ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារបានចាប់ផ្តើមប្រើសម្តីវាយប្រហារទៅប្រទេសបារាំង និងប្រធានាធិបតីបារាំងលោក Emmanuel Macron ដោយលោកបានរិះគន់ការដំឡើងពន្ធគយរបស់បារាំងទៅលើការនាំចេញស្រារបស់សហរដ្ឋអាមេរិក និងការបរាជ័យក្នុងការសម្រេចគោលដៅចំណាយរបស់អង្គការអូតង់។
លោក Trump បាននិយាយថា «លោក Emmanuel Macron បានស្នើឲ្យបង្កើតកងទ័ពដើម្បីការពារអឺរ៉ុបប្រឆាំងនឹងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។ ប៉ុន្តែគឺប្រទេសអាល្លឺម៉ង់ទេដែលជាអ្នកបង្កើតសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ តើវាអាចកើតឡើងទៅលើប្រទេសបារាំងដោយរបៀបណា?ពួកគេបានចាប់ផ្តើមរៀនភាសាអាល្លឺម៉ង់នៅក្នុងទីក្រុងប៉ារីសមុននឹងភ្ជាប់ទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ តើត្រូវបង់ប្រាក់ឲ្យអង្គការអូតង់ឬអត់?»។
ជារឿយៗលោក Trump បានវាយប្រហារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងសន្ធិសញ្ញាអង្គការអាត្លង់ទិកខាងជើង ដែលជាសន្ធិសញ្ញាការពារជាតិរបស់សម្ព័ន្ធខាងលិច ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ដែលមិនទាន់សម្រេចតាមគោលដៅឆ្នាំ ២០២៤របស់ខ្លួននៅឡើយទេ ដែលតម្រូវឲ្យប្រទេសជាសម្ព័ន្ធមិត្តនីមួយៗត្រូវបង់ថវិកាចំនួន២ភាគរយនៃសេដ្ឋកិច្ចជាតិរបស់ខ្លួនទៅលើវិស័យការពារ។ បច្ចុប្បន្នមានប្រទេសជាសមាជិកអង្គការអូតង់តែ៨ប៉ុណ្ណោះ ក្នុងចំណោម២៩ប្រទេស ដែលបានបង់ថវិកា ២ភាគរយនៃសេដ្ឋកិច្ចរបស់ពួកគេ។
ប្រទេសបារាំងបានបង់ថវិកា ១,៨២ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន ប៉ុន្តែក្រុងប៉ារីសបានប្រកាសថានឹងបង្កើនថវិកាខាងវិស័យយោធាដើម្បីសម្រេចតាមគោលដៅរបស់អង្គការអូតង់ត្រឹមឆ្នាំ២០២៥។ សហរដ្ឋអាមេរិកបានបង់ថវិកាចំនួន៣,១ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួនដែលមានទឹកប្រាក់ប្រាក់ចំនួន១៩,៤លានលានដុល្លារ៕