កាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយប្រហារដោយពាក្យសម្ដីទៅលើប្រទេសចិន ថាបានយកពន្ធគយថ្មីលើកសិផលរបស់សហរដ្ឋអាមេរិក ដែលនេះជាអ្វីដែលលោកហៅថាជាការប្រឹងប្រែងមិនបានជោគជ័យមួយ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មលើសហរដ្ឋអាមេរិក។
លោក Trump បានបញ្ជាក់នៅលើ Twitter ថា៖ «ប្រទេសចិនកំពុងវាយប្រហារលើកសិករអាមេរិក ដែលជាអ្នកដែលចិនដឹងថាខ្ញុំគោរពស្រលាញ់។ រដ្ឋាភិបាលចិនធ្វើដូច្នេះដើម្បីឲ្យខ្ញុំបន្តអនុញ្ញាតឲ្យពួកគេគេងចំណេញផលប្រយោជន៍ពីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលចិនឃោរឃៅណាស់នៅក្នុងការប៉ុនប៉ងដែលនឹងទទួលបរាជ័យរបស់ពួកគេនេះ។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់ធ្វើល្អ តែពេលនេះគឺមិនដូច្នេះនោះទេ»។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសយកពន្ធគយថ្មីលើកសិផលជាច្រើនប្រភេទរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងសណ្ដែកសៀង ពោត ស្រូវសាឡី កប្បាស អង្ករ គ្រាប់ធញ្ញជាតិ Sorghum សាច់គោ សាច់ជ្រូក បសុបក្សី ត្រី ផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងបន្លែជាដើម។
នេះគឺជាផ្នែកមួយនៃការប្រយុទ្ធគ្នាទៅវិញទៅមកផ្នែកពន្ធគយ ដែលលោក Trump បានធ្វើឡើងជាមួយនឹងប្រទេសចិន ដើម្បីធ្វើឲ្យរដ្ឋាភិបាលចិនបើកចំហទីផ្សាររបស់ខ្លួនបន្ថែមទៀត និងបញ្ចប់នូវអ្វីដែលសហរដ្ឋអាមេរិកយល់ឃើញថាជាលក្ខខណ្ឌស្មុគស្មាញដែលតម្រូវឲ្យក្រុមហ៊ុនអាមេរិកប្រគល់ព័ត៌មានបច្ចេកវិទ្យាដែលជាកម្មសិទ្ធិរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលចិន ដើម្បីអាចធ្វើអាជីវកម្មបាននៅក្នុងប្រទេសចិន។
សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មរ៉ាំរ៉ៃជាមួយនឹងប្រទេសចិន ទោះបីជាលោក Trump បានបំប៉ោងតួលេខឆ្នាំ ២០១៧ ថាមានចំនួន ៥១៧០០០ លានដុល្លារអាមេរិកក៏ដោយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា តាមពិត ឱនភាពពាណិជ្ជកម្មមានតែចំនួន ៣៧៥៦០០លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
ដោយសារតែចិនបានយកពន្ធគយថ្មីនេះ កសិករអាមេរិកមួយចំនួន បានបង្ហាញការស្រងាកចិត្តចំពោះការធ្លាក់ចុះនៃការលក់របស់ពួកគេ។ ភាគច្រើននៃអ្នកទាំងនោះគឺជាអ្នកគាំទ្រលោក Trump ខ្លាំងក្លាបំផុត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។
ដោយសារតែផលវិបាកផ្នែកហិរញ្ញវត្ថុកសិកម្មបានកើតឡើងមិនដល់ ៤ ខែផង មុនពេលការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ រដ្ឋបាលរបស់លោក Trump បានបញ្ជាក់កាលពីថ្ងៃទី ២៤ ខែកក្កដាថា ខ្លួននឹងផ្ដល់ជំនួយថវិការហូតដល់ ១២ ពាន់លានដុល្លារអាមេរិក ដល់កសិករណាដែលរងគ្រោះដោយសារគោលនយោបាយយកពន្ធគយថ្មីរបស់លោក Trump។
កន្លងមក លោក Trump បាននិយាយថា ពន្ធគយដែលលោកបានដាក់កំហិតនេះ គឺត្រូវការចាំបាច់ដើម្បីបង្ខំរដ្ឋាភិបាលបរទេសឲ្យធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេជាមួយនឹងសហរដ្ឋអាមេរិកមានភាពប្រសើរឡើង។
រដ្ឋមន្ត្រីកសិកម្មអាមេរិកលោក Sonny Perdue បាននិយាយថា ការផ្ដល់ថវិកាជូនកសិករអាមេរិកនេះគឺជា «ការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ដែលថា បណ្ដាប្រទេសផ្សេងទៀតមិនអាចសម្លុតកសិករអាមេរិក ដើម្បីបង្ខំឲ្យសហរដ្ឋអាមេរិកចុះញ៉មនោះទេ។ រដ្ឋបាលរបស់លោក Trump នឹងមិននៅស្ងៀម នៅពេលដែលកសិករអាមេរិកដែលប្រឹងប្រែងធ្វើការរងគ្រោះធ្ងន់ធ្ងរដោយសារតែការយកពន្ធគយដែលមានលក្ខណៈប្រឆាំង និងខុសច្បាប់នេះទេ»។
មន្ត្រីសេតវិមានបានអះអាងថា ការដាក់កំហិតពន្ធគយរបស់សហរដ្ឋអាមេរិកនេះធ្វើឲ្យប៉ះពាល់ចាំបាច់តិចតួចតែរយៈពេលខ្លីប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងសម្រេចបាននូវផលប្រយោជន៍ធំរយៈពេលវែងសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ប៉ុន្តែ សមាជិកសភាមួយចំនួន ដែលក្នុងនោះមានទាំងសមាជិកសភាខាងគណបក្សសាធារណរដ្ឋដែលមកពីរដ្ឋពឹងផ្អែកលើវិស័យកសិកម្មផងដែរ បានរិះគន់លើគម្រោងរបស់លោក Trump នៅក្នុងការផ្ដល់ថវិកាសងកសិករអាមេរិកទាំងនេះ។
លោក Kevin Cramer សមាជិកសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ North Dakota បាននិយាយថា៖ «កសិកររបស់យើងចង់បានការធ្វើពាណិជ្ជកម្ម មិនមែនជំនួយនោះទេ»។ រដ្ឋ North Dakota គឺជារដ្ឋមួយដែលវិស័យកសិកម្មតែមួយគត់រួមចំណែកចំនួន ១ ភាគ ៤ នៃគ្រឹះចំណូលរបស់រដ្ឋនេះ។
លោក Ben Sasseសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៃរដ្ឋ Nebraska បាននិយាយថា៖ «សង្គ្រាមពាណិជ្ជកម្មនេះកំពុងបង្កបញ្ហាដល់កសិករ។ ការយកពន្ធគយ និងការផ្ដល់ជំនួយថវិការបស់រដ្ឋបាលលោក Trump ដូចនេះ នឹងមិនធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀតនោះទេ។ វិធានការទាំងនេះគឺមានតែធ្វើឲ្យសហរដ្ឋអាមេរិកធ្លាក់ចុះដុនដាបខាងសេដ្ឋកិច្ចដូចកាលពីឆ្នាំ ១៩២៩ តែប៉ុណ្ណោះ»។
លោក Bob Corker សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Tennessee ដែលជារដ្ឋមួយមានសណ្ដែកសៀងគឺជាដំណាំនាំមុខ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមាននូវគោលនយោបាយដ៏អាក្រក់មួយដែលបញ្ជូនកសិករទៅកាន់អាគារសម្រាប់មនុស្សអនាថារស់នៅ។ ហើយបន្ទាប់មកនឹងផ្គត់ផ្គង់ពួកគេ។ បន្ទាប់មកទៀត រដ្ឋាភិបាលអាមេរិកនឹងខ្ចីលុយពីប្រទេសផ្សេងទៀត។ វាពិតជាពិបាកនឹងជឿមែនថាមកទល់នឹងពេលនេះហើយ នៅតែមិនទាន់មានការជំទាស់ដាច់អហង្ការណាមួយនៅក្នុងសភាលើបញ្ហានេះ»។
លោកស្រី Jackie Speier គឺជាសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំសង្កាត់មួយនៃរដ្ឋ California ដែលជាសង្កាត់ដ៏រីកចម្រើនមួយដែលល្បីឈ្មោះខាងដំណាំកូនស្ពៃក្ដោបតូចៗ និងផលិតកម្មផ្លែទំពាំងបាយជូរ។
លោកស្រី Jackie Speier បានសរសេរនៅលើ Twitter ថា៖ «លោកប្រធានាធិបតី Trump! លោកបានបង្កើតបញ្ហានេះ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរបស់លោក ហើយឥឡូវនេះលោកគ្រោងនឹងចំណាយថវិកាចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីឲ្យកសិករដែលបានបោះឆ្នោតឲ្យលោកមានការស្ងប់ចិត្ត»។
សមាគមសណ្ដែកសៀងអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «ទោះបីជាកសិករផលិតសណ្ដែកសៀងសាទរចំពោះការណ៍ដែលរដ្ឋបាលរបស់លោក Trump ទទួលស្គាល់ថា ការយកពន្ធគយទាំងនេះបានបណ្ដាលឲ្យការធ្លាក់ចុះនូវការនាំចេញ និងថ្លៃកសិផលក៏ដោយ ក៏គម្រោងដែលរដ្ឋបាលរបស់លោក Trump បានប្រកាសឡើងនេះ គឺផ្ដល់ជំនួយតែរយៈពេលខ្លីតែប៉ុណ្ណោះ»។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន សមាគមនេះបានអំពាវនាវ «ឲ្យមានយុទ្ធសាស្ត្ររយៈពេលវែងមួយដើម្បីកាត់បន្ថយផលលើសផ្នែកពាណិជ្ជកម្មដំណាំសណ្ដែកសៀងដែលកំពុងតែកើនឡើង និងការបន្តធ្លាក់ចុះនូវតម្លៃកសិផលនេះ ដែលក្នុងនោះមានទាំងគម្រោងលុបចោលការយកពន្ធគយដែលប៉ះពាល់ទាំងនេះផងដែរ»។
លោក Mark Santucci កសិករដំណាំផ្លែឈែរីជូរនៅរដ្ឋ Michigan បានប្រាប់ VOA ថា ទោះបីជាកម្មវិធីរបស់សេតវិមាននៅក្នុងការផ្ដល់ជំនួយដល់កសិករមិនបានផ្ដល់ផលប្រយោជន៍ផ្ទាល់ដល់លោកក៏ដោយ ក៏លោក «សប្បាយចិត្តដែលលោកប្រធានាធិបតី Trump បានសម្រេចអនុវត្តគម្រោងនេះ»។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យើងចូលរួមនៅក្នុងការប្រយុទ្ធរយៈពេលវែងជាមួយនឹងរដ្ឋាភិបាលចិន ដូច្នេះកម្មវិធីនេះនឹងមានដំណើរការវែងឆ្ងាយនៅក្នុងការជួយកសិករអាមេរិកដែលនៅជួរមុខ»៕
ប្រែសម្រួលដោយ ភី សុភាដា