ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Sanders ​ថាលោក​ស្រី Clinton គិត​ថា​ខ្លួន​ជា​បេក្ខជន​តែងតាំង​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​​លឿន​ពេក


បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ Sen. Bernie Sanders ថ្លែងនៅក្នុងការជួបជំកាលពីថ្ងៃអាទិត្យទី ២២ ឧសភា២០១៦។
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ Sen. Bernie Sanders ថ្លែងនៅក្នុងការជួបជំកាលពីថ្ងៃអាទិត្យទី ២២ ឧសភា២០១៦។

ដោយ​នៅសល់​ពីរ​សប្តាហ៍​មុន​នឹងការ​បោះឆ្នោត​ធំ​ចុង​ក្រោយ​ក្នុង​ដំណើរការ​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ សមាជិកព្រឹទ្ធសភា លោក​ Bernie Sanders ​នៃរដ្ឋ ​Vermont ​បាននិយាយ​ថា ​អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton​ គិតទុក​មុនជា​ស្រេចហើយ​ថា​ លោកស្រី​ជាបេក្ខជន​ដែល​ត្រូវ​ជ្រើស​តាំង​របស់​គណបក្ស​។

លោក Sanders បាន​និយាយ​ក្នុង​ពេល​ចេញមុខ​តាម​ទូរទស្សន៍ ​ABC​ ក្នុង​កម្មវិធី​This Week ​ដោយ​លោក​ រំពឹងថា​នឹងទទួល​បានការ​គាំទ្រ​បន្ថែម​ទៀត​នៅក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​រដ្ឋសេស​សល់​ទាំង​៩។ លោក​បានប្រាប់​ក្រុមអ្នក​គាំទ្រ​របស់​លោក​នៅឯ​កិច្ចប្រជុំ​នយោបាយ ​បន្ទាប់​មកទៀត​ក្នុង​រដ្ឋកាលី​ហ្វ័រញ៉ា ​ថា​ការគាំទ្រ​យ៉ាងខ្លាំង​នៅទី​នេះ អាចនឹង​ធ្វើឲ្យ​លោក​មាន​សន្ទុះនឹង​អាចចូល​រួមក្នុង​សន្និបាត​បក្ស​នៅខែ​កក្កដា​ខាងមុខ។ លោក​បាន​ទទួល​ការគាំទ្រ​ច្រើន​ពីក្រុម​ប្រតិភូ​ក្នុងរដ្ឋ​កាលីហ្វ័រ​ញ៉ា។

លោក​ថ្លែង​តាម​ប្រសាសន៍​ដើមថា៖ ​«បើយើង​ឈ្នះការ​តែងតាំង​ ខ្ញុំធានាថា​លោក Donald Trump ​នឹង​មិនអាច​ក្លាយជា​ប្រធានាធិបតី​នោះ​ទេ‍»។

លោក​ Trump ​រំពឹងថា ​នឹងក្លាយ​ជាបេក្ខជនតែងតាំង​ខាង​គណបក្ស​សាធារណរដ្ឋ​រួចហើយ​ ដោយ​បាន​ផ្តួល​ដៃគូ​ទាំងអស់​ផ្សេងទៀត​ក្នុង​គណបក្ស​ដែល​ស្វែង​រកការ​តែងតាំង​ជាបេក្ខជន​ប្រធានាធិបតី។​ លោក ​Sanders ​បាន​ទាម​ទារ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​បោះ​ឆ្នោត​ដែលបាន​បង្ហាញ​ថា​លោក​ អាចយក​ជ័យ​ជម្នះ​លើ​លោក​ Trump ​ដោយមាន​សំលេង​ច្រើន​ជាង​លោកស្រី ​Clinton។

ការស្ទង់​មតិ​ដែល​គេ​ផ្គូផ្គង​រវាង​លោក​ Trump ​និង ​Clinton ​ទាំង​នោះ​ បាន​បង្ហាញ លទ្ធផល​សឹង​តែស្មើគ្នា។ ​តែបញ្ហា​គឺថា​ លោកស្រី​ Clinton ​បាននាំ​មុខ​ចំនួន​ប្រតិភូ ច្រើន​ជាង​លោក​ Sanders ​គឺ​ចំនួន​ ២.២៩៣ ​ទល់នឹង ១.៥៣៣។ ​លើក​លែង​តែ លោក ​Sanders ​អាច​ទាញ​យកចំនួន​ប្រតិភូ​៩០ភាគរយ ដែលនៅ​សេស​សល់​ដើម្បី​ទទួលបាន​ឱកាស​លើ​លោកស្រី ​Clinton។

តាម​ការ​ស្ទង់មតិ ​ក្នុងពេល​មានការ​បោះឆ្នោត​បឋមៗ​កន្លងមក​ ក្រុមអ្នក​បោះ​ឆ្នោត ទំនង​ជានឹង​ចេញទៅ​បោះឆ្នោត​នៅខែ​វិច្ឆិកា​ដោយមាន​ជម្រើស​ក្នុងការ​បោះ​ឆ្នោតគាំទ្រ រវាងលោកស្រី ​Clinton ​ឬ លោក​ Trump ​ដែល​ជាបេក្ខជន​មកពី​គណបក្ស​ធំៗ​ទាំងពីរ​របស់​ស.រ.អា.៕

XS
SM
MD
LG