នៅសល់រយៈពេលតែមួយរយថ្ងៃទៀតប៉ុណ្ណោះមុនពេលការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ។ ទាំងគណបក្សប្រជាធិបតេយ្យ និងទាំងគណបក្សសាធារណរដ្ឋ សុទ្ធតែយល់ស្របថា លោកប្រធានាធិបតី Donald Trump នឹងក្លាយជាចំណុចផ្ដោតសំខាន់នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ។
នៅឯការជួបជុំនយោបាយមួយកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋ Montana លោក Trump បានជំរុញឲ្យអ្នកគាំទ្រលោក ចេញទៅបោះឆ្នោតឲ្យបានច្រើនដើម្បីជួយសមាជិកសភាខាងគណបក្សសាធារណរដ្ឋនៅខែវិច្ឆិកាខាងមុខនេះ។
លោក Trump បាននិយាយថា៖ «យើងនឹងមិនដើរថយក្រោយនោះទេ។ យើងនឹងមិនបោះបង់ចោលនោះទេ។ ហើយយើងក៏នឹងមិនចុះចាញ់នោះដែរ។ យើងនឹងមិនឈប់នោះទេ។ យើងត្រូវតែបន្តដំណើរទៅរកជ័យជំនះ»។
ចំណែកឯគណបក្សប្រជាធិបតេយ្យវិញ ក៏ប្រឹងប្រែងធ្វើយុទ្ធនាការនៅតាមមូលដ្ឋានសម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះដែរ។
គណបក្សប្រជាធិបតេយ្យត្រូវការឈ្នះអាសនៈចំនួនប្រហែលជាង ២០ អាសនៈបន្ថែមទៀត ដើម្បីឲ្យខ្លួនអាចមានសំឡេងភាគច្រើនឡើងវិញនៅក្នុងរដ្ឋសភា និងឈ្នះអាសនៈចំនួន ២ បន្ថែមទៀត ដើម្បីឲ្យមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។
អាសនៈទាំងអស់ចំនួន ៤៣៥ នៃរដ្ឋសភា និងអាសនៈប្រហែលមួយភាគបីនៃអាសនៈសរុបចំនួន១០០អាសនៈនៃព្រឹទ្ធសភា នឹងត្រូវប្រកួតប្រជែងដណ្ដើមយកនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ ហើយលទ្ធផលនៃការបោះឆ្នោតនេះនឹងមានឥទ្ធិពលខ្លាំងក្លាដល់រយៈពេលពីរឆ្នាំខាងមុខទៀតនៃអាណត្តិជាប្រធានាធិបតីរបស់លោក Trump៕