លោក Donald Trump កំពុងយកលោក Bill Clinton ជាទីដៅនៃការវាយប្រហារនៅក្នុងការប៉ុនប៉ងមួយដើម្បីធ្វើឱ្យអន្តរាយដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកស្រី Hillary Clinton ដែលការប៉ុនប៉ងនេះធ្វើឡើងក្នុងទម្រង់ជាការផ្សព្វផ្សាយមួយតាមបណ្តាញសង្គម។
លោក Trump ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ បានផ្សាយវីដេអូលើបណ្តាញ Instagram មួយកាលពីថ្ងៃចន្ទដែលបង្ហាញភ្លេងនិងសំឡេងស្ត្រីបីនាក់ដែលបានចោទប្រកាន់លោកអតីតប្រធានាធិបតី Bill Clinton កាលពីទសវត្សរ៍ឆ្នាំ១៩៩០ថាបានរំលោភខាងកាមតណ្ហា។
នៅពេលដែលវីដេអូនេះជិតចប់ វាបង្ហាញរូបថតមួយនៃគូស្វាមីភរិយា Clinton អង្គុយជាមួយគ្នានៅពេលមានលេចពាក្យសម្តីថា «យើងនៅជាមួយគ្នាតទៅទៀត»។ គេបានឮលោកស្រី Clinton សើចនៅពីក្រោយ។
នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក Trump បាននិយាយថាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនឹងបន្តធ្វើការវាយប្រហារតទៅទៀតដើម្បីរំឭកពួកអ្នកបោះឆ្នោតអំពីរឿងអាស្រូវទាក់ទិននឹងលោក Clinton។
លោក Frank Sesno សាស្ត្រាចារ្យខាងបណ្តាញផ្សាយព័ត៌មាននិងកិច្ចការសាធារណៈនៅឯសាកលវិទ្យាល័យ American បាននិយាយប្រាប់ VOA ថា៖ «ការវាយប្រហារដ៏តានតឹងនិងញឹកញាប់របស់លោក Trump ភាគច្រើនមិនទាក់ទងនឹងវេទិការបស់ពួកបេក្ខជនទេ ហើយការវាយប្រហារណាមួយនឹងធ្វើឱ្យប្រព័ន្ធផ្សាយព័ត៌មានងាករេច្រើនទៅលើប្រធានបទនោះដែរ»។
លោក Brian Fallon អ្នកនាំពាក្យនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បាននិយាយប្រាប់ទូរទស្សន៍ Bloomberg កាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់លោក Trump ជាផ្នែកមួយនៃយុទ្ធសាស្ត្រមួយដើម្បី«ធ្វើឱ្យស្មារតីមិនមូលលើយុទ្ធនាការឃោសនាបោះឆ្នោតដែលផ្អែកលើបញ្ហាដែលត្រូវដោះស្រាយ»។
លោកស្រី Julia Azari សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Marquette បាននិយាយថា មានភ័ស្តុតាងថា ក្រុមអ្នកបោះឆ្នោតយកចិត្តទុកដាក់លើគោលជំហររបស់ពួកបេក្ខជនអំពីបញ្ហាសង្គម គោលនយោបាយការបរទេស និងបញ្ហាសេដ្ឋកិច្ច ដូច្នេះជាការប្រកបដោយគតិបណ្ឌិតដែលលោកស្រី Clinton គួរសង្កត់ធ្ងន់លើភាពជំនាញរបស់លោកស្រី ហើយលើសពីនេះទៅទៀតលើគោលជំហរនៃគោលនយោបាយរបស់លោកស្រី។
លោកស្រី Azari បាននិយាយបន្ថែមថា វិធីល្អសម្រាប់លោកស្រី Clinton គឺនិយាយអំពីបញ្ហាចម្រុះលាយឡំគ្នាទាំងអស់»៕