បើតាមការស្ទង់មតិសាធារណជនថ្មីៗបំផុតថា លោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យមានការគាំទ្រប្រកិតៗគ្នា ដោយអ្នកបោះឆ្នោតភាគច្រើនមានទស្សនៈមិនអនុគ្រោះដល់បេក្ខជនប្រធានាធិបតីទាំងពីរនាក់នេះទេ។
ការស្ទង់មតិមួយដែលបានត្រូវចេញផ្សាយកាលពីថ្ងៃអាទិត្យគឺ ការស្ទង់មតិរបស់កាសែត The Washington Post និងបណ្តាញទូរទស្សន៍ ABC News បានបង្ហាញថា លោក Trump នាំមុខបន្តិច ចំណែកឯការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ NBC News និងកាសែត Wall Street Journal បានបង្ហាញថាលោកស្រី Clinton នាំមុខបន្តិច។
ដូចដែលការស្ទង់មតិឯទៀតៗបានបង្ហាញកាលពីប៉ុន្មានថ្ងៃមុននេះដែរ ការស្ទង់មតិទាំងពីរនេះបានបង្ហាញថា លោក Trump បានកើនការគាំទ្រនៅក្រោយលោកបានក្លាយទៅជាជនដែលបានត្រូវសន្មតថាជា បេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋកាលពីដើមខែឧសភា។
ការស្ទង់មតិរបស់សារព័ត៌មាន Washington Post បានបង្ហាញថាអ្នកចុះឈ្មោះបោះឆ្នោតបានគាំទ្រលោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យ ច្រើនជាងលោកស្រី Clinton ៤៦ភាគរយទល់នឹង៤៤ភាគរយ។ លោកស្រី Hillary Clinton ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា ដែលខិតខំស្វះស្វែងឲ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសអាមេរិក។ នេះជាកំណើនការគាំទ្រដល់លោក Trump ចំនួន១១ភាគរយចាប់តាំងពីខែមីនាមក។ លោក Trump ធ្លាប់ជាអ្នកចាត់ចែងកម្មវិធីការពិតក្នុងជិវិតតាមទូរទស្សន៍ ដែលមិនធ្លាប់កាន់តំណែងសាធារណៈតាមរយៈការជាប់ឆ្នោតឡើយ។
ការស្ទង់មតិរបស់បណ្តាញទូទស្សន៍ NBC News បានបង្ហាញថា លោកស្រី Clinton បាននាំមុខលោក Trump ៤៦ភាគរយទល់នឹង៤៣ភាគរយ ដោយចុះ៨ភាគរយចាប់តាំងពីខែមេសាមក៕