ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​វៀតណាម​សញ្ជាតិ​អាមេរិកាំង​មាន​សុទិដ្ឋិនិយម​ពី​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ទៅ​វៀតណាម


ភ្ញៀវ​នៅ​ហាង​កាហ្វេ 7 Leaves Cafe នៅសហគមន៍ Little Saigon នៅទីក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

ការ​ប្រមូល​មតិ​របស់​ក្រុមយុវជន​វៀតណាម​អាមេរិកាំង​នៅ​ទី​នេះ ហាក់​ដូច​ជា​បង្ហាញ​ថា​ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ​អូបាម៉ា ​គឺ​ជា​ឱកាស​មួយ​អាច​ព្យាបាល​របួស​របស់​ប្រទេស​ទាំង​ពីរ​ពី​អតីតកាល​ និង​ចាប់ផ្តើម​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​ទៅ​ប្រទេស​វៀតណាម​នា​ចុង​ខែ​នេះ ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ទី៣ ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​នេះ ​ចាប់​តាំង​ពី​ការ​ធ្វើ​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Bill Clinton​ កាល​ពី​ឆ្នាំ​២០០០​មក។​

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ចំ​ពេល​ ដែល​ប្រទេស​វៀតណាម​កំពុង​រឹត​ចំណង មិត្តភាព​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​មាន​ការ​កើនឡើង​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន។ ជនជាតិ​វៀតណាម​សញ្ជាតិ​អាមេរិកាំង​ជា​ច្រើន​ ជាពិសេស​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ ​មាន​សុទិដ្ឋិនិយម​ពី​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ថា​ នឹង​អាច​ផ្សះផ្សារ​ទំនាក់ទំនង​ រវាង​អតីត​ប្រទេស​សត្រូវ​ទាំង​ពីរ​នេះ​បាន។​

ពេល​ក្រឡេក​មើល​ដំបូង​ វា​គ្រាន់​តែ​ជា​ទី​កន្លែង​ ដែល​មាន​ហាង​លក់​ទំនិញ​នៅ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​នៅ​ពេល​ទៅ​មើល​ឲ្យ​ជិត​ វា​បង្ហាញ​ពី​ទង់ជាតិ​របស់​ប្រទេស​វៀតណាម​ខាងត្បូង ដែល​ដាក់​តាម​ដង​ផ្លូវ​ និង​សហគមន៍​វៀតណាម​ដ៏​រស់រវើក ​ដែល​ពោរពេញ​ដោយ​អាជីវកម្ម​តូចៗ​ជា​ច្រើន។​

លោក​ Sonny Nguyen ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ហាង​លក់​កាហ្វេ​ 7​ Leaves​ Cafe​ ដែល​មាន​ទី​តាំង​នៅ​ចំ​កណ្តាល​សហគមន៍​ Little​ Saigon​ ឬ​ Saigon​ តូច។
លោក​ Sonny Nguyen ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ហាង​លក់​កាហ្វេ​ 7​ Leaves​ Cafe​ ដែល​មាន​ទី​តាំង​នៅ​ចំ​កណ្តាល​សហគមន៍​ Little​ Saigon​ ឬ​ Saigon​ តូច។

«នេះ​គឺ​ជា​សហគមន៍​វៀតណាម​ យើង​ស្រឡាញ់​សហគមន៍​នេះ​ណាស់»។

លោក​ Sonny​ កើត​នៅ​ប្រទេស​វៀតណាម​ និង​បាន​ធំ​ដឹង​ក្តី​នៅ​សហរដ្ឋ​អាមេរិក។​ លោក​ Sonny Nguyen ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ហាង​លក់​កាហ្វេ​ 7​ Leaves​ Cafe​ ដែល​មាន​ទី​តាំង​នៅ​ចំ​កណ្តាល​សហគមន៍​ Little​ Saigon​ ឬ​ Saigon​ តូច។​ សហគមន៍​នេះ​គឺ​ជា​កន្លែង​ ដែល​មាន​ចំនួន​ប្រជាជន​វៀតណាម​នៅ​ក្រៅ​ប្រទេស​រស់នៅ​ច្រើន​ជាង​គេ។

នេះ​គឺ​ជា​ហាង​លក់​កាហ្វេ​ ដែល​មាន​ការ​តុបតែង​បែប​បស្ចិម​ប្រទេស​ដោយ​មាន​អាហារ​ និង​ភេសជ្ជៈ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បែប​អាស៊ី។​

ហាង​លក់​កាហ្វេ​កូនកាត់​មួយ​នេះ​ បង្ហាញ​ពី​ប្រភេទ​អតិថិជន​ ដែល​ចូលចិត្ត​រសជាតិ​ប្រភេទ​នេះ​ ដែល​ពួកគេ​ទាំងនោះ​ភាគច្រើន​គឺ​ជា​យុវជន​វៀតណាម​សញ្ជាតិ​អាមេរិកាំង។​

ភាគច្រើន​នៃ​ពួកគេ​មាន​សុទិដ្ឋិនិយម​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា​ ទៅ​ប្រទេស​វៀតណាម។​

«ខ្ញុំ​គិត​ថា ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រធានាធិបតី​គ្រប់​រូប​ធ្វើ​ទស្សនកិច្ច​ និង​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»។

«​ឥឡូវ​នេះ​វា​ខុស​ពី​ពេល​មុន។​ បើ​គិត​ពី​សម័យ​មុន​មក​ដល់​ពេល​នេះ​ មាន​ការ​ខុស​គ្នា​ច្រើន​ណាស់។​ ខ្ញុំ​គិត​ថា​ ការ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​កម្មុយនិស្ត​ មិន​សុទ្ធ​តែ​ជា​រឿង​អាក្រក់​នោះ​ទេ»។​

ក្រុម​យុវវ័យ​សម័យ​នេះ​និយាយ​ថា​ វា​គួរ​តែ​ដល់​ពេល​ត្រូវ​ផ្សះ​ដំបៅ​កាល​ពី​អតីតកាល​ ដោយ​ចាប់​ផ្តើម​ពី​សង្រ្គាម​វៀតណាម​ និង​ពេល​ដែល​ពួក​កុម្មុយនិស្ត​កាន់កាប់​ប្រទេស។​

«យើង​បាន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​ ដូច្នេះ​ហើយ​សម្រាប់​ជំនាន់​ឪពុកម្តាយ​របស់​ខ្ញុំ ​គឺ​ជា​អ្វី​ដែល​ត្រូវ​ចងចាំ​ ហើយ​វា​គឺ​ជា​ស្នាម​របួស​ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​សហគមន៍​ Little Saigon»។

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang ចាប់ដៃ​ស្វាគមន័​គ្នានៅ​វិមាន​ប្រធានាធិបតី​របស់​វៀតណាម នៅ​ទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។
លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang ចាប់ដៃ​ស្វាគមន័​គ្នានៅ​វិមាន​ប្រធានាធិបតី​របស់​វៀតណាម នៅ​ទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

លោក​ Dzung​ Do​ នាយក​កាសែត​ Nguoi ​Viet​ ដែល​ជា​ក្រុមហ៊ុន​កាសែត​វៀតណាម​ធំ​ជាង​គេ​ នៅ​ក្រៅ​ប្រទេស​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ជំនាន់​មុន​ជា​ច្រើន​នៅ​មាន​ការ​សង្ស័យ​ថា​ មាន​ការ​ផ្លាស់ប្តូរ​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​មិន​ពេញចិត្ត​ពី​ចំណង​សម្ព័ន្ធភាព​កាន់​តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុន្តែ​ក្រុមយុវជន​វៀតណាម​អាមេរិកាំង​ជំនាន់​ក្រោយ​ មាន​ក្តី​សង្ឃឹម​ទៅ​លើ​សម្ព័ន្ធភាព​នេះ។

«​ឥឡូវ​នេះ​មាន​បណ្តាញ​អ៊ីនធឺណិត​ ធ្វើ​ឲ្យ​យុវជន​វៀតណាម​ជា​ច្រើន​ ត្រឡប់​ទៅ​ប្រទេស​វៀតណាម​ ធ្វើ​ការងារ​មនុស្សធម៌​ ដូចនេះ​ហើយ​ពួក​គេ​សម្រច​ចិត្ត​រៀន​ភាសា​វៀតណាម»។

លោក​ Alvin Bui​ រស់​នៅ​ក្នុង​រដ្ឋCalifornia​ បាន​ធ្វើ​ដំណើរ​ទៅ​វៀតណាម ​ដើម្បី​ហាត់​សម​ភាសា​វៀតណាម​របស់​គាត់។​ តាមរយៈ​ Skype​ គាត់​បាន​និយាយ​ថា៖​

«​តើ​អ្នក​អាច​ភា្ជប់​ទំនាក់ទំនង​ទៅ​ក្រុម​យុវជន​វៀតណាម​តាម​របៀបណា​ ដើម្បី​ជួយ​បង្កើត​អនាគត​មួយ​ដ៏​ប្រសើរ​ សម្រាប់​ប្រទេស​វៀតណាម?​ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ស្វែងយល់​ពី​អ្វី​ ដែល​ពួកគេ​កំពុង​គិត​ជា​ភាសា​របស់​ពួកគេ​ ព្យាយាម​យល់​ពី​អ្វី​ដែល​គេ​កំពុង​គិត»។​

លោក​ Sonny Nguyen​ ក៏​មាន​សុបិន​ពី​អនាគត​ដ៏​ប្រសើរ​មួយ​របស់​ប្រទេស​វៀត​ណាម​ដែរ។​

«​ខ្ញុំ​ជា​ជនជាតិ​វៀតណាម​ ហើយ​ខ្ញុំ​មាន​ការ​យក​ចិត្ត​ទុកដាក់​ដ៏​ជ្រាលជ្រៅ​ដល់​ប្រទេស ខ្ញុំ​ដឹង​ថា​វៀតណាម​នៅ​តែ​ជា​ប្រទេស​តតីយលោក​នៅ​ឡើយ។​ ភាគច្រើន​នៃ​ប្រជាជន​គឺ​ជា​អ្នក​ក្រ។​ ហើយ​ខ្ញុំ​ចង់​មាន​លទ្ធភាព​អាច​ផ្លាស់ប្តូរ​ពិភពលោក​ និង​ជួយ​ដល់​ប្រជាជន​វៀតណាម​ ខ្ញុំ​គិត​ថា​ វិធី​តែ​មួយ​គត់​ ដែល​អាច​ធ្វើ​បាន​នោះ​គឺ​តាម​ការ​ផ្សះផ្សារ»។​

ការ​ប្រមូល​មតិ​របស់​ក្រុមយុវជន​វៀតណាម​អាមេរិកាំង​នៅ​ទី​នេះ ហាក់​ដូច​ជា​បង្ហាញ​ថា​ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ​អូបាម៉ា ​គឺ​ជា​ឱកាស​មួយ​អាច​ព្យាបាល​របួស​របស់​ប្រទេស​ទាំង​ពីរ​ពី​អតីតកាល​ និង​ចាប់ផ្តើម​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ​ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG