ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពេល​​ដែល​មាន​ការ​រាលដាល​ជំងឺ​ COVID-19 ​​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍​


រូបភាពឯកសារ៖ ប្រអប់​ម៉ាស់​ N95 សម្រាប់ប្រើ​ដោយ​បុគ្គលិក​ពេទ្យក្នុង​ទីក្រុង​ New Rochelle រដ្ឋ​ញូវយ៉ក​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២០។
រូបភាពឯកសារ៖ ប្រអប់​ម៉ាស់​ N95 សម្រាប់ប្រើ​ដោយ​បុគ្គលិក​ពេទ្យក្នុង​ទីក្រុង​ New Rochelle រដ្ឋ​ញូវយ៉ក​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២០។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​នាំ​គ្នា​អង្គាស​ប្រាក់​ដើម្បីជួយ​ទិញ​ឧបករណ៍​ពេទ្យ ទោះ​ជា​ពួក​គេ​កំពុង​ប្រឈម​ជាមួយ​ការ​គំរាម​​ប្រកាន់​ពូជ​សាសន៍​ក៏​ដោយ។​

អ្នក​ស្រី​ Lu Ping ​តស៊ូ​ដើម្បី​ប្រទេស​ដែលអ្នកស្រី​រស់​នៅដោយ​ប្រើ​ទូរស័ព្ទ​ Smartphone។​

ជា​រៀង​រាល់​ថ្ងៃចាប់តាំង​ពី​ម៉ោង៦​ព្រឹក​ដល់ពាក់​កណ្តាល​អធ្រាត្រ ​ អ្នកស្រី​ Lu ​ចាត់​ចែង​ការ​ធ្វើ​វិភាគ​ទាន​ម៉ាស់ ​ប្រដាប់​ប្រដា​វេជ្ជសាស្ត្រ​និង​ប្រាក់​កាស​ឱ្យ​ដល់​មន្ទីរ​ពេទ្យ​គាំ​ទ្រ​ដោយ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន ​គាំទ្រ​មន្ទីពេទ្យ​ហៅ​កាត់​ថា​ CASH ​ដែល​ជា​ក្រុម​អង្គាស​ប្រាក់​អន​ឡាញ​ហៅ ​GoFundMe ​ដែល​អ្នកស្រី​បាន​ចាប់​ផ្តើម​បង្កើត​ជាមួយពួក​មិត្ត​ភ័ក្តិ​ជា​ការ​ឆ្លើយ​តបនឹង​ការ​រាតត្បាត​ជំងឺ COVID-19​ នៅ​ក្នុង​ស.រ​.អា.។

បេសក​កម្ម​របស់​ក្រុម​នេះគឺ​ផ្គត់ផ្គង់​បរិក្ខារ​ឱ្យ​ដល់​មន្ទីរ​ពេទ្យ​នានា​នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​មានរួម​បញ្ចូលផ្នែក​ខ្លះ​នៃ​រដ្ឋ​ Maryland ​និង​រដ្ឋ​ Virginia​ ផង​ដែរ​ដែល​អ្នកស្រុក​ហៅ​ថា​ DMV។​

អ្នកស្រី​ Lu ​ពន្យល់​អំពីមូល​ហេតុ​ដែល​អ្នកស្រី​ចំណាយ​ពេល​ច្រើន​ម៉ោងតាម​ WeChat ​ដែល​ជា​ WhatsApp ​តាម​បែប​ចិនដើម្បី​អង្គាស​សុំ​វិភាគ​ទាន។​អ្នកស្រី​បាន​ថ្លែងថា៖

«នេះ​ជាប្រទេស​ខ្ញុំ។​ខ្ញុំ​ត្រូវតែ​ជួយ»។​

ក្រុម​របស់​អ្នកស្រី​ Lu ​មិន​មែន​ធ្វើសកម្មភាព​នេះ​តែ​ឯក​ឯង​ទេ។​ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិននៅ​ទូទាំង​ស.រ.អា.​បាន​ផ្គត់​ផ្គង់បរិក្ខារ​វេជ្ជសាស្ត្រឱ្យ​ដល់ពួកពេទ្យ​ប្រចាំ​អាជីព​ជួរមុខ​ទោះណា​ជា​ FBI​ បាន​ព្រមាន​ថា​ឧក្រិដ្ឋកម្មសម្អប់​ប្រឆាំង​នឹង​ពួក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ទំនង​ជា​កើន​ឡើង​ច្រើននៅ​ពេល​ដែល​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​មានត​ទៅ​ទៀត»។​

អ្នកស្រី​ Mai Ngai ​ជា​សាស្ត្រាចារ្យខាងការ​សិក្សាអំពី​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​និង​ប្រវត្តិសាស្ត្រនៅ​ឯ​សាកល​វិទ្យាល័យ​ Columbia។អ្នកស្រី​បាន​និយាយកាល​ពី​ពេល​ថ្មីៗ​នេះ​ប្រាប់​កាសែត​ The New York Times​ថា៖

«ជាទូទៅ​សហគមន៍ចិន​មាន​ការ​រៀបចំល្អ។​ ជនជាតិ​ចិនមាន​សមាគម​គ្រប់​បែប​យ៉ាង ​ដោយសមាគម​ខ្លះ​ផ្អែក​លើ​អាជីព​ហើយ​ខ្លះ​ទៀត​ផ្អែក​លើ​តំបន់ដែល​ពួក​គេមក​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​អាមេរិក។​កន្លង​មក​ជនជាតិ​ចិន​នៅ​អាមេរិក ​តែង​តែ​មាន​បណ្តាញនិង​ធ្វើ​ការ​រួបរួម​គ្នា​នៅពេល​មានបញ្ហា»។​

អ្នក​ស្រី​ Lu Ping ​មានបរិញ្ញា​ប័ត្រមក​ពីមហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​ Zhejiang ​នៃ​ប្រទេស​ចិន។​អ្នកស្រីបាន​ចាក​ចេញ​ពី​ក្រុង ​Shanghai ​មក​រស់​នៅ​ក្នុង​ស.រ.អា.​កាល​ពី​ឆ្នាំ​១៩៩៨។​ ម្តាយ​នៅ​ផ្ទះ​រូប​នេះ​តំណាង​ពួក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​ច្រើន​នាក់​ដែល​បាន​កសាង​ជីវិត​នៅ​ក្នុង​កន្លែង​ថ្មីៗ​ដែល​មិន​បាន​ទទួល​ស្វាគមន៍​ជា​និច្ច​ទេ។​

លោក ​ WeiWu ​ជា​អាចារ្យគ្រឹស្ត​សាសនា​នៅ​ឯ​វិហារគ្រឹស្ត​សាសនា​ចិន​នៅ ​Germantown​ រដ្ឋ​ Maryland ​ដែល​ជាសហ​ស្ថាបនិក​នៃ​អង្គការ ​CASH។​

លោក​បាន​និយាយ​ថា៖

«យើងមិន​អាចកាត់ផ្តាច់ខ្លួនយើង​ទាំង​ស្រុងពី​ប្រទេស​ចិន​បាន​ទេ។​អ្វីដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ចិនឆ្លុះ​បញ្ចាំង​មក​លើ​យើងទោះណាប្រទេស​អាមេរិក​ជា​ប្រទេស​យើង​ក៏​ដោយ​ព្រោះ​ហេតុ​នេះ​ហើយ​បាន​នៅ​ពេល​នេះយើងបានត្រូវ​យក​ធ្វើ​ជា​ទី​ដៅ​នៃការ​វាយ​ប្រហារ​ហើយ​មិន​មានសុវត្ថិភាព​ពី​ព្រោះ​មានមនុស្ស​ខ្លះ​នៅ​ទី​នេះ​ដែល​មិន​សប្បាយ​ចិត្ត​ជា​មួយ​ប្រទេស​ចិន​ទេ»។​

ពួក​អ្នករិះ​គន់​និយាយ​ថា​ប្រធានាធិបតី​ Donald Trump​ បាន​បង្កើន​ភាព​តាន​តឹង​នេះដោយ​លោក​បាន​ហៅ​មេរោគ​វីរុស COVID-19 ​ថា​ជា​«មេរោគ​វីរុស​ចិន»​កាលពី​ខែមុន។​ ​ក្រោយ​មក​លោកបាន​និយាយ​ថា​លោក​នឹង​ឈប់​ប្រើ​ពាក្យ​នេះ​ទៀត។​

ចាប់តាំង​ពី​ជំងឺ​ COVID-19 ​បាន​លេច​ឡើង​ក្នុង​ក្រុង​ Wuhan​ ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ​ជំងឺ​នេះ​បានរាល​ដាលចូល​ក្នុង​ប្រទេស​២០៩​បណ្តាល​ឱ្យ​មនុស្ស​ជាង​១លាននាក់​ឈឺ​និង​នាំ​ ឱ្យមនុស្ស​៧ម៉ឺ​ន​៥ពាន់​នាក់​ស្លាប់ដោយ​គិត​ត្រឹមថ្ងៃ​អង្គារ​ទី​៧​ខែ​មេសា។​មាន​អ្នកជំងឺ​នេះ​៣​សែន​៦​ម៉ឺន​៨​ពាន់​នាក់​និង​មាន​មនុស្ស​១ម៉ឺន​នាក់​ស្លាប់នៅ​ក្នុង​ស.រ.អា.។​

អង្គការ​ពីរ​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ ​California ​គឺ​អង្គការ​ Chinese for Affirmative Action ​និង​ក្រុម​ប្រឹក្សា​ Asian Pacific Planning and Policy Council​ បាន​បង្កើត​មជ្ឈមណ្ឌល​ទទួល​របាយ​ការណ៍​អំពី​ឧក្រិដ្ឋ​កម្ម​សម្អប់​កាល​ពី​ខែ​មីនាហើយ​បាន​ប្រមូល​ឯកសារ​អំពី​ឧប្បត្តិ​ហេតុរាប់រយ។

អ្នក​ស្រី​ Letitia James ​ដែល​ជា​រដ្ឋមន្ត្រីយុត្តិធ៌ម​នៃ​រដ្ឋ ​New York​ ក៏បាន​បង្កើត​លេខ​ទូរស័ព្ទ​ពិសេស​មួយ​ដើម្បីដោះ​ស្រាយ​កំណើន​សេចក្តី​រាយ​ការណ៍​អំពីការ​យាយីនិង​ការ​វាយ​ប្រហារ​និង​ការ​ប្រើពាក្យ​បន្តុះ​បង្អាប់​ប្រឆាំង​នឹង​ពល​រដ្ឋ​អា​មេរិកាំងដើម​កំណើត​អាស៊ី​ទាំង​អស់នៅ​ក្នុង​ពេលមាន​ការ​រាតត្បាត​នៃមេរោគវីរុស​កូរ៉ូណា​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​លោក ​Ryan Lin ទិញ​កាំភ្លើង​ពីរ។​

លោក​ Lin ​ជា​អ្នកស្រុកនៅ​ក្នុង​តំបន់​ជាយក្រុង​មួយ​ក្នុងរដ្ឋ​ Maryland ​ដូច​អ្នកស្រី​ Lu ​និង​លោក ​Wei ​ដែរ។​ លោក​បាន​និយាយ​ថា៖

«ពី​មុន​ប្រពន្ធ​ខ្ញុំ​មិន​ព្រម​ឱ្យ​ខ្ញុំ​មាន​កាំភ្លើង​ទេ។​ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​នាង​មិន​ជំទាស់​ទៀត​ទេ»។ ​ដោយ​មាន​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​គ្រួសារ​លោក​លោក ​Lin ​បាន​សុំ​កុំឱ្យ​វីអូអេ​ប្រើ​ឈ្មោះ​ពិត​ប្រាកដរបស់​លោក។​

អ្នកស្រី​ Lu ​បាន​បង្កើតអង្គការ​ CASH ​ជា​ក្រុម​ WeChat ​ មួយកាលពី​ថ្ងៃ​ទី​១៧​ខែ​មីនា​ហើយ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃក៏​មាន​មនុស្ស​ប្រមាណ​៤០០​នាក់​ចូល​រួម។​ WeChat ​ បាន​ត្រូវ​ត្រួត​ពិនិត្យ​តឹង​រ៉ឹង​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​ហើយ​គណបក្ស​នេះ​បាន​ប្រើ​កម្មវិធី​នេះ​សម្រាប់​ការ​ឃោសនា​របស់​ខ្លួន​ជា​ប្រក្រតី។​ ក៏​ប៉ុន្តែ​សម្រាប់​ពួក​ជន​មានគ្រួសារ​និង​មិត្ត​ភ័ក្តិ​នៅក្នុង​ប្រទេស​ចិនWeChatជា​កម្មវិធីបណ្តាញ​សង្គមមួយ​ដែល​មានការ​និយម​ច្រើន​ដើម្បី​ធ្វើការ​ទាក់​ទង​គ្នា។​

សមាជិក​ច្រើន​នាក់​នៃ​អង្គការ​ CASH ​ជា​សមាជិក​នៃក្រុម​ក្រៅផ្លូវ​ការ​មួយ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​មេសា​ដោយ​លោក​ Liang Zhao​ ដែល​ជា​អ្នកស្រុក​ខេត្ត​ Hebei​ដែល​បាន​មក​ដល់​ស.រ.អា.​កាល​ពី​ឆ្នាំ​១៩៩៨។ ​ដោយ​បាន​រៀន​សូត្រ​ខាង​ជីវសាស្ត្រ​ លោក​ Zhao ​ និងពួក​មិត្ត​ភ័ក្តិ​លោក​ដែល​ជា​អ្នក​មាន​អាជីព​ខាងវេជ្ជ​សាស្ត្រ​និង​ខាង​ឱសថ​សាស្ត្របាន​ប្រមើល​មើល​អំពី​ការ​ខ្វះ​ប្រដាប់​ប្រដា​ការពារសម្រាប់​ពួក​ពេទ្យ​នៅ​ក្នុង​ស.រ.អា.​នៅ​ពេល​ពួក​គេ​ឃ្លាំ​មើលការ​រាល​ដាល​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន។​

លោក ​Zhao​ បាន​និយាយ​ប្រាប់​ផ្នែក​ផ្សាយ​ជា​ភាសា​ចិន​ Mandarin ​នៃ​វីអូអេ​ថា៖​

«យើង​ព្រួយបារម្ភ​អំពី​ពួក​អ្នកធ្វើការ​ខាង​សុខាភិបាល​ជួរ​មុខហើយ​យើង​ចង់​ធ្វើអ្វីៗ​ដើម្បី​បង្ហាញ​ថា​យើង​ជា​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​គិត​គូរ​អំពី​សហគមន៍​យើង។​ ​ប្រទេស​នេះ​ជា​ប្រទេស​យើង»។

ដោយ​គិត​មក​ត្រឹម​ថ្ងៃ​ទី៣១​ខែមីនា​ ក្រុមទាំង​ពីរ​នេះ​ ​ដោយ​ធ្វើការ​ជាមួយក្រុម​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​ចិន​មួយ​ទៀត​អង្គាស​ប្រាក់​បាន​ប្រមាណ​មួយ​សែន​ដុល្លារ។ ​លោក Zhao ​បាន​និយាយ​ថា​ ​ជាមួយ​ទឹក​ប្រាក់​នេះ​ពួក​គេ​នឹង​ទិញ​បរិក្ខារ​ពេទ្យ​ដែល​មាន​ការ​យល់ព្រម​ពី​មន្ទីរ​រដ្ឋបាល​ត្រួត​ពិនិត្យ​ម្ហូប​អាហារ​និង​ឱសថ​ស.រ.អា.​ហៅ​កាត់​ថា​ FDA ​ នៅ​ក្នុង​ប្រទេស​ចិន​និង​ស.រ.អា.។​

បរិក្ខារ​ដំបូង​ពី​ប្រទេស​ចិនគឺម៉ាស់​សម្រាប់​ពាក់​ធ្វើការ​វះកាត់​ចំនួន​១​សែន​១​ម៉ឺន​២ពាន់ ​ម៉ាស់​ធុន​ N95 ​ចំនួន​៣​ពាន់ ​សម្លៀក​បំពាក់​ការពារ​រាង​កាយ​ជាង​១ពាន់​និង​របាំង​មុខ​៣៦០​បាន​ត្រូវ​ប្រគល់​ឱ្យ​មន្ទីរ​ក្នុង​មូលដ្ឋាន​ចំនួន​១២​កាល​ពី​ថ្ងៃ​សុក្រ​ទី៣​ខែ​មេសា។​

អ្នកស្រី​ Yaya Zhang ​ដែល​ជា​អ្នក​ស្រុក​ខេត្ត​ Jiangsu ​បាន​មក​ដល់​ស.រ.អា.​កាល​ពី​ឆ្នាំ​២០០៤។​បច្ចុប្បន្ន​អ្នក​ស្រីជា​ភ្នាក់ងារ​ខាង​អចលន​ទ្រព្យ​និង​ជា​សហ​ស្ថាបនិកអង្គការ​ CASH ​ទទួល​បន្ទុក​ខាង​ទិញ​ម៉ាស់។​ ​អ្នកស្រី​មាន​ជំនឿ​ថាអ្នកស្រី​និង​សមាជិក​ឯ​ទៀតៗ​នៃ​អង្គការ​នេះ​បាន​ធ្វើ​វិភាគ​ទាន​មាន​ប្រយោជន៍​។​អង្គការ​CASH បានប្រមូល​ម៉ាស់​វះ​កាត់​ចំនួន​៦៥០ ​ ម៉ាស់​បែប​ N95​ចំនួន​២០​និង​ម៉ាស់​ប្រភេទ​KN95​ ប្រមាណ​៩០០។​

«យើង​ជា​ពលរដ្ឋ​អាមេរិកាំង‍»។​

អ្នកស្រី​ Lu ​ក៏​ជា​ប្រធាន​នៃ​សមាគម​អតីត​និស្សិត​សាកល​វិទ្យាល័យ​ Zhejiang ​នៅក្នុង​តំបន់រដ្ឋធានី​វ៉ាស៊ីនតោន D.C. ​ដែល​ជា​ដៃ​គូជា​មួយ​សមាគមអតីត​និស្សិត​ចិន​នៃ​តំបន់រដ្ឋធានី​ វ៉ាស៊ីនតោន ​បាន​សម្តែង​ការ​ឱ្យ​ប្រុង​ប្រយ័ត្ន​អំពី​កំណើន​ការ​ស្អប់​ជន​បរទេស។​

ក្រុម​ទាំង​នេះ​ប្រកាស​ថា៖​

«យើង​ជា​ពលរដ្ឋ​អាមេរិកាំង។​ ចូរការពារ​មាតុភូមិ​យើងហើយ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​រាតត្បាត​ជំងឺ​នេះ»។​

ក៏ប៉ុន្តែ​មនោ​សញ្ចេតនា​នេះ​មិន​បាន​ការពារ​ពួក​គេ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ខាង​ពូជ​សាសន៍​ទេ។​

គណៈ​កម្មាធិការ​ Committee of 100​ ហៅ​កាត់ថា​ C100​ ដែល​ជា​អង្គការមិន​ប្រកាន់​គណបក្ស​របស់​ពួក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​ល្បី​ឈ្មោះ​បាន​ចេញ​ផ្សាយសេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មីនា​ថ្កោល​ទោស​«ពាក្យ​សម្តី​បន្តុះ​បង្អាប់​ខាង​ពូជ​សាសន៍ ​សកម្មភាព​និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពួក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​និង​សហគមន៍​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី»។​

លោក ​Lin ​ដែល​រស់​នៅ​ក្នុងរដ្ឋ​ Maryland ​ បាន​និយាយ​ប្រាប់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ចិនកុក​ងឺ ​ថា​ បុរស​ពីរនាក់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​ទៅ​លើ​ប្អូន​ស្រី​លោក​កាល​ពី​ពីរ​បី​ថ្ងៃ​មុន​នេះនៅ​ពេល​ដែល​អ្នកស្រី​បាន​ពាក់ម៉ាស់នៅ​ពេល​ទៅ​ទិញ​ឥវ៉ាន់​នៅ​ឯ​ហាង​លក់​ដុំ​ Costco ​ក្នុង​ក្រុង​ Baltimore។

លោក​បាន​និយាយ​ថា៖​

«ពួក​បុរស​ទាំង​ពីរ​នាក់នេះ​បាន​និយាយ​ប្រាប់​ប្អូន​ស្រីលោក​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ទៅ​ ហើយ​បាន​ស្រែក​ដាក់​អ្នកស្រី​ថា​អ្នក​ស្រី​មិន​គួរ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ចម្លង​ជំងឺ​ទៅ​អ្នក​ឯ​ទៀត​ទេ​នៅ​ពេលអ្នក​ស្រី​មាន​ជំងឺ»។​

លោក ​Lin ​បាន​និយាយ​ថា​ ​ការ​ជួប​ប្រទះ​បែប​នេះ​ ដោយ​ប្អូន​ស្រី​លោក​បាន​នាំ​ឱ្យ​លោក​ទិញ​កាំភ្លើងទោះ​ណា​ជា​លោក​Trump​ បាន​អំពាវ​នាវ​ឱ្យ​«ការ​ពារសហគមន៍​ពេល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​របស់​យើង​ក៏ដោយ»។

ក្រោយពី​បាន​រស់​នៅ​ក្នុង​ស.រ.អា.​៣២​ឆ្នាំ​រួច​មកលោក ​Lin​ បាន​និយាយ​ថា​ លោក​មិន​ដឹង​ពិត​ប្រាកដ​ទេ​ថា​តើ​លោក​ជា​ប្រជា​រាស្ត្រ​នៃ​ប្រទេស​ណា​ទេ។​

លោក​បាន​និយាយ​ថា៖​

«ខ្ញុំ​តែងតែ​ចាត់​ទុក​ស.រ.អា.​ថា​ជា​ប្រទេសរបស់​ខ្ញុំ​ហើយ​នៅ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា​ ​ខ្ញុំ​នៅ​ក្នុង​ប្រទេស​ណា​ទេ»។​

ប្រែសម្រួល​ដោយ​ ឈឹម​ សុមេធ​

XS
SM
MD
LG