ថិត​នៅ​ក្រោម​ច្បាប់ និង​ជា​កាតព្វកិច្ច​ដែល​តម្រូវ​ឲ្យ​លោក​ធ្វើ​ដូច្នេះ?»​

លោក Jeff Sessions ​ឆ្លើយ​ថា៖ «​ជា​ធម្មតា ​អ្នកត្រូវ​ជួយ​ប្រធានាធិបតី​ធ្វើ​កិច្ចការ​ទាំងឡាយ​ណា ​ដែលប្រធានាធិបតី​ប្រហែល​ជា​ចង់​ធ្វើ​ដោយ​ស្រប​ច្បាប់​ ហើយអ្នក​ត្រូវ​តែ​អាច​និយាយ​ថា ​«ទេ» ​ដើម្បី​ប្រទេស​ជាតិ ​ដើម្បី​ប្រព័ន្ធ​ច្បាប់ ​និង​ដើម្បី​ប្រធានាធិបតី»។​

លោក Sessions ​បញ្ជាក់​ជា​ថ្មី​ ពី​ការ​ប្រឆាំង​របស់​លោក​ចំពោះ​ច្បាប់​រំលូត​កូន ​ប៉ុន្តែ​លោក​ទទួល​ស្គាល់ ​និង​គោរព​តាម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​រំលូត​កូន។ លោក​បាន​ផ្ដល់​ចម្លើយ​ស្រដៀង​គ្នាចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។​

លោកស្រី​ DIANNE FEINSTEIN ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យចោទ​សួរ​ថា៖ «តើ​លោក​យល់​ស្រប​ថា​ បញ្ហា​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ជា​ច្បាប់​ដែល​បាន​បកស្រាយ​ចប់​សព្វ​គ្រប់​ទេ?»​

លោក Jeff Sessions ​ឆ្លើយ​ថា៖ ​«តុលាការ​កំពូល​បាន​សម្រេច​លើ​រឿង​នេះ។ ខ្ញុំ​នឹង​ស្រប​តាម​ការ​សម្រេច​នេះ»។​

រំខាន​ដោយ​អ្នក​តវ៉ា​ជា​រឿយៗ ​លោក Sessions ​ត្រូវ​បាន​គេ​សួរ​ពី​ការ​សន្យា​ផ្សេងៗ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​របស់​លោក Trump។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​ លោក Partrick Leahy ​លើក​ឡើង​ថា៖
«ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​ពី​គោល​បំណង​របស់​លោក​ក្នុង​ការ​ហាម​ប្រាម​ជន​អន្តោប្រវេសន៍​ឥស្លាម​មិន​ឲ្យ ​ចូល​មក​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក»។

លោក Jeff Sessions ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មិន​ជឿ​រឿង​នេះ​ទេ ​ហើយ​ក៏​មិន​គាំ​ទ្រ​គំនិត​ដែល​ថា​ ក្រុម​ប្រជាជន​ដែល​កាន់​សាសនា​ឥស្លាម ​គួរ​តែ​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​ដែរ»។

លោក Trump ​បាន​សន្យាបញ្ចប់​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កាន់​សហរដ្ឋ​អាមេរិក​ និង​កែប្រែ​បទបញ្ជា​ប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ ដែល​ការពារ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​លាន​នាក់​ពី​ការ​និរទេស​ខ្លួន។ លោក​ Sessions យល់​ថា​ គ្មាន​អ្វី​ខុស​ទេ​ចំពោះ​ការ​សន្យា​ទាំង​ពីរ​នេះ។

​លោក Sessions ​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ​ប្រសិន​បើ​អ្នក​បន្ត​ជា​មួយ​វដ្ដ​នៃ​ការ​លើក​លែង​ទោស ​នោះ​អ្នកមើល​ស្រាល​ការ​គោរព​ច្បាប់ ​ព្រមទាំង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​អាមេរិក។ ខ្ញុំ​ជឿ​ថា​ពលរដ្ឋ​អាមេរិក​បាន​និយាយ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កន្លង​ទៅ​នេះ»។

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​តវ៉ា​ប្រឆាំង​នឹង​លោក​ Sessions ​និង​បាននិយាយ​ថា​លោក​មិន​សម​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ទេ។

សកម្មជន​សិទ្ធិ​មនុស្ស​ លោក William Barber ​និយាយ​ថា​៖ «គោលនយោបាយ​ និង​តួនាទី​របស់​លោក ​គឺ​ជា​គូ​បដិបក្ខ ​និង​ជា​ការ​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំងដល់​តម្លៃ​រដ្ឋ​ធម្មនុញ្ញ​របស់​យើង»។​

ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​ការ​ពារ​លោក។ មេដឹកនាំ​ព្រះវិហារ​គ្រិស្ត​សាសនា​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក Harry Jackson ​បាន​និយាយ​ថា៖ «លោក​សមាជិក​ព្រឹទ្ធសភា Sessions ​មិន​រើស​អើង​ជាតិ​សាសន៍​ទេ។ លោក​បាន​បញ្ចប់​ការ​បែក​ចែកពណ៌​សម្បុរ​ក្នុង​សាលា​រៀន នៅ​រដ្ឋ Alabama ​ដែល​ជា​បញ្ហា​ដ៏​ធំ​មួយ។ លើស​ពី​នេះ​លោក​ក៏​បាន ជ្រោមជ្រែង​ឲ្យ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិតឃាតក​ដែល​ជា​សមាជិក​របស់​ក្រុម KKK ផង​ដែរ»។

លោក​សមាជិក​ព្រឹទ្ធសភា ​LINDSEY GRAHAM ​មក​ពី​គណបក្ស​សាធារណរដ្ឋ ​ចោទ​សួរ​ថា៖​ «មនុស្ស​មួយ​ចំនួន​ព្យាយាម​លាប​ពណ៌​លោក​ថា ​លោក​ជា​អ្នក​រើស​អើង​ជាតិ​សាសន៍​ ជា​អ្នក​ដែល​គិត​ថា​ខ្លួន​ឯង​ត្រូវ​រហូត ឬ​ជា​អ្វី​ផ្សេងៗ​ទៀត​តាម​តែ​គេ​ថា។ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

ចម្លើយ​របស់​លោក​ Sessions ​គឺ៖ «ខ្ញុំ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​រក្សា​នូវ​សេរី​ភាព​ និង​សមភាព​ ដែល​ប្រទេស​នេះ​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប»។​

សមាជិកសភា​អាមេរិក​ស្បែក​ខ្មៅ​ជា​ច្រើន​រូប ​រំពឹង​ថា ​នឹង​ផ្ដល់​សក្ខីកម្ម​ប្រឆាំងលោក Sessions ​នៅ​ចុង​សប្ដាហ៍​នេះ ​ខណៈ​ពេល​ដែល​សវនាការ​កំពុង​បន្ត៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

XS
SM
MD
LG