ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍មកថា លោកបានជ្រើសរើសសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Jeff Sessions ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយនិងជ្រើសរើសគណៈរដ្ឋមន្ត្រីផ្សេងៗទៀតសម្រាប់រដ្ឋបាលរបស់លោក។
ក្រុមរៀបចំការផ្ទេរតំណែងរបស់លោក ត្រាំ មិនទាន់បានបញ្ជាក់អំពីការជ្រើសតាំងលោក Sessions នៅឡើយនោះទេ ប៉ុន្តែសារព័ត៌មានជាច្រើនបានរាយការណ៍ដោយលើកឡើងពីប្រភពជិតស្និតមួយដែលមិនបញ្ចេញឈ្មោះ។ លោក Sessions គឺជាអ្នកដែលគាំទ្រយ៉ាងខ្លាំងមួយរូបនិងជាអ្នកផ្តល់ប្រឹក្សាដល់លោក ត្រាំ ចាប់តាំងពីពេលចាប់ផ្តើមដំបូងនៃយុទ្ធនាការដណ្តើមតំណែងប្រធានាធិបតីមកម្លេះ។
លោក ត្រាំ ក៏ត្រូវបានគេរាយការណ៍ថានឹងតែងតាំងសមាជិកសភាលោក Mike Pompeo ឲ្យធ្វើជានាយកទីភ្នាក់ងារស៊ើបការណ៍កណ្តាល ឬហៅកាត់ថា CIA ហើយលោកបានតែងតាំងលោកឧត្តមសេនីយ៍ឯកចូលនិវត្តន៍ Mike Flynn ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ។
លោក Flynn នឹងមិនត្រូវការការអនុម័តពីព្រឹទ្ធសភាអាមេរិកដូចលោក Sessions និងលោក Pompeo ទេ។
លោក Sessions អាចនឹងប្រឈមមុខនឹងសំណួរពិបាកៗនៅក្នុងសវនាការ សូម្បីតែសំណួរដោយក្រុមសមាជិកខាងគណបក្សសាធារណរដ្ឋខ្លួនឯងក្នុងការគ្រប់គ្រងសភា។ នៅពេលដែលលោក Sessions ត្រូវបានតែងតាំងក្នុងមុខតំណែងមួយនៅក្នុងតុលាការសហព័ន្ធកាលពី៣០ឆ្នាំមុន លោកត្រូវបានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរដោយសារតែការអត្ថាធិប្បាយរើសអើងរបស់លោក នៅពេលដែលលោកធ្វើជាមេធាវីនៅក្នុងរដ្ឋកំណើតរបស់លោកគឺរដ្ឋ Alabama។
លោក Sessions ក៏ត្រូវបានស្គាល់តាមរយៈគោលជំហរបស់លោកក្នុងការប្រឆាំងនឹងច្បាប់អន្តោប្រវេសន៍ផងដែរ។
ចំណែកឯលោក Pompeo គឺជាសម្ព័នមិត្តដ៏ជិតស្និតរបស់អនុប្រធានាធិបតីជាប់ឆ្នោតលោក Mike Pence ហើយលោក Pompeo គឺជាអ្នកដែលប្រឆាំងយ៉ាងខ្លាំងក្លាទៅលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែររបស់លោកប្រធានាធិបតី បារ៉ា់ក់ អូបាម៉ា ជាមួយនឹងអ៊ីរ៉ង់៕